ភ្នំពេញ៖ បងប្អូន​រួម​ក្លិប​ត្រកូល «ខាំ» គឺ ខាំ ខ្លានាង និង ខាំ កូនខ្លា មិន​អាច​​យក​ឈ្នះ​លើ​ជើង​ខ្លាំង សែន រ៉ាដេត និង ធន់ អៀនឡៃ សម្រាប់​ការ​ប្រកួត​លក្ខណៈ​ម៉ាសហ្វៃ​ ១ ​ទឹក ​មាន​​ ៩ ​នាទី ដើម្បី​សម្រេច​បំណង ចំពោះ​ភាព​ខក​ចិត្ត​លើ​ការ​ចាញ់​ទាំង​មិន​អស់​ចិត្ត​កន្លង​មក​នោះ​ទេ គឺ​ការ​ប្រកួត​នេះ បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ទាំង​ ២ គូ ទៅ​តាម​ច្បាប់​កំណត់​របស់ Mas Fight។

តែ​ទោះ​ជា​លទ្ធផល​ស្មើ​​​គ្នា​យ៉ាង​នេះ​ក្តី ក៏​​អ្នក​រៀបចំ ​និង​ផ្គូផ្គង​កម្មវិធី​ប្រកួត​ប្រចាំ​នៅ​សង្វៀន​ប្រដាល់​ថោន​អះអាង​ថា ការ​ប្រកួត​សងសឹក​ទាំង​ ២ នេះ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ជា​ពិសេស​ការ​ប្រកួត​របស់ ខាំ ខ្លានាង និង សែន រ៉ាដេត ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​ ដែល​ទទួល​ការ​គាំទ្រ​ខ្លាំង ​និង​មាន​អ្នក​​ចូល​ទស្សនា​តាម​ផេច​ហ្វេសប៊ុក​កើន​ឡើង​ ២ ដង ​​ពោល​គឺ​ល្អ​ជាង​គូ​ដណ្តើម​ប្រាក់​លាន​ប្រចាំ​សប្តាហ៍​ទៅ​ទៀត​។​

តាម​ពិត​ ខាំ ​ខ្លានាង ​របស់​ក្លិប​ស្វាយ​ប៉ាក ​មិន​ធ្លាប់​ឈ្នះ ​សែន ​រ៉ាដេត ​របស់​​ក្លិប​នាយកដ្ឋាន​អង្គរក្ស​នោះ​ទេ​ គឺ​ជំនួប ​៣ ​លើក កន្លង​មក​បាន​ត្រឹមស្មើ​ ១ និង​ចាញ់​ ២ ​ដង ​តែ​រូប​គេ​នៅ​​មិន​ទាន់​អស់​ចិត្ត ​ចំណែក​​​ការ​ប្រកួត​តាម​លក្ខណៈ​​​ប្រដាល់​ម៉ាសហ្វៃ​នេះ ​លើក​នេះ ​ខ្លានាង ​មាន​ការ​ជឿជាក់​ពី​ដំបូង​ថា​ ​អាច​នឹង​យក​ឈ្នះ​​ រ៉ាដេត ​ប៉ុន្តែ​នៅ​តែ​ស្មើ​គ្នា ​តាម​ច្បាប់​ម៉ាសហ្វៃ គឺ​គ្មាន​អ្នក​សន្លប់ ឬ​សុំ​ចុះចាញ់ ត្រូវ​កំណត់​ស្មើគ្នា​។​

យ៉ាង​ណាក្ដី​​ ខាំ ​ខ្លានាង​ សប្បាយ​ចិត្ត​ខ្លាំង​​ពេល​បាន​ស្មើ​ ហើយ​អ្វី​ដែល​អស្ចារ្យ ​គឺ​មាន​​ពេល​ ៩ ​នាទី ​បញ្ចេញ​សមត្ថភាព ​ទោះ​មិន​អាច​ផ្តួល ​សែន ​រ៉ាដេត​ បាន​ និង​ចង់​ជួប​គ្នា​ម្តង​ទៀត។ ខ្លានាង បាន​បញ្ជាក់​ថា៖​ «​ខ្ញុំ​នៅ​តែ​ចង់​ប្រកួត​ជាមួយ ​សែន ​រ៉ាដេត ​ទៀត ​នៅ​សង្វៀន​នេះ ​ដើម្បី​សាង​ប្រវត្តិ​​ឈ្នះ​ឱ្យ​បាន​ ហើយ​ជា​លើកទី​១ ​ដែល​ខ្ញុំ​បាន​ប្រកួត​ក្នុង​ម៉ាសហ្វៃ​ ដែល​មាន​ការ​គាំទ្រ​ច្រើន ​និង​បាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​​ជាង​ពេល​មុនៗ​»។

