ក្រុង​បាគូ​: ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ មិន​​សូវ​ជា​លំបាក​ប៉ុន្មាន​ឡើយ ក្នុង​ការ​យក​ឈ្នះ​ក្រុម​អាស៊ែបៃ​ហ្សង់ នៅ​ផ្ទះ​ខ្លួន​ឯង ជាមួយ​នឹង​លទ្ធផល ៣-០ ពី​ការ​ប្រកួត​​នៃ​វគ្គ​ជម្រុះ​​ World Cup ប្រចាំ​ទ្វីប​អឺរ៉ុប កាល​ពី​ថ្ងៃ​អង្គារ ហើយ​ពួក​គេ​​បាន​ឡើង​ទៅ​ឈរ​ជា​ប្រធាន​ពូល តែ​ពួក​គេ​មិន​ទាន់​ប្រាកដ​ថា នឹង​បាន​សិទ្ធិ​ឡើង​​ស្វ័យ​ប្រវត្តិនោះ​ឡើយ​។​

ក្រោយ​បញ្ចប់​ហ្គេម​ទី៥ នេះ ក្រុម​ព័រទុយហ្គាល់ នាំ​មុខ​ដាច់ ២ ពិន្ទុ លើ​ក្រុម​ស៊ែប៊ី ដែល​គួរ​ឱ្យ​សោក​ស្ដាយ​ពី​ការ​បាត់​ឱកាស​ ក្នុង​ការ​ឡើង​ទៅ​ឈរ​ទី១ ក្នុង​ពូល A ដោយសារ​តែ​គ្រាប់​បាល់ ដែល​កើត​ឡើង​ពី​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​ បាន​នាំ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​​សាធារណរដ្ឋ​អៀរឡង់ តាម​ស្មើ ១-១ អំឡុង​ការ​ប្រកួត​ក្នុង​ពេល​ជាមួយ​គ្នា​។

ទោះ​គ្មាន​វត្តមាន​ស៊ុបភើស្តារ Cristiano Ronaldo ដែល​រង​ការ​ពិន័យ​ក៏ដោយ ក៏​ក្រុម​ព័រ​ទុយហ្គាល់ នៅ​តែ​មិន​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ឡើយ ខណៈដែល​កីឡាករ Bernardo Silva ស៊ុត​គ្រាប់​នាំ​មុខ​ដំបូង​ឱ្យ​ក្រុម​ភ្ញៀវ​នៅ​នាទីទី​២៦ មុន​នឹង​ Andre Silva ថែម​គ្រាប់​ទី ២ នៅ ៥នាទី​បន្ទាប់ ហើយ​ខ្សែប្រយុទ្ធ Diogo Jota បង្ហើយ​គ្រាប់​ទី៣​ ដោយ​ការ​តែត​បាន​សម្រេច នៅ​នាទីទី​៧៥​។

កីឡាករ​របស់​ក្រុមព័រទុយហ្គាល់ នាំ​គ្នា​អប​អរ ក្រោយ​ស៊ុត​បញ្ចូល​ទី នាំមុខអាស៊ែបៃ​ហ្សង់ អំឡុង​ការ​ប្រកួត​ជម្រុះ World Cup កាល​ពី​ថ្ងៃ​អង្គារ។

កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម Manchester United គឺ​ខ្សែ​ប្រយុទ្ធ Ronaldo ដែល​ទើប​បាន​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​បំផុត​ឱ្យ​ក្រុម​ជម្រើស​ជាតិ ជាមួយ​នឹង​គ្រាប់​បាល់ ២គ្រាប់​ទល់​នឹង​ក្រុម​សា.អៀរឡង់ កាល​ពី​សប្ដាហ៍​មុន​ មិន​បាន​ចូល​លេង​នោះ​​ទេ ដោយ​សារ​ជាប់​ពិន័យ ក្រោយ​ទទួល​បាន​កាត​លឿងជាលើក​ទី​២ ក្នុង​​យុទ្ធនាការ​ទាត់​ជម្រុះ​នេះ ពេល​រូប​គេ​បាន​ដោះ​អាវ​សម្ដែង​ការ​អបអរ​ចំពោះ​គ្រាប់​បាល់​ទី២​ ក្នុង​ហ្គេម​នោះ​។

ក្រុម​ព័រទុយហ្គាល់ នឹង​ប្រឈម​ជាមួយ​ក្រុម​លេខ ៣ លុចសំបួ សម្រាប់​ហ្គេម​នា​ពេល​បន្ទាប់​របស់​ពួក​គេ នៅ​ថ្ងៃ​ទី​ ១២ ខែ​តុលា ក្នុង​ទឹក​ដី​ខ្លួន​ឯង​៕ AFP/VN