ក្រុង​ឡូសាន​: សហព័ន្ធ​បាល់​ទាត់​ពិភពលោក (FIFA)​ កាល​ពី​ថ្ងៃ​ចន្ទ បាន​សម្ដែង​នូវ​ការ​សោក​ស្ដាយ​ចំពោះ​ទិដ្ឋភាព​ចលាចល​ ដែលកើត​មាន​រហូត​ដល់​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup ប្រចាំ​តំបន់​អាមេរិកឡាទីន (CONMEBOL) រវាង​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល និង​អាហ្សង់​ទីន ត្រូវ​បាន​ផ្អាក ហើយ​សហព័ន្ធ​បាន​ប្រាប់​ថា ការ​សម្រេច​ចំពោះ​វិធានការ​ផ្នែក​វិន័យ ដែល​អាច​នឹង​កើត​មាន នឹង​ត្រូវ​ធ្វើ​ឡើង ក្នុង​ពេល​វេលា​សមរម្យ​ណា​មួយ​។

ការ​ប្រកួត នៅ​ឯកីឡដ្ឋាន Neo Quimica Arena ក្នុង​ក្រុង​សៅប៉ូឡូ កាល​ពី​ថ្ងៃ​អាទិត្យ ត្រូវ​បាន​បញ្ឈប់​ភ្លាម​ៗ បន្ទាប់​ពី​ចាប់​ផ្ដើម​បាន​ប៉ុន្មាន​នាទី ដោយ​សារ​មាន​មន្ត្រី​សុខាភិបាល​របស់​ប្រេស៊ីល​ រត់​ចូល​ទីលាន រហូត​បង្ក​ឱ្យ​មាន​ភាព​រញ៉េ​រញ៉ៃ​កើត​ឡើង​ពី​សំណាក់​មន្ត្រី និង​កីឡាករ​របស់​ក្រុម​ទាំង ២។

ការ​ចូល​មក​កាត់​ចង្វាក់​នៃ​ការប្រកួត​ពី​​ក្រុម​មន្ត្រី​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​អាជ្ញាធរ​សុខាភិបាល​ ក្នុង​ប្រទេស​ប្រេស៊ីល បាន​ប្រាប់​ឱ្យប​ដឹង​ថា កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន ៤ ​រូប​ ដែល​លេង​ឱ្យ​ក្លិប​អាជីព នៅ​ប្រទេស​អង់គ្លេស គួរ​តែ​ត្រូវ​ធ្វើ​ចត្តាឡី​ស័ក​ជា​បន្ទាន់ ដោយសារ​បាន​បំពាន​វិធាន​ការ​ទប់​ស្កាត់​ជំងឺកូវីដ ១៩​។​

«FIFA​ មាន​ការ​សោក​ស្ដាយ​ចំពោះ​ទិដ្ឋភាព ដែល​កើត​មាន​មុន​ការ​ផ្អាក​នៃ​ការ​ប្រកួត​រវាង​ក្រុម​ប្រេស៊ីល និង​អាហ្សង់​ទីន សម្រាប់​វគ្គ​ជម្រុះ​​ FIFA World Cup 2022 ប្រចាំ​តំបន់ CONMEBOL ដែល​នាំ​ឱ្យ​អ្នក​គាំទ្រ​រាប់​លាន​នាក់​មិន​អាច​រីក​រាយ​នឹង​​ការ​មើលនូវ​ហ្គេម​ដ៏​ធំ​ រវាង​ក្រុម​មហា​អំណាច​បាល់​ទាត់ ២​ របស់​ពិភពលោក​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​ស្ថាប័ន​គ្រប់​គ្រង​បាល់​ទាត់​ពិភពលោក ​ក្នុង​សេចក្ដី​ប្រកាស​របស់ខ្លួន​។​

Montiel (ឆ្វេង) របស់​អាហ្សង់ទីន និង Neymar របស់ប្រេស៊ីល ​ប្រជែង​គ្នា​យក​បាល់ ពេល​ការ​ប្រកួត​កំពុង​ដំណើរការ​។

តាម​រយៈ​សេចក្ដី​ប្រកាស​នោះ FIFA បាន​បន្ថែម​ថា​៖ «​របាយ​ការណ៍​ផ្លូវ​ការ​ការ​ប្រកួតដំបូង បាន​ផ្ញើ​មក​ដល់​ FIFA ហើយ​​។​ ព័ត៌មាន​នេះ នឹង​ត្រូវ​បានយក​ទៅ​ធ្វើ​ការ​វិភាគ​ដោយ​ស្ថាប័ន​ផ្នែក​វិន័យ​​ ហើយ​ការ​សម្រេច​ណា​មួយ នឹង​ត្រូវធ្វើ​ឡើង​ ក្នុង​ពេល​វេលាសមរម្យ​»​។

ស្ថាប័ន​តាម​ដាន​សុខភាព​របស់​ប្រេស៊ីល (ANVISA) បាន​ឱ្យ​ដឹង​ថា​ កីឡាករ​របស់​អាហ្សង់​ទីន ដែល​មាន​ដូច​ជា Giovani Lo Celso និង Cristian Romero របស់​ក្រុម Tottenham ព្រមទាំង​កីឡាករ Emiliano Martinez និង Emiliano Buendia របស់​ក្រុម​ Aston Villa​បាន​ផ្ដល់​ព័ត៌មាន​ក្លែង​ក្លាយ ពេល​ពួក​គេ​មក​ដល់​ប្រទេស​ប្រេស៊ីល​។

កីឡាករ ៣ រូប Romero, Lo Celso និង Martinez សុទ្ធ​តែ​បាន​ចូល​លេង​ក្នុង​ជម្រើសដំបូង​ទាំងអស់ ក្នុង​ហ្គេម​ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ដោយ​​នាំ​ឱ្យ​មាន​ការ​ចូល​មក​រំខាន​ពី​សំណាក់​មន្ត្រី​របស់ ANVISA នោះ​។​

ក្នុងទិដ្ឋភាព​ដ៏​រញ៉ែរញ៉ៃ​នៅ​លើ​ទីលាន​នោះ ប្រធាន​ក្រុម​អាហ្សង់​ទីន កីឡាករ​ Lionel Messi និង​មិត្ត​រួម​ក្រុម បាន​នាំ​គ្នា​ចាក​ចេញ ខណៈ​ដែល​ក្រុម​ប្រេស៊ីល ទៅ​ចាប់​ផ្ដើមហាត់​សម​វិញ​៕ AFP/VN