ភ្នំពេញ៖ អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង លោក ​ធន់ ​សុភា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ដែល​ទទួល​បាន​ជោគជ័យ​នៅ​លើ​វិថី​កីឡា​ប្រដាល់​គុន​ខ្មែរ តាំង​ពី​នៅ​ជា​កីឡាករ​រហូត​ដល់​បច្ចុប្បន្ន ដោយ​លោក​បាន​វិវឌ្ឍ​ខ្លួន​ទៅ​ជា​អាជ្ញា​កណ្ដាល​ចៅក្រម និង​គ្រូបង្វឹក​ដ៏​មាន​ស្នាដៃ​ម្នាក់ ​នៅ​សមាគម​កីឡា​ប្រដាល់​កងយោធពល​ខេមរភូមិន្ទ​ ជាមួយ​ការ​មាន​ឋានៈ​ជា​វរសេនីយ៍​ត្រី ​(ស័ក្តិ​ ៤​)​ ហើយ ធន់ សុភា ​ក៏​ជា​ជំនួយ​ការ​ផ្គូផ្គង​កីឡា​ប្រដាល់​ឱ្យ​សង្វៀន​បាយ័ន​ផង​ដែរ​។

ជាមួយ​ការ​​បាន​ជោគជ័យ ​ក្នុង​វិស័យ​​កីឡា​នេះ ធន់ សុភា ​ធ្លាប់​បាន​ស្នាដៃ ជា​កីឡាករ​ឆ្នើម​ម្នាក់ ដោយ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន​ ៣ ​ស្ថាប័ន និង​មេដាយ​មាស​ថ្នាក់​ជាតិ ១ ​ផង​ដែរ ​ខណៈ​រូប​លោក​ផ្ទាល់ ត្រូវ​​មជ្ឃដ្ឋាន​ទូទៅ​ស្គាល់​ថា ជា​មនុស្ស​មាន​ចរិត​ស្លូត​បូត ​មិន​ចេះ​និយាយ​ច្រើន​ មិន​ចេះ​ផឹក​ស្រា ​ពិសាបារី ​ប៉ុន្តែ​លើ​សង្វៀន​វិញ ​ទម្ងន់​ជើង​គ្មាន​មេត្តា​ចំពោះ​ដៃ​គូ​ប្រកួត​​ឡើយ​។​

ពេល​រំឭក​​ពី​ប្រវត្តិ កាល​នៅ​ជា​កីឡាករ​ បុរស​វ័យ ៣៩ ​ឆ្នាំ ​និង​កម្ពស់​ ១,៧១ ​ដែល​មាន​ស្រុក​កំណើត​នៅ​ភូមិ​ទួល​សាលា​ ឃុំ​ពពេន ​ស្រុក​រំដួល ​ខេត្ត​ស្វាយរៀង ប្រាប់​ថា​៖ «​បើ​រំឭក​ពី​បទពិសោធ កាល​នៅ​ជា​កីឡាករ​​ ខ្ញុំ​ធ្លាប់​ប្រកួត ​១៩០ ​ដង ស្មើ ៩ ​ដង និង​ចាញ់​តែ ​៧ ​ដង​ទេ ក្រៅ​ពី​នេះ​ឈ្នះ​ទាំង​អស់ ​ក្នុង​នោះ ខ្ញុំ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ចំនួន​ ៣​ និង​មេដាយ​មាស​ថ្នាក់​ជាតិ​ ១​ ទុក​ជា​មរតក​ឱ្យ​កូន​មើល​ដែរ»​។

លោក ធន់ សុភា ​ចូល​ប្រឡូក​ជា​កីឡាករ ក្នុង​ឆ្នាំ​ ១៩៩៥ និង​ឈប់​​វិញ​ក្នុង​​ឆ្នាំ​ ២០១១​។ ​ក្នុង​បទ​ពិសោធ​ដ៏​ជោគ​ជាំ​នេះ ធន់ សុភា ឈ្នះ​ខ្សែ​ក្រវាត់​ដំបូង ក្នុង​ឆ្នាំ​ ២០០០ ក្រោយ​ឈ្នះ​ នួន សូរិយា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៣ ហើយ​ ខ្សែ​ក្រវាត់​ទី២ យក​បាន​ក្នុង​ឆ្នាំ​ ២០០២ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ក្រោយ​ឈ្នះ ជ័យ កុសល ឯ​ខ្សែ​ក្រវាត់​ទី​៣ សុភា ​​នៅ​សង្វៀន CTN ក្នុង​ឆ្នាំ​ ២០០៧ ដោយ​ឈ្នះ​​សិស្ស​រួម​ក្លិប​ មាស ចន្ថា ដែល​បច្ចុបន្ន​រស់​នៅ​​អូស្ត្រាលី​។

