ក្រុង​ប៉ារីស៖ ក្រុម​ម្ចាស់​ជើងឯក​បារាំង​បាន​យក​ឈ្នះ​ក្រុម​ហ្វាំងឡង់ ២-០ ពី​ការ​ប្រកួត​ជម្រុះ​ World Cup (WC) ប្រចាំ​ទ្វីបអឺរ៉ុប កាល​ពី​​ថ្ងៃ​អង្គារ ដោយសារ​គ្រាប់​បាល់​របស់​​ខ្សែ​ប្រយុទ្ធ Antoine Griezmann តែ​ម្នាក់​ឯង ដែល​លទ្ធផល​នេះ បាន​​ជួយ​ឱ្យ​ក្រុម​របស់​លោក​​ Didier Deschamps បញ្ចប់​ការ​ប្រកួត​មិន​ឈ្នះ​សោះ​ ៥ ​ហ្គេម​របស់​ខ្លួន​។

ក្រុម​ជម្រើសជាតិ​បារាំង​ទទួល​បាន​នូវ​សំឡេង​ហ៊ោ​កញ្ជ្រៀវ​​យ៉ាង​ទ្រហឹង​អឺងកង​ពី​ទស្សនិកជន​ចំនួន ៥៧ ០០០ ​នាក់ សម្រាប់​ការ​ប្រកួត​ក្នុង​ក្រុង​លីយ៉ុង​​ ដែល​កីឡាករ Griezmann ​រួម​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​ដៃគូ​ប្រយុទ្ធ Karim Benzema ខណៈ​ដែល​ក្រុម​របស់​ពួក​គេ ​ជម្នះ​នូវ​ការ​លេង​មិន​សូវ​ជា​ស៊ី​ចង្វាក់​គ្នា ក្នុង​ការ​ចាប់​ផ្ដើម​ពី​ដំបូង​។​

ការ​បញ្ជូន​បាល់ ដោយ​កែង​ជើង​យ៉ាង​ស្អាត​របស់​កីឡាករ​ចាស់​វស្សា Benzema តម្រង់​ទៅ​​​កីឡាករ Griezmann ដែល​រត់​ទៅ​ចាំ​​ក្នុង​តំបន់​គ្រោះ​ថ្នាក់​រួច​ជាស្រេច និង​ធ្វើ​ការ​ស៊ុត​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​ ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​នៅ​នាទីទី​២៥​។​

កីឡាករ​ Griezmann វ័យ ៣០ ​ឆ្នាំ ដែល​ទើប​បញ្ចប់​ពេល​វេលា​មិន​សូវ​រីករាយ​របស់​ខ្លួន​នៅ​​ក្រុម Barcelona ដោយ​ការ​វិល​ទៅ​ចូលរួម​ជាមួយ​ក្រុម​ចាស់ Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ បាន​រត់​ទៅ​ឆក់​បាល់​យ៉ាង​លឿន ពេល​កីឡាករ Leo Dubois បញ្ជូន​ចូល​ប្រអប់​គ្រោះថ្នាក់​ ហើយ​ក៏​ស៊ុត​គ្រាប់​ទី​៤១ ​ឱ្យ​ក្រុម​ជម្រើស​ជាតិ ក៏​ដូច​ជា​ជួយ​ឱ្យ​ក្រុម​មាន់​គក​នាំ​មុខ ២-០​ នៅ​នាទីទី៥៣​។

ក្រោយ​ខក​ចិត្ត​នឹង​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​អ៊ុយក្រែន ក្នុង​ជំនួប​ចុង​ក្រោយ​នៃ​វគ្គ​ជម្រុះ​របស់​ក្រុម​ទាំង ២ ជោគជ័យ​នេះ គឺ​ជា​កម្លាំង​ជំរុញ​ជា​ទី​គាប់​ចិត្ត​សម្រាប់​ក្រុម​បារាំង ដែល​នៅ​តែ​មាន​ការ​លេង​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត​ ក្រោយ​​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ Euro 2020 ក្នុង​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ នៅ​រដូវក្ដៅ​នេះ​។​​

គ្រូបង្វឹក​របស់​ក្រុម​បារាំង​ លោក Deschamps បាន​ថ្លែង​ថា​៖ «​យើង​មិន​បានធ្វើ​ឱ្យ​ប្រសើរ​គ្រប់​យ៉ាង​នោះ​ទេ តែ​យើង​បាន​រក​ឃើញ​នូវ​ទំនុក​ចិត្ត​របស់​ពួក​យើង​មក​វិញ​។ លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​យើង​កំណត់​ជោគ​វាសនា​របស់​យើង​ នៅ​ក្នុង​ដៃ​ខ្លួន​ឯង ហើយ​យើង​ត្រូវ​តែ​បញ្ចប់​ភារកិច្ច​នេះ​ ក្នុង​ខែ​វិច្ឆិកា​ឱ្យ​បាន​​»​។

ជាមួយ​នឹង​ការ​ប្រកួត​បញ្ចប់​ទៅ ៦ ​លើក ក្រុម​បារាំង កំពុង​ឈរ​ទី១ ក្នុង​ពូល D ដោយ​មាន​ ១២ ​ពិន្ទុ ពោល​គឺ​នាំ​មុខ​ក្រុម​លេខ ២ អ៊ុយក្រែន ដែល​លេង​តិច​ជាង ១ ហ្គេម ចំនួន ៧ ​ពិន្ទុ​។ រី​ឯ​ក្រុម​ហ្វាំងឡង់ ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី៣ ជាមួយ​នឹង​ ៤ ​ពិន្ទុ ហើយ​ក្រុម​លេខ ៤ បូស្ន៊ី មាន ៣ ពិន្ទុ តែ​ទាំង ២ ក្រុម​នេះ ទើប​ប្រកួត​បាន​ ៤ លើក​ប៉ុណ្ណោះ ខណៈ​ដែល​ក្រុម​បាត​ពូល​កាហ្សាក់ស្ថាន ចាញ់​ទាំង​អស់​ពី​ការ​ប្រកួត​ ៥ ​ដង​របស់​ខ្លួន​៕ AFP/VN