ចូហានណេសប៊ើក៖ ​២ គ្រាប់ ក្នុង​រយៈ​ពេល ៩ ​នាទី ​ពី​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​​ West Ham កីឡាករ Sebastien Haller ​​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​កូតឌីវ័រ​មាន​ជ័យ​ជម្នះ ២-១ លើ​ក្រុម​ភ្ញៀវ​កាមេរូន អំឡុង​ការ​ប្រកួត​ ក្នុង​ក្រុង​អាប៊ីហ្សង់ កាល​ពី​ថ្ងៃ​ចន្ទ សម្រាប់​​​វគ្គ​ជម្រុះ World Cup ជុំ​ទី២ ​នៅតំបន់​អាហ្វ្រិក។

កីឡាករ Haller ដែល​ផ្លាស់​ទៅ​លេង​ឱ្យ​ក្រុម​នៅ​ហូឡង់ Ajax Amsterdam កាល​ពី​ខែ​មករា​កន្លង​ទៅ បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី ១៤ ​គ្រាប់​ ពី​ការ​ចូល​លេង ៥៤ ​ដង ឱ្យ​ក្រុម​ញញួរ​ធំ West Ham ធ្វើ​សម្រេច​គ្រាប់​នាំ​មុខ​ដំបូង​ នៅ​នាទីទី​២០ ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី ហើយ ៩​នាទី​​ក្រោយ​មក ក៏​មាន​ឱកាស​បន្ថែម ១ គ្រាប់​ទៀត​ ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ នាំមុខ ២-០ នៅ​វគ្គ​ទី១​។​

ក្រុម​ភ្ញៀវ​កាមេរូន​ ទទួល​បាន​​បាល់​ពិន័យ ១១ ម៉ែត្រ នៅ​វគ្គ​ទី​២ ហើយ​ខ្សែ​បម្រើ​ស្លាប Moumi Ngamaleu ក៏​ទម្លុះ​សំណាញ់​ទី​ជាមួយ​ការ​ទាត់​បាល់​ពិន័យ​នេះ ដើម្បី​កាត់​បន្ថយ​ការ​នាំ​មុខ​​មក​ត្រឹម​ ១ គ្រាប់​ ខណៈ​ដែល​លទ្ធផល ២-១ នេះ​បាន​បន្ត​ដល់​ចប់​ការ​ប្រកួត​ផ្លូវ​ការ​​សម្រាប់​ពូល​ដ៏​តឹងតែង​ក្នុង​វគ្គ​ជម្រុះ​នេះ​។​

ក្រុម​កូតឌីវ័រ ឡើង​ទៅ​ឈរ​លេខ ១ ក្នុង​ពូល D ដោយ​មាន ៤ ពិន្ទុ​ ក្រោយ​បញ្ចប់ ២ ហ្គេម ក្រុម​លេខ ២ ​កាមេរូន​មាន ៣ ពិន្ទុ ហើយ​ក្រុម​លេខ ៣ ម៉ូហ្សំប៊ិក ដែល​មាន​ ១ ពិន្ទុ និង​ក្រុម​បាត​ពូល​ម៉ាឡាវី ដែល​គ្មាន​ពិន្ទុ ត្រូវ​ប៉ះ​គ្នា​ក្នុង​ប្រកួត​បន្ទាប់ (យប់​ថ្ងៃ​អង្គារ)​។

សម្រាប់​ពូល D ជា​ពូល​តែ ១ គត់​ ក្នុង​ចំណោម​ប្រទេស​ទាំង ១០​ នៅ​តំបន់​អាហ្វ្រិក​នេះ ដែល​មាន​ការ​ជួប​គ្នា​រវាង​ក្រុម​ស្ថិត​ក្នុង​ចំណោម​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០ ប្រចាំ​ទ្វីប​នេះ ដោយ​ក្រុម​កូតឌីវ័រ នៅ​លេខ ១២​ កាល​ពី​ការ​ចាប់​ឆ្នោត ត្រូវ​បាន​ធ្វើ​ឡើង ២ ​ឆ្នាំ​មុន​។​

ជាមួយ​គ្នា​នេះ សម្រាប់​ការ​ប្រកួត​ក្នុង​ពូល G ដែល​អាច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពូល​ដ៏​តាន​តឹង​ដែរ​នោះ ក្រុម​ជម្រើស​ជាតិ​អាហ្វ្រិក​ខាង​ត្បូង យក​ឈ្នះ​ក្រុម​ហ្គាណា ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ១-០ នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​តាមរយៈ​​គ្រាប់​បាល់​នៅ​នាទីទី​៨៣ របស់​កីឡាករ​​ Bongokuhle Hlongwane ហើយ​ឡើង​ទៅ​ឈរ​ប្រធាន​ពូល​ជា​បណ្ដោះអាសន្ន​ជាមួយ​នឹង​ការ​មាន ៤ ពិន្ទុ​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ទី២ នេះ៕ AFP/VN