ក្រុង​ប៉ារីស៖ កីឡាករ​ Jorginho ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ អត់​ចូល ខណៈ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី បញ្ចប់​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម​ស្វ៊ីស ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup ប្រចាំ​តំបន់​អឺរ៉ុប កាល​ពី​ថ្ងៃ​អាទិត្យ​ តែ​លទ្ធផល​នេះ​មាន​ន័យ​ថា ក្រុម​របស់​លោក Roberto Mancini តាម​ទាន់​កំណត់ត្រា​ពិភព​លោក​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ ដែល​មិន​ចាញ់​សោះ​បន្ត​បន្ទាប់​គ្នា​។​

ក្រុម​អ៊ីតាលី​ ពេល​នេះ​មិន​ទាន់​​បរាជ័យ​នៅ​ឡើយ​ទេ ចំនួន ៣៦ ​ការ​ប្រកួត​​បន្ត​បន្ទាប់​គ្នា ដោយ​តាម​ស្មើ​នឹង​ស្ថិតិ​របស់​ក្រុម​ប្រេស៊ីល​ ក្នុង​ចន្លោះ​ឆ្នាំ ​១៩៩៣ និង​ឆ្នាំ​ ១៩៩៦​។​

លទ្ធផល​អាច​នឹង​មាន​ភាព​វិជ្ជមាន​ជាង​នេះ​ទៀត បើ​កីឡាករ Jorginho ស៊ុត​បាល់​ប៉េណាល់​ទី​អត់​ប្លាត​នៅ​នាទីទី​៥២ តែ​គួរ​ឱ្យ​ស្ដាយ ដែល​បាល់​របស់​​ខ្សែ​បម្រើ ក្នុង​ក្រុម​តោ​ខៀវ Chelsea រូប​នេះ មិន​គេច​ផុត​ពី​ដៃ​របស់​អ្នក​ចាំទី​របស់​ក្រុម​ស្វ៊ីស Yann Sommer​ បាន។

អ៊ីតាលី​មាន​ឱកាស​ជាច្រើន ក្នុង​ការ​​ដណ្ដើម​ជ័យជម្នះ​បាន តែ​ចុង​ក្រោយ​បាន​ត្រឹមស្មើ ដែល​ ១ ពិន្ទុ​នេះ នាំ​ឱ្យ​ពួក​គេ​ នៅ​តែ​ឈរ​ទី១ ក្នុង​ពូល C ជាមួយ​នឹង​ ១១ ពិន្ទុ ក្រោយ​បញ្ចប់ ៥ ហ្គេម ពោល​គឺ​នាំ​មុខ ៤ ​ពិន្ទុ ​លើ​​ក្រុម​លេខ ២ ស្វ៊ីស ដែល​ប្រកួត​តិច​ជាង​ក្រុម ២ លើក​។

លោក Mancini បាន​ប្រាប់​ទូរទស្សន៍ RAI ថា​៖ «​បាល់​មិន​ចូល​ក្នុង​ទី​សោះ​។ យើង​មាន​ឱកាស​យ៉ាង​ច្រើន​ថ្ងៃ​នេះ តែ​អត់​ឈ្នះ​ការ​ប្រកួត​។ យើង​ត្រូវ​តែ​មាន​ភាព​មុត​ស្រួច និង​ច្បាស់លាស់​ជាង​នេះ​ទៀត​»​។​

ក្រុម​របស់​លោក Mancini ធ្វើ​ដំណើរ​មក​​ប្រកួត​នេះ ជាមួយ​ខក​ចិត្ត​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​​ប៊ុលហ្គារី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​​​ដែល​ជា​ការ​ប្រកួត​ដំបូង​តាំង​ពី​​ក្លាយ​ជា​ជើងឯក​តំបន់​អឺរ៉ុប កាល​ពី​ ២ ​ខែ​មុន​។

អ៊ីតាលី​ត្រូវ​ប៉ះ​​ក្រុម​បាត​ពូល​លីទុយអានី នៅ​ផ្ទះ​ខ្លួន​នា​ថ្ងៃ​ពុធ ខណៈ​ដែល​ក្រុម​ស្វ៊ីស ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ក្រុម​លេខ ៤ អៀរឡង់​ខាង​ជើង​៕ AFP/VN