ភ្នំពេញ៖ គម្រោង​នៃ​ការ​​រៀប​ចំការ​​ប្រ​កួត​កីឡាគុនល្បុក្កតោ ជើងឯក​អាស៊ី​អាគ្នេយ៍ ​ជា​លើក​ដំបូង នៅ​ខែ​តុលា​ ឆ្នាំ​ ២០២១ របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ដែល​បាន​ទទួលការ​អនុញ្ញាត​ជា​គោល​ការណ៍​ ពី​រាជ​រដ្ឋាភិបាល​រួច​ហើយនោះ ​ត្រូវ​បាន​លើក​ពេល​ទៀត​ហើយ ​ដោយ​មាន​ការ​រំខាន​​ពី​ជំងឺ​​កូ​វីត ​១៩ ​រាត​ត្បាត​ចូល​ក្នុង​សហគមន៍​។

យ៉ាង​ណា​ក៏​ដោយ​ ប្រភព​ពី​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​ឱ្យ​ដឹង​ថា គម្រោង​ត្រៀម​រៀប​ចំការ​​ប្រ​កួតកីឡា​​គុនល្បុក្កតោ ជើង​ឯក​​អាស៊ី​អាគ្នេយ៍ ​ជា​លើក​ដំបូង នៅកម្ពុជានេះ នឹងលើក​​ទៅ​រៀប​ចំ​នៅ​ឆ្នាំ​ ២០២២ ​វិញ ​ចំណែក​​កម្ម​វិធី​ប្រ​កួត​ជើង​ឯក​ថ្នាក់​ជាតិ ​និង​វគ្គ​បណ្តុះ​បណ្តាល​មួយ​ចំនួន​ទៀត​ ក្នុង​គម្រោង​​ឆ្នាំ​ ២០២១ នេះ ​នៅ​មិន​ទាន់​កំណត់​ចាក់​លាក់​នៅ​ឡើយទេ ​ដោយ​រង់​ចាំ​បទ​បញ្ជា​ពី​ក្រ​សួង​អប់​រំ​ យុវជន ​និង​កីឡា​ ក៏​ដូចជា​ក្រ​សួង​សុខាភិបាល ​ជាមុនសិន​។​

លោក​ អ៊ូ ​តារា ​អគ្គ​លេខាធិការ​រង​​​សហព័ន្ធ​កីឡាគុន​ល្បុក្កតោ​កម្ពុជា បាន​ប្រាប់នៅ​ថ្ងៃអង្គារ​​ថា​៖ «តាម​​គម្រោងពីដំបូង យើង​ត្រូវ​​រៀប​ចំ​​ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ ​​នៅ​ខែ​តុលា​ ឆ្នាំ​២០២១ ​ប៉ុន្តែ​គោល​ការណ៍​នៃ​ការ​ធ្វើ​​​ចត្តាឡីស័ក ដែល​បាន​​កំណត់​កីឡាករ ​ឬ​ប្រ​តិភូ​ចេញ​ចូល​ប្រ​ទេស​ចំនួន​ ១៤ ​ថ្ងៃ​នោះ​ គឺ​ជា​បញ្ហា ​ដែល​លំបាក​ មិន​អាច​រៀប​ចំ​ប្រកួត​បាន​ ចំណែក​​​ប្រតិភូកីឡា​​ចំនួន​ ៥​ ប្រទេស ដែល​​ត្រៀម​ចូល​រួម​​ការ​​ប្រ​កួតនេះ ​មាន​ប្រ​ទេស​វៀត​ណាម ​ឡាវ​ ​មីយ៉ាន់​ម៉ា ​​និង​ហ្វី​លីពីន​ សុទ្ធ​តែ​មាន​បញ្ហា​កូវីដ ១៩ ​លុក​លុយ​ដូច​គ្នា»​។

​​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោកម្ពុជា វ័យក្មេង​រូបនេះ ​​បាន​បញ្ជាក់​ថា៖ ​«សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ ដែល​បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​កន្លង​មក​នោះ​ គឺ​បាន​ខិត​ខំ​ខ្លាំង​ណាស់​ ដើម្បី​សម្រួច​ទៅ​ប្រ​កួត​ឱ្យ​​មាន​លទ្ធផល​ល្អ​ ប៉ុន្តែ​បញ្ហា​លើក​ពេល​នេះ​ គឺ​នឹង​ឆ្លង​ចូល​ដល់​ឆ្នាំ​ ២០២២ ​ហើយ ​ទើប​រៀប​ចំ​ព្រឹត្តិការណ៍​ប្រ​កួត​នេះ​បានវិញ»​។​

