ញូវយ៉ក៖ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ Carlos Alcaraz ដែល​ជា​បេក្ខភាព​​វ័យ​ក្មេង​ជាង​គេ​បំផុត ក្នុង​វគ្គ​ ៨ ​នាក់​ចុង​ក្រោយ ​រយៈពេល ៥៨ ឆ្នាំ​ ក្នុង​​​ព្រឹត្តិការណ៍​ប្រកួត​​វាយ​កូន​បាល់​ (តិន្នីស) កម្មវិធី US Open នៅ​អាមេរិក ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ពី​ការ​ប្រកួត​ ដែល​កំពុង​ដំណើរការ កាល​ពី​ថ្ងៃ​អង្គារ ដោយសារ​មាន​របួស​ភ្លៅ​ខាង​ស្ដាំ​។​

កីឡាករ​កាណាដា Felix Auger-Aliassime បាន​ឈ្នះ​សិត​ដំបូង ៦-៣ និង​នាំ​មុខ​នៅ​សិត​ទី២ ក្នុង​លទ្ធផល ៣-១ មុន​ពេល​កីឡាករ Alcaraz ​វ័យ ១៨ ​ឆ្នាំ សុំ​ដក​ខ្លួន​ពី​ការ​ប្រកួត​នេះ ដែល​ធ្វើ​ឱ្យ​គូ​ប្រកួត​របស់​ខ្លួនវ័យ ២១ ​ឆ្នាំ ឆ្លង​ទៅ​វគ្គ ៤ ​នាក់​ចុង​ក្រោយ​ជាលើក​ដំបូង សម្រាប់​កម្មវិធី​ប្រកួត​លំដាប់​ Grand Slam ដោយ​ត្រូវ​ទៅ​ត​ទល់​ជាមួយ​កីឡាករ​ចំណាត់​ថ្នាក់​លេខ ២ ពិភព​លោក Daniil Medvedev របស់​រុស្ស៊ី​។

«​វា​ពិត​ជា​តាន​តឹង​ណាស់ ដែល​ត្រូវ​មក​បញ្ចប់​ពី​កម្មវិធី​ធំ​បែប​នេះ​។ ខ្ញុំ​គ្មាន​ជម្រើស​​លេង​បន្ត​នោះ​ទេ​។ ខ្ញុំ​ត្រូវ​តែ​រក្សា​កាយសម្បទា​ឱ្យ​នៅ​រឹង​មាំ​។ ខ្ញុំ​មិន​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​បន្ត​ការ​ប្រកួត​ឡើយ​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Alcaraz​។

កីឡាករ​ចំណាត់​ថ្នាក់​លេខ ៥៥ ពិភព​លោក Alcaraz ដែល​បាន​ទម្លាក់​ Stefanos Tsitsipas របស់​ក្រិក​ នៅ​ជុំ​ទី៣ អាច​នឹង​កា្លយ​ជា​កីឡាករ​វ័យ​ក្មេង​ជាង​គេ​បំផុត​ផ្នែក​បុរស​ក្នុង​វគ្គ ៤ នាក់ នៅ​​អាមេរិក​នេះ ​តាំង​ពី​ឆ្នាំ​ ១៩៦០ និង​ជា​កីឡាករ​ក្មេង​ជាង​គេ​ក្នុង​កម្មវិធី​ Grand Slam ចាប់​តាំង​ពី Michael Chang ឈ្នះពាន French Open​ កាល​ពី​ឆ្នាំ​ ១៩៨៩ ក្នុង​វ័យ​តែ ១៨ ​ឆ្នាំ​។

ជាមួយ​គ្នា​នេះ បើ​កុំ​ជួប​បញ្ហា​របួស​នេះ រូប​គេ​ក៏​អាច​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ផង​ដែរ​ ដែល​​បាន​ឆ្លង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ នៅ US Open ក្នុង​ការ​​បង្ហាញ​​ខ្លួន​ដំបូង គិត​តាំង​ពី​អតីត​កីឡាករ​ Eric Sturgess ក្នុង​ឆ្នាំ​ ១៩៤៨​៕ AFP/VN