ភ្នំពេញ៖ អ្នក​លេង​កណ្តាប់​ដៃ​ធ្ងន់​ និង​ជា​កីឡាករ​ចិត្ត​ធំ​វ៉ៃ​មិន​ចេះ​ដក​ថយ ​អេលីត ​សាន់ ​​របស់​​ក្លិប​នាយក​ដ្ឋាន​អង្គរក្ស​ ត្រូវ​បាន​ដាក់​ឱ្យ​​ប្រកួត​សងសឹក​ជាមួយ​អ្នក​​លេង​ស្នៀត​​ជង្គង់​ជើង​ចាស់​ ​ឡុង​ ជិន ​របស់​​ក្លិប​ខ្លារខិន​មានរិទ្ធ ក្នុង​​ប្រភេទ​ទម្ងន់​ ៦០ ​គីឡូក្រាម​ ក្នុង​ឋានៈ​ជា​គូ​ឯក​នៅ​លើ​សង្វៀន PNN នា​ថ្ងៃ​អាទិត្យ​នេះ​។​

សម្រាប់​ការ​ជួបគ្នា​ ២ ​លើក កន្លង​​មក ​អេលីត ​សាន់ ​ចាញ់ ​ឡុង ​ជិន ​ទាំង​ ២ ​លើក​ តែ​​ទោះ​ជា​យ៉ាង​នេះ​ក្តី ​សម្រាប់​ការ​​សងសឹក​ក្នុង​ឋានៈ​ជា​គូ​ឯក ​ដែល​​មាន​តម្លៃ​ខ្លួន​ខ្ពស់​លើក​នេះ អេលីត ​សាន់ ​ពេញ​ចិត្ត ​និង​ប្តេជ្ញា​ខ្ពស់​ថា ត្រូវ​សងសឹក​ឱ្យ​​បាន​​ ប៉ុន្តែ ឡុង ជិន អះអាង​ថា រូប​គេ​មិន​បារម្ភ​នោះ​ទេ ហើយ​គេ​​នឹង​រក្សា​ជ័យជម្នះជា​លើក​ទី៣ ​នេះ ​ឱ្យ​​បាន​ដដែល​។​

លោក ​ស៊ន ​អេលីត​ គ្រូ​បង្វឹក អេលីត សាន់ ​​និយាយ​ថា​៖​ «អេលីត សាន់ ​ធ្លាប់​បាន​​ប្រកួត​ចាញ់ ឡុង ជិន នៅ​សង្វៀន CNC ​ដោយ​បោះបង់​ការ​ប្រកួត ​ព្រោះ​ឈឺ​ដៃ ​ហើយ​ការ​ប្រកួតគ្នា​​លើក​ទី​២ ​នៅ​កម្មវិធី​អលស្តារ គេ​បាន​បន្ត​​​ចាញ់​ដោយ​ពិន្ទុ​ទៀត​។ ចំណែក​ការ​​ប្រកួត​សងសឹក​លើក​ទី​៣​ នេះ ​ខ្ញុំ​មិន​ហ៊ាន​អួត​ទេ​ ​ព្រោះ​យើង​ធ្លាប់​ចាញ់​គេ​​ចំនួន ​២ ​លើក​ហើយ​នោះ ​ប៉ុន្តែ​ការ​ប្រឹង​ហ្វឹកហាត់ ​និង​ឡើង​ប្រកួត ​គឺ​ចង់​ឈ្នះ ដើម្បី​​ស្តារ​កិត្តិយស និង​មុខ​មាត់​​ឡើង​វិញ»​។​

