ក្រុងអាំស្ទែរដាំ​: ខ្សែប្រយុទ្ធ​ Memphis Depay នៅ​តែ​បន្ត​នូវ​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្លួន​ទៀត ជាមួយ​នឹង​ការ​ធ្វើ​បាន​ហ៊ែតទ្រិក (ស៊ុត ៣ គ្រាប់) ដែល​ជា​ការ​រួម​ចំណែក​យ៉ាង​ធំ​ ក្នុង​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី ៦-១ របស់​ក្រុម​ហូឡង់​លើ​ក្រុម​ភ្ញៀវ​តួកគី ដែល​សល់​គ្នាតែ ១០ ​នាក់​ អំឡុង​ការ​ប្រកួត ក្នុង​កីឡដ្ឋាន Amsterdam Arena កាល​ពី​អង្គារ ដោយ​លទ្ធផល​នេះ រុញ​ឱ្យ​ក្រុម​ហូឡង់ឡើង​ទីឈរ​ទី ១ ក្នុង​ពូល G សម្រាប់​យុទ្ធនាការ​ទាត់​ជម្រុះ World Cup (WC)​។

វា​ជា​ការ​ធ្វើ​បាន​ហ៊ែតទ្រិក​លក្ខណៈ​អន្តរជាតិ​លើក​ដំបូង​របស់​កីឡាករ Depay វ័យ ២៧​ ឆ្នាំ​ ខណៈ​ដែល​ក្រុម​ហូឡង់ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ជ័យ​ជម្នះ​ដ៏​សំខាន់​ជា​លើក​ទី២ ក្នុង​រយៈ​ពេល ៤ ថ្ងៃ​ ដែល​ជា​លទ្ធផល​ជួយ​ឱ្យ​ពួកគេ មាន ១៣ ពិន្ទុ ​ពី​ការ​ប្រកួត ៦ ដង​ ហើយ​រារាំង​ក្រុម​តួកគីមិន​ឱ្យ​ឡើង​ទៅ​ឈរ​ប្រធាន​ពូល ដោយ​ខ្លួន​ឯង​កាន់​តំណែង​នេះ​ជំនួស​នេះ​។

កីឡាករ Depay បាន​បង្កើត​ឱកាស​ឱ្យ​ខ្សែ​បម្រើ Davy Klaassen ស៊ុត​គ្រាប់​បើក​ឆាក​សិន មុន​នឹង​ខ្លួន​ឯង ទម្លុះ​សំណាញ់​ទី៣ គ្រាប់​ផ្ទួន​ៗ​​​បន្ថែម​ពីលើ ហើយ​កីឡាករ​បម្រុង ២ រូប Guus Til ​និង Donyell Malen ក៏​រួម​ចំណែក​ស៊ុត​បញ្ចូល​ទី​ម្នាក់ ១ គ្រាប់​ដែរ​។ ក្រុម​តួកគី ដែល​ត្រូវ​លេង​គ្នា ១០ នាក់ ក្រោយ​ខ្សែ​ការពារ​ Caglar Soyuncu ត្រូវ​បណ្ដេញ​ចេញ មាន​គ្រាប់​បាល់​ ១ គ្រាប់​សង​វិញ ដែល​ស៊ុត​ដោយ​កីឡាករ Cengiz Under​។

Wijnaldum (ស្ដាំ) របស់​ហូឡង់ ប្រជែង​យក​បាល់​ជាមួយ Under (កណ្ដាល) របស់​តួកគី អំឡុង​ការ​ប្រកួត​ជម្រុះ World Cup កាល​ពី​ថ្ងៃ​អង្គារ។

ក្រោយ​ក្រុម​ពណ៌​ទឹក​ក្រូច ដណ្ដើមបាន​នូវ​ជ័យ​ជម្នះ​នេះ គ្រូបង្វឹក​លោក Louis van Gaal ដែល​ចូល​មក​ជំនួស​លោក Frank de Boer បាន​លើក​ឡើង​ថា វា​នឹង​មាន​តែ​​ភាព​​​ប្រសើរ​ឡើង​ៗ​​តែ​ប៉ុណ្ណោះ។

លោក van Gaal បាន​ថ្លែង​ថា​៖ «ប្រសិន​បើ​អ្នក​ឈ្នះ ៦-១ អ្នក​អាច​រំពឹង​បាន​​នូវ​ការ​កោត​សរសើរ​យ៉ាង​ច្រើន​។ នេះ​ជា​អ្វី ដែល​ខ្ញុំ​បាន​រៀប​ចំ​បង្កើត​សម្រាប់​ការ​ប្រកួត​នេះ​។ ខ្ញុំ​បាន​ដាក់​ទស្សនៈ​របស់​ខ្ញុំ​ទៅ​ក្នុង​ខ្លួន​របស់​កីឡាករ។ ខ្ញុំ​បាន​ធ្វើ​អ្វី​ជាច្រើន ដែល​កីឡាករ​ចង់​បាន​។ ខ្ញុំ​បាន​និយាយ​ ក្រោយ​ហ្គេម​ជាមួយ​ន័រវែស និង​ម៉ុងតេណេហ្គ្រោ​ថា នេះ​ជា​ពូល​ដ៏ពិសេស​ ហើយ​ខ្ញុំ​និយាយ​ពាក្យ​នោះ​ម្ដង​ទៀត នា​ពេលនេះ​»​។

«​ខ្ញុំ​កំពុងមាន​នូវ​ក្រុម​​ដ៏​រីក​រាយ​មួយ។ ខ្ញុំ​បាន​ឆ្លង​ផុត​ទ្វារ​ទី១ ហើយ ហើយ​ខ្ញុំពេញ​ចិត្ត​ណាស់​។ ចាប់​ពី​ពេល​នេះ​តទៅ វា​នឹង​មាន​តែ​​ភាព​​​ប្រសើរ​ឡើង​ៗ​​តែ​ប៉ុណ្ណោះ​ តែ​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ពេក​នោះ​ទេ​»​។ នេះ​ជា​ការ​បន្ថែម​របស់​អ្នក​ចាត់​ការ​វ័យ ៧០ ​ឆ្នាំ​៕ AFP/VN