ភ្នំពេញ៖ បន្ទប់​ពី​ត្រឡប់​មក​ពី​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ចូល​រួម​ចំ​ណែក ​ក្នុង​វិស័យ​កីឡា​ប្រយុទ្ធនៅ​កម្ពុជា​ លោក​ព្រឹទ្ធា​ចារ្យ ​សេង ​ប៊ុន​សុង​ ​បាន​ឆ្លៀត​ឱកាស​ចុះ​សួរ​សុខ​ទុក​កីឡាករ ​និង​បង្ហាញ​ស្នៀត​ និង​ក្បាច់​ប្រយុទ្ធ​គុន​ចម្រុះ ​ជូន​ដល់​បណ្តា​ក្លិប​ធំៗ​ ដែល​មាន​កីឡាករ​ល្បីៗ​ ដោយ​ក្នុង​រយៈ​ពេល​ ៣​ ខែ​មក​នេះ លោក​​បានចុះ​ចែករំលែកក្បាច់គុនប្រយុទ្ធ ដល់​​​ក្លិបចំនួន​៤​ហើយ ​ក្នុង​នោះ នៅ​​ខេត្ត​ចំនួន ​២ ​និង​រាជ​ធានី​ ចំនួន ​២ ​ក្លិប​។​

ការ​ទៅជួយ​បង្ហាត់​បង្ហាញ​ស្នៀត​ និង​ក្បាច់​ប្រយុទ្ធ​គុន​ចម្រុះ ​ជូន​ដល់​បណ្តា​ក្លិប​ធំៗ នៅកម្ពុជានេះ ជា​សកម្មភាព​ស្ម័គ្រចិត្ត​ ដែល​លោក​ សេង​ ប៊ុន​សុង ​អះអាង​ថា​ ជា​កិច្ច​ការ​ដែល​លោក​​និយម​ចូល​ចិត្ត ​និង​ស្រឡាញ់​រាប់​អាន ​ជា​មួយ​កីឡាករ ​គ្រូ​បង្វឹក ​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ រួម​​សហការ​បង្វឹក​នូវ​បច្ចេក​ទេស​ល្អៗ ​ថ្មីៗ​ ជូន​ដល់​អត្តពលិក​របស់​កម្ពុជា​យើង​ ក្នុង​ក្បាច់​គុន​កីឡា​ប្រ​យុទ្ធ​សម្រាប់​អនាគត​។​

ជាមួយគ្នានេះ ​ ​ដោយ​មាន​ការ​សម្រប​សម្រួល​ពី ​លោក​ វ៉ាត់​ ចំរើន ​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) ​ព្រមទាំង​​ក្រសួង​អប់​រំ ​យុវជន ​និង​កីឡា​ គឺ​បាន​ត្រៀម​បង្កើត​សមាគម​កីឡា​គុន​ចម្រុះ​កម្ពុជា​ ឱ្យ​ក្លាយ​ទៅ​ជា​សហព័ន្ធ​កីឡាគុន​ចម្រុះ​កម្ពុជា​ ក្នុង​ពេល​ឆាប់ៗ​ ដែល​ក្នុង​នោះ​ នឹង​ផ្តល់​ជូន​លោក​គ្រូ ​សេង​ ប៊ុន​សុង ​ជា​នាយក​បច្ចេក​ទេស​ និង​ជា​អនុ​ប្រធាន​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា​ផង​ដែរ​។​

លោក​គ្រូ សេង ប៊ុនសុង (កណ្តាល) ពេលថតរូប​រួមគ្នាជាមួយ​ក្រុមគ្រូបង្វឹក និងកីឡាក នៅក្នុងក្លិប​ Cambodia Top Team​។ រូប សហការី