គ្រូ​បង្វឹក ដែល​កំពុង​មាន ប្រជាប្រិយ​​ខ្លាំង​រូប​នេះ បាន​បន្ថែម​ថា៖ ​«​ខ្ញុំ ​និង​កូន​សិស្ស​ ពិត​ជា​​ពេញ​ចិត្ត ​ក្នុង​ការ​ឡើង​ប្រកួត​ ​ព្រោះ​តម្លៃ​ខ្លួន​ នៅ​សង្វៀន​ PNN ​នេះ ​​១​ ប្រកួត​បាន​ដល់​​ ៤០០ ​ដុល្លារ អ៊ីចឹង​យើង​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​មិន​ឱ្យ​​មហាជន​ខក​ចិត្ត​នោះ​ទេ​ តែ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម ​៥០ ​ភាគរយ​»​។ ចំណែក​​កីឡាករ ​អេលីត ​សាន់​ ​និយាយ​ថា​៖ ​«ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ ហើយ​លើក​នេះ​ហាត់​ល្អ​ជាង​មុន ​នឹង​ប្រកួត​ឱ្យ​​បាន​ល្អ​ជាង​មុន​»។​

បើ​និយាយ​ពី​បច្ចេកទេស​ប្រកួត​វិញ​ ក្បាច់​ប្រកួត​របស់​កីឡាករ ​ឡុង​ ជិន ​មាន​​ស្នៀត​ជង្គង់​ល្អ​ជាង ​មាន​កម្ពស់​ល្អ​ជាង និង​​ចាស់​វស្សា​ជាង​ ដោយ​​មាន​បទពិសោធ​ប្រកួត​នៅ​​លើ​សង្វៀន​ក៏​​ច្រើន​ជាង​ផង​ដែរ​។ ​​ឡុង​ ជិន​ ធ្លាប់​ប្រកួត​បាន​​ ១២៦ ​​ដង ​ឈ្នះ​ ៩០​ ​ចាញ់​ ៣៣​ ​ស្មើ​ ៣ ​ដង ​ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​​​សន្លប់​បាន​ ២០ ​ដង​។

ចំណែក​ អេលីត ​សាន់ ​មាន​ចំណុច​ល្អ ដោយ​អាច​​មាន​ប្រៀប​ ផ្នែក​​កណ្តាប់​ដៃ​ និង​មាន​​ចិត្ត​ក្លាហាន​ ស្មារតី​ប្រយុទ្ធ​ល្អ​ ខណៈ​ដែល​ការ​ប្រកួត​នៅ​លើ​សង្វៀន ​ពិត​ជា​បញ្ចេញ​អស់​ពី​សមត្ថភាព​ដោយ​របៀប​វាយ​របស់​គេ ​​ទាក់ទាញ​ ពោល​គឺ​មិន​ចេះ​ដក​ថយ​ ឬ​ធ្វើ​ឱ្យ​​អ្នក​ទស្សនា​ធុញ​ទ្រាន់​នោះ​ឡើយ​។ ​អេលីត ​សាន់​ ​ធ្លាប់​​​ប្រកួត​បាន​ ៥៨​ ​ដង ​ឈ្នះ​ ៤៦​ ​ចាញ់​ ១២​ ដង ​ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​​សន្លប់​បាន​​ ២៨ ​ដង​។​

យ៉ាង​ណា​ក៏​ដោយ ក៏ ឡុង ជិន មិន​បាន​បង្ហាញ​នូវ​ការ​បារម្ភ​ចំពោះ​ការ​សងសឹក​របស់ អេលីត សាន់ នោះ​ទេ ដោយ​​បាន​​និយាយ​ថា​៖ «​ខ្ញុំ​មិន​សូវ​បារម្ភ​រឿង​ចាញ់​នោះ​ទេ​ ​ព្រោះ​បើ​បិទ​កណ្តាប់​ដៃ​ជាប់​ពេល​ចូល​ឱប​ឡើង​ជង្គង់ ​គឺ​ខ្ញុំ​មាន​ជំនឿ​ឈ្នះ​ច្រើន​។ ទោះ​យ៉ាង​ណា ​ខ្ញុំ​បារម្ភ​ផ្នែក​កម្លាំង ​នៅ​ចុង​ទឹក​ដែរ ​ព្រោះ​គេ​នៅ​ក្មេង​ជាង​កម្លាំង​ល្អ​ជាង​ដែរ​ ប៉ុន្តែ​​ខ្ញុំ​សង្ឃឹម​រក្សាជ័យ​ជម្នះ​បន្ត​ទៀត​បាន​ ដោយ​សង្ឃឹម​​ឈ្នះ ​៧០ ​ភាគរយ»​៕