ញូវយ៉ក៖ Novak Djokovic រាង​លំបាក​បន្តិច តែ​បាន​​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​រង្វង់​នៃ​ការ​ប្រកួត​តែ ៣ ​លើក​ទៀត​​ប៉ុណ្ណោះ ​ដើម្បី​អាច​​បញ្ចប់​សព្វ​គ្រប់​យ៉ាង​ជោគជ័យ​​សម្រាប់​កាល​វិភាគ​នៃ​ប្រកួត​ប្រជែង​វាយ​កូន​បាល់ (តិន្នីស) ដណ្ដើម​ពាន​លំដាប់ Grand Slam ប្រចាំ​ឆ្នាំ​ ផ្នែក​បុរស​ដំបូង​គេ ក្នុង​រយៈពេល ៥២ ​ឆ្នាំ បន្ទាប់​ពី​​ផ្ដួល​កីឡាករ​​អាមេរិក​​​​ Jenson Brooksby ក្នុង​ការ​ប្រកួត​នៃ​កម្មវិធី US Open កាល​ពី​ថ្ងៃ​ចន្ទ​។

កីឡាករ​លំដាប់​លេខ ១ ពិភព​លោក Djokovic បាន​ឆ្លង​ផុត​កីឡាករ​លំដាប់​លេខ ៩៩ ពិភព​លោក Brooksby ជាមួយ​នឹង​ការ​​ភ្លាត់​ចាញ់​សិត​ដំបូង ក្នុង​លទ្ធផល​មិន​គួរ​ឱ្យ​ជឿ ១-៦ តែ​អាច​វាយ​បក​យក​ឈ្នះ​ ៣ សិត​ជាប់​គ្នា​វិញ ដោយ​ពិន្ទុ ៦-៣ ៦-២ និង ៦-២​ ដើម្បី​កក់​កៅអី​នៅ​វគ្គ ៨ ​នាក់​ចុង​ក្រោយ ដោយ​ឡើង​ទៅ​ប៉ះកីឡាករ​លំដាប់​លេខ ៧​ ពិភព​លោក​សញ្ជាតិ​អ៊ីតាលី Matteo Berrettini ដែល​គេ​ទើប​ផ្ដួល​​​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​​កម្មវិធី Wimbledon របស់​អង់គ្លេស កាល​ពី​ខែ​កក្កដា​​។

ស៊ុបភើស្តារ​​សញ្ជាតិ​ស៊ែប៊ី​វ័យ ៣៤ ​ឆ្នាំ នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​គេ គិត​តាំង​អតីត​កីឡាករ​អូស្ត្រាលី Rod Laver ក្នុង​ឆ្នាំ​ ១៩៦៩ ដែល​មាន​លទ្ធភាព​ប្រមូល​បាន​ទាំង​អស់​នូវ​ពាន​រង្វាន់​ធំៗ​ ក្នុង​ឆ្នាំ​តែ ១ ដោយ​ការ​អាច​កា្លយ​ជា​ជើងឯក​កម្មវិធី US Open ជា​លើក​ទី៤​​។

លើស​ពី​នេះ​ទៀត Djokovic ក៏​ប្រឹងប្រែង​ ដើម្បី​បាន​ឈ្នះ​ពាន​លំដាប់ Gand Slam ជាលើក​ទី២១ ផង​ដែរ ដែល​វានឹង​ធ្វើ​ឱ្យ​រូប​គេ​លើស ១ ​ដង លើ​​កីឡាករ​ស្វ៊ីស Roger Federer និង​កីឡាករ​​អេស្ប៉ាញ Rafael Nadal ដែល​​អត្តពលិក​ឆ្នើម​ទាំង ២ អវត្តមាន​ដូច​គ្នា ក្នុង​កម្មវិធី​នេះ ដោយសារ​របួស​។

រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​រយៈពេល​វែង​ ទំនង​ជា​អាច​នឹង​កើត​​ឡើង​ពេល​កីឡាករ​ Brooksby វ័យ ២០ ​ឆ្នាំ​ ដែល​មាន​សិទ្ធិ​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ ដោយ​មិន​បាច់​ឆ្លង​កាត់​វគ្គ​ជម្រុះ និង​ដែល​មិន​ធ្លាប់​ជួប​​ Djokovic ពី​មុន​មក​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​នៅ​សិត​ទី១ ដោយ​ដណ្ដើម​បាន​ជ័យជម្នះ​ជាមួយ​នឹង​ការ​ប្រើ​ពេល ២៩ ​នាទី​។​

«​រូប​គេ វាយ​បាន​ឥត​ខ្ចោះ ក្នុង​សិត​ទី១​។ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់​។ ខ្ញុំ​នៅ​តែ​ព្យាយាម​​រក​ឱ្យ​ឃើញ​នូវ​ទំនុក​ចិត្ត​របស់​ខ្ញុំ​នៅ​ទីលាន។ ខ្ញុំ​ត្រូវ​និយាយ​ថា វា​មិន​មែន​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​​ទេ​។ Brooksby ​រៀប​ចំ​ហ្គេម​នេះ​បាន​យ៉ាង​ច្បាស់​លាស់​។ គេ​លេង​បាន​​ល្អ ១ សិត កន្លះ»​។ នេះ​ជា​សម្ដី​របស់​ Djokovic​។

កីឡាករ Djokovic បាន​បន្ថែម​ថា​៖ «​បន្ទាប់​ពី​នោះ​ ខ្ញុំ​ចាប់​ផ្ដើម​វាយ​បាន​ច្បាស់​ជាង​។ នៅ​ពេល​ណា​ក៏​ដោយ​ដែល​ខ្ញុំ​ត្រូវ​វាយសឺវីស ខ្ញុំ​បាន​រក​ឃើញ​ទី​តាំង​បាន​យ៉ាង​ល្អ។ តែ​វា​ពាក់ព័ន្ធ​នឹង​រាង​កាយ ព្រោះ​រាង​អស់​កម្លាំង​បន្តិច ដោយសារ​ធ្វើ​ការ​ប្រកួត​​យូរ​ពេក​»​៕ AFP/VN