ចំណែក ​សែន ​រ៉ាដេត​ ក៏​បាន​សរសើរ​ពីភាព​ខ្លាំង​របស់ ខាំ ខ្លានាង ​ផង​ដែរ ​ហើយ​​​រូប​គេ​រីករាយ​ជានិច្ច បើ​​មាន​ការ​ជួប​គ្នា ជា​លើកទី​៤ ជាមួយ ខ្លានាង។ រ៉ាដេត បាន​បញ្ជាក់​ថា៖​ «​​ខាំ ​ខ្លានាង ​ពិត​ជា​ខ្លាំង​មែន ​ខ្ញុំ​មិន​អាច​មើល​រំលង​គាត់​បាន​ទេ​ តែ​​ប្រសិន​បើ​មាន​ជំនួប​លើក​ទី​៥ ​ខ្ញុំ​នៅ​តែ​ស្វាគមន៍​ជានិច្ច»​។

ដោយ​ឡែក ការ​ប្រកួត​សងសឹក​របស់ ខាំ​ កូនខ្លា ​ទៅ​លើ ​ធន់ ​អៀនឡេង ដើម្បី​បញ្ចប់​​មន្ទិល​ពី​ភាព​ចម្រូងចម្រាស​នៅ​ពេល​ចៅក្រម​សម្រេច​ឱ្យ អៀនឡេង ឈ្នះ​ពិន្ទុ កូនខ្លា កាល​ប្រកួត​ដណ្តើម​ប្រាក់​លាន​នោះ ​គឺ​បាន​​ទាក់ទាញ​នូវ​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ខ្លាំង ​សម្រាប់​​ការ​ប្រកួត​យ៉ាង​​ស្វិតស្វាញ ​​៩ ​នាទី​ពេញ​ តែ​អ្នក​ទាំង​ ២ ត្រូវ​​ប្រកាស​ឱ្យ​ស្មើ​គ្នា តាម​ច្បាប់​ម៉ាសហ្វៃ ក្រោយ​គ្មាន​អ្នក​សន្លប់ ដូច​គូ ខាំ ខ្លានាង និង សែន រ៉ាដេត ដែរ​។​​

លោក ​ជួប ​វុត្ថា ​អ្នក​ផ្គូផ្គង ​និង​ជា​អ្នក​សម្របសម្រួល​កម្មវិធី​នៅ​សង្វៀន​ថោន​បាន​និយាយ​ថា៖​ «​​សម្រាប់​គូ​ប្រកួត​សងសឹក​នេះ ​ប្រកួត​គ្នា​ល្អ​ដូច​ក្តី​រំពឹង​មែន ​គឺ​ល្អ​ជាង​គូ​ដណ្តើម​ប្រាក់​លាន​ប្រចាំ​សប្តាហ៍​ទៅ​​ទៀត ហើយ​អ្វី​ដែល​ទទួល​បាន​ការ​កោត​សរសើរ ​គឺ​មាន​អ្នក​ចូល​មើល​​ តាម​ផេច​ហ្វេសប៊ុក​របស់​ថោន ​ដែល​កំពុង​ផ្សាយ​ផ្ទាល់​ក្នុង​គូ​នេះ​ ចំនួន 9.3K ​ហើយ​ពេល​ប្រកួត​ចប់ ​មាន​អ្នក​ចូល​​មើល​ដល់​ទៅ​ចំនួន ​163K ឯណោះ​ គឺ​ក្នុង​ចំណោម​កម្មវិធី​ប្រដាល់​កន្លង​មក​ មិន​ធ្លាប់​ទទួល​បាន​អ្នក​ចូល​មើល​ដល់​ចំនួន​នេះ​ទេ ​ហេតុ​នេះ​ គឺ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​ និង​ពេញ​និយម ដែល​​គាំទ្រ​ពេញ​ទំហឹង​ពី​មហាជន ​និង​ខាង​ស្ប៉នស័រ»​៕