ដោយ​មាន​បទពិសោធ​ជា​កីឡាករ​​ឆ្នើម ​ដែល​មាន​ការ​គោរព​ស្រឡាញ់​ពី​សិស្ស​ ហើយ​បច្ចុប្បន្ន​​ជា​គ្រូ​ល្អ​ ជាមួយ​ការងារ​ជា​ចៅក្រម​អាជ្ញាកណ្តាល​ និង​មាន​​ជំនាញ​ផ្គូផ្គង​ឱ្យ​​សង្វៀន​បាយ័ន​ផង​នោះ​ ធន់ សុភា ​បាន​ទម្លាយ​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ជោគជ័យ​នេះ ដល់​អ្នក​ជំនាន់​ក្រោយ ដើម្បី​ទុក​ជា​មេរៀន សម្រាប់​ស្វែងរក​​ជោគជ័យ​ក្នុង​​វិស័យកីឡា​នេះ​ផង​ដែរ។

លោក ​ធន់ ​សុភា​ ​ថា​៖​ «ខ្ញុំ​មិន​ជោគជ័យ​ធំ​ដុំ​អ្វី​ទេ ​តែអាជីព​ប្រដាល់​នេះ​ បើ​យើង​គោរព​វិន័យ​ ​ខិតខំ​ហាត់​ឱ្យ​​ល្អ ​ប្រកួត​បាន​ល្អ ​គឺ​មាន​ចំណូល​ព្រម​ទាំង​ជីវភាព​ប្រសើរ ពិសេស​កុំ​ដើរ​លេង​​ច្រើន ​ឬ​ផឹក​ស្រា ​ជក់​បារី ​​គឺ​មាន​​បង​ប្អូន​រាប់​អាន​ច្រើន​។ ​លើស​ពី​នេះ ការ​​មាន​សីលធម៌​ល្អ​ គឺ​​មេៗ ​គាត់​យក​ចិត្ត​ទុក​ដាក់​ជួយ​ច្រើន​ណាស់​ ហើយ​ជាមួយ​គ្នា ខ្ញុំ​នៅ​តែ​​អរគុណ​ដល់​លោក​​អ៊ំ ​តែម ​ម៉ឺន ​ដែល​​ជួយ​ផ្តល់​ការ​អប់​រំ​ល្អៗ ​ទើប​ខ្ញុំ​មាន​ថ្ងៃ​នេះ»​។​

លោក​ តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​និង​​ជា​នាយក​មជ្ឈមណ្ឌល​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ បាន​ថ្លែង​ថា​៖ «​អតីត​កីឡាករ ​ធន់ ​សុភា​ តាំង​ពី​ដើម​មក ​គោរព​វិន័យ​ល្អ​​ណាស់ ​ហើយ​ឥឡូវ​ទទួល​បាន​ការងារ​ល្អៗ​។ ​នៅ​សមាគម​ប្រដាល់​កង​យោធពល​ខេមរ​ភូមិន្ទ មាន​ឋានៈ​ជា​វរសេនីយ៍ត្រី ​ជា​គ្រូ​បង្វឹក​មើល​ការ​ខុស​ត្រូវ​​បង្វឹក​កីឡាករ​ផ្ទាល់​ដៃ ​និង​គ្រប់គ្រង​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ចំនួន ​៥១​ នាក់ ​ហើយ​កីឡាករ​ល្អៗ​មួយ​ចំនួន ​ដែល​​មាន​ស្នា​ដៃ​​ល្អ​ យើង​ពិនិត្យ​​បញ្ចូល​ក្របខ័ណ្ឌ ​តាម​គោល​ការណ៍​របស់​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​​ខេមរភូមិន្ទ​នៃ​ក្រសួង​ការពារជាតិ»​៕​