ជាមួយគ្នា​នេះ លោក​ អ៊ូ តារា បានប្រាប់ថា ក្នុង​ឆ្នាំ ​២០២១ ​នេះ​ ក្រ​សួង​អប់​រំ ​យុវជន និង​​កីឡា ​បាន​អនុញ្ញាត​ឱ្យ​​កីឡា​គុន​ល្បុក្កតោ​ មាន​ជម្រើស​ជាតិ​ចំនួន​សរុប ​២៨​ នាក់​ និង​មាន​គ្រូ​បង្វឹក​ ៤​ នាក់​ ដោយ​សារ​តែ​ជា​ប្រភេទ​កីឡា​ប្រពៃ​ណី ​មាន​សក្តានុពល​ល្អ​​ ហើយ​ក្នុងវិបត្តិ​ជំងឺកូវីដ​​១៩នេះ ​​យើង​រក្សា​បាន​នូវ​គោល​​ការណ៍​ហាត់​តាម​អន​ឡាញ (​ZOOM) ៥០ ​ភាគ​រយ និង​ប្រមូល​ផ្តុំ ​៥០ ​ភាគ​រយ ដើម្បី​​រក្សា​កម្រិត​បច្ចេកទេស​ឱ្យ​​ល្អ​។​

ចំណែក​លោក​ វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ​សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ​បាន​ប្រាប់​បន្ថែម​ថា ​មូល​ហេតុ ​នៃ​​ការ​លើក​ពេលការ​​ប្រ​កួតកីឡា​គុនល្បុក្កតោ ជើង​ឯក​​អាស៊ាន ​ជា​លើក​ដំបូងនេះ ​គឺ​​ទី​១ មក​ពី​បញ្ហា​ការ​ឆ្លង​ប្រទេស​ ត្រូវ​បាន​រឹត​បណ្តឹង ​ដោយ​ជាប់​ចត្តាឡីស័ក​ចំនួន ​១៤ ​ថ្ងៃ ​នោះ​ជា​ការ​លំបាក​បំផុត​។

ចំណែក​​បញ្ហា​ទី​២ ​លោក វ៉ាត់ ចំរើន ថា សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ​បាន​សន្យា​ជា​មួយ​ប្រទេស ​ដែល​ចុះ​ឈ្មោះ​មក​ប្រ​កួត​ទាំងនោះ​​ថា ​នឹង​បញ្ជូន​គ្រូ​បង្វឹក​មន្ត្រី​បច្ចេកទេស ​គ្រូ​បង្វឹក ​និង​គ្រូ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម​អន្តរជាតិ ​ទៅជួយ​បង្វឹក និងណែនាំ​ពី​​លក្ខខណ្ឌ​នៃ​ការ​ប្រកួតដល់បណ្តាប្រទេសទាំង​នោះ ​ប៉ុន្តែ​ត្រូវ​បាន​ខក​ខាន ​ដោយ​កូវីដ ១៩​ នេះ អ៊ីចឹង​វា​បាន​ក្លាយ​ជាបញ្ហា​​ចោទ​មួយ​​​បន្ថែម​ទៀត ​ដែលគេ​​មិន​ចង់​ចូល​រួម ​ហេតុនេះ​យើង​ក៏​ស្នើ​សុំ​យោបល់​​ទៅ​រាជ​រដ្ឋាភិបាល ​ដើម្បី​លើក​ពេល​។​ ​

គួរ​​បញ្ជាក់​ថា​ ​កីឡាគុន​ល្បុក្កតោ​កម្ពុជា​ មាន​វិញាសា​ប្រកួត ​ដែល​មាន​អាទិភាព​ចំនួន​ ​២០ ​វិញ្ញាសា ក្នុង​នោះ​មាន​វិញ្ញាសា​សម្តែង​ទម្រង់​មេ​គុន ​និង​វិញ្ញាសា​ប្រយុទ្ធ​ ហើយ​គោលបំណងធំ នៃ​ការ​រៀបចំឱ្យមានការប្រកួតកីឡាគុនល្បុក្កតោ​ជើងឯកអាស៊ាននៅកម្ពុជាជា​លើកដំបូងនេះ គឺ​ដើម្បីសម្រួច​ទិសដៅ ទៅរកការ​ទទួលបាន​ជោគជ័យ កាន់តែ​ធំ នៅពេលកម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ​ ២០២៣ ខណៈ​គុនល្បុក្កតោ ជា​ក្បាច់គុន​ព្រលឹង​វប្បធម៌ និង​អត្តសញ្ញាណ​ប្រពៃណី​ជាតិ​ខ្មែរ ដែល​ត្រូវតែ​ដាក់ឱ្យមានការប្រកួត នៅស៊ីហ្គេម ឆ្នាំ​ ២០២៣៕