លោក​ វ៉ាត់ ​ចំរើន​ ក្នុង​នាម​ប្រធាន​សមាគម​កីឡា​គុន​ចម្រុះ​កម្ពុជា​ ផង​នោះ បានប្រាប់​ថា​៖​«សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា​ (MMAA) ​នឹង​បង្កើត​ឡើង ដោយ​​យើង​បាន​ត្រៀម​រួច​រាល់​ ដើម្បី​ធ្វើ​មហា​សន្និបាត​ជា​ថ្មី​ឡើង​វិញ​ ​ព្រោះ​កន្លង​មក ​យើង​មាន​ត្រឹម​សមាគម​ប៉ុណ្ណោះ​ ក្នុង​នោះ​យើង​បាន​ដំណើរ​ការ​សន្សឹមៗ​ ជា​បន្ត​បន្ទាប់ ​តាម​លទ្ធភាព​ទី​ផ្សារ ហើយ​​​ឥឡូវ​យើង​​បាន​​ឯក​ភាព​គ្នាថា ​នឹង​ប្រគល់​ភារកិច្ច​ជូន ​លោកគ្រូ​ សេង​ ប៊ុន​សុង ​ដឹក​នាំ​គ្រប់​គ្រង​ខាង​បច្ចេកទេស​បង្វឹក ​ដើម្បី​ធ្វើ​ឱ្យ​សហព័ន្ធ​កីឡា​មួយ​នេះ​ មាន​ប្រជា​ប្រិយ ​កាន់​តែ​ខ្លាំង​ ឈាន​ចូល​ទៅ​ក្នុង​កម្រិត​អាជីព»​។

លោក​​បាន​បន្ថែម​ថា​ ក្នុង​ផែន​ការ​សម្រាប់​កីឡា​ប្រយុទ្ធ​មួយ​នេះ ​បាន​ត្រៀម​ទី​តាំង​ហ្វឹក​ហាត់ ​ទីលាន​ប្រ​កួត​លើ​ដី​ ដែល​មាន​ទំហំ​ជិត ​២​ ហិតា ​នៅ​ឯ​ជាយ​ខាង​ជើង​រាជ​ធានី​ភ្នំពេញ ​គឺ​នៅ​ជិត​ខាង​ទំនប់​កប់​ស្រូវ​។ ​តាម​ការ​រៀប​ចំ ​គឺ​ក្នុង​មួយ​ឆ្នាំ ​មាន​ការ​ប្រ​កួត​កម្រិត​ពិភព​លោក​ម្តង ​និង​ប្រកួត​លក្ខណៈ​អាជីព​កម្រិត​អាស៊ី ​អាស៊ាន ​ឬ​ថ្នាក់​ជាតិ ​ជា​បន្ត​បន្ទាប់ ​ទៅ​តាម​ជាក់​ស្តែង។

«​ប៉ុន្តែ​ឥឡូវ​គម្រោង​ការ​ងារ​នេះ ​មិន​ទាន់​រលូន​បាន​លឿន​នៅ​ឡើយ​ ព្រោះ​​បញ្ហា​កូ​វីដ​ ១៩ ​វាយ​លុក​ខ្លាំង​ពេក អ៊ីចឹង​​យើង​រក្សា​តាម​វិធាន​ការ​របស់​ក្រ​សួង​សុខា​ភិបាល​។ តែ​​យ៉ាង​ណា ក៏យើង​នៅ​បាន​កោះ​ប្រជុំ​តាម​អនឡាញ ​និង​រៀប​ចំ​ជា​បណ្តើរៗ»។ លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម។​​

ចំណែក​​ព្រឹទ្ធា​ចារ្យ​ សេង​ ប៊ុន​សុង​ ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មក​ពី​សហរដ្ឋ​អាមេរិក​ ​បាន​​ជាង ​៣ ​ខែ​ហើយ​ ដោយ​រង់​ចាំ​ទទួល​ការងារ​បង្វឹក​កីឡា​ប្រ​យុទ្ធ​នេះ​ ក្រោម​ការ​ចង្អុល​បង្ហាព​ពី​ឯក​ឧត្តម ​វ៉ាត់​ចំរើន ​ប៉ុន្តែ​យើង​នៅ​មាន​ឧបសគ្គ ​ដោយ​សារ​តែ​កូវីដ​ ១៩ ​នេះ​ មិន​ទាន់​ជួប​ជុំ​គ្នា ​បាន​នៅ​ឡើយ​។​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​នៅ​តែ​ឆ្លៀត​ឱកាស​បាន​ទៅ​សំណេះ​សំណាល​ជា​មួយ​ក្លិប​ល្បីៗ​មួយ​ចំនួន​ និង​​បាន​បង្ហាញ​ពី​បច្ចេក​ទេស​មួយ​ចំនួន ​ដូច​ជា​ក្បាច់​ចាប់ ​ក្បាច់​ឱប​ ឬ​ក្លេ​បោក ​ជា​ដើម ​ដល់​កីឡាករ​ល្បីៗ​មួយ​ចំនួន​របស់​​យើង​»។​

លោក​គ្រូ ​សេង​ ប៊ុន​សុង បាន​​បន្ថែម​ថា៖​ «​​មួយ​រយៈ​​នេះ​ ខ្ញុំ​បាន​ទៅ​បង្ហាញ​ក្បាច់​គុន ​នៅ​សាលាគុន​ស៊ិន​ត្រាល់ ​នៅ​ខេត្ត​បាត់​ដំបង​របស់​លោក​គ្រូ​ហេង ​ដែល​មាន​ហាត់​ភាគ​ច្រើន​លើប្រភេទ​​កីឡា​ប្រយុទ្ធ​ហាប់​ឡី​ដូ ​​បន្ទាប់​មក​ខ្ញុំ​ចេញ​ទៅ​បង្ហាញ​ក្បាច់​គុន ​នៅ​សាលាគុន​ល្បុក្កតោ​ខេត្ត​សៀម​រាប​របស់​លោក​គ្រូ​ សេរី ​ដែលគាត់​ទើបតែ​ស្លាប់​ថ្មីៗ​នេះ រួច​ខ្ញុំ​បន្ត​មក​បង្ហាញ​ក្បាច់​គុន​ នៅ​ក្លិប​នាយក​ដ្ឋាន​អង្គរក្ស របស់​លោក​គ្រូ​ ស៊ន​ អេលីត ​នៅ​ភ្នំពេញ​ និង​បាន​ទៅ​បង្ហាញ​បច្ចេកទេស​នៅ​ក្លិប​គុន​ចម្រុះ​ MMA Cambodia Top Team​ នៅ​ទួល​​ទំពូង​ផង​ដែរ​»។

ព្រឹទ្ធាចារ្យកីឡា​គុនចម្រុះដ៏​មានទេពកោសល្យ​រូបនេះ ​​បានបញ្ជាក់​​ថា​៖ «​ទោះ​ជា​បញ្ហា​កូវីដ​១៩​ មិន​ទាន់​ធូរ​ស្បើយ​ ហើយ​ការ​ប្រជុំ​ធ្វើ​មហា​សន្និបាទ​ជា​ផ្លូវ​ការ ​មិន​ទាន់​បាន​ជួប​ជុំ​គ្នា​ផ្ទាល់​ តែ​យើង​ប្រជុំ​ស្គាល់​គ្នា​តាម​ប្រព័ន្ធ ​ZOOM ​ដើម្បី​សម្រប​សម្រួល​ការ​ងារ​ឱ្យ​​បាន​យល់​ពី​ទិស​ដៅ​ជា​បណ្តើរៗ​»។​

ចំណែក​លោក​ ហ៊ុន​ ចាន់​រាជ ​ម្ចាស់​​ក្លិប​​ Cambodia Top Team​ និង​ជា​គ្រូ​បង្វឹក ​MMA​ដែលបាន​ដឹកនាំ​កីឡាករ​កម្ពុជា ចេញ​ទៅប្រកួត នៅលើ​ឆាក​អន្តរជាតិ បានជា​ច្រើន​លើក​នោះ បាន​​​និយាយ​ថា​៖ «​វត្តមាន​របស់​លោក​គ្រូ​ សេង​ ប៊ុន​សុង ​គឺ​បាន​នាំ​មកនូវ​​​បច្ចេកទេស​ល្អៗ​ ​ពង្រឹង​បន្ថែម​ដល់​កីឡាករ​យើង ​ដើម្បី​ចេញ​ទៅ​ប្រ​កួត​មាន​លទ្ធផល​ល្អ​ជ័យ​ជម្នះ ​សម្រាប់​កម្ពុជា​​យើង»​៕​​