ភ្នំពេញ៖ កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង អេ អាំម៉ារីនភូថង និង​ជើង​ចាស់ វេង សុភ័ក្រ ដែល​កំពុង​ទទួល​បាន​ជោគជ័យ​កាន់​តែ​ខ្លាំង តាមរយៈ​ការ​ដណ្តើម​បាន​ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់​ធំៗ​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​អំឡុង​ការ​ប្រកួត​បិទ​ទ្វារ នា​បរិបទ​ជំងឺ​កូវីដ​ ១៩ ​នេះ ត្រូវ​បាន​ផ្គូផ្គង​ដាក់​ឱ្យ​ជួប​គ្នា​ជា​លើក​ដំបូង ​ក្នុង​កម្មវិធី​ម៉ាសហ្វៃ ១ ​ទឹក​មាន​ ៩ នាទី នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ។

វត្តមាន​របស់​​កីឡាករ​ជើង​ថ្មី ​អេ​ អាំម៉ារីន​ភូថង ​ដែល​ធ្លាប់​ឈ្នះ​​ខ្សែ​ក្រវាត់​ អម​ដោយ​​ប្រាក់​រង្វាន់​​ ១ ម៉ឺន​ដុល្លារ ​ពី​សង្វៀន​ហង្សមាស​ប្រកួត​ជាមួយ​កីឡាករ​​ចាស់​វស្សា​ វេង ​សុភ័ក្រ ​មក​ពី​ក្លិប​បញ្ជាការ​ដ្ឋាន​ពិសេស​ ដែល​ធ្លាប់​ឈ្នះ​​ប្រាក់​លាន​ចំនួន​ ៤ ​ដង ​នៅ​សង្វៀន​ថោន​នេះ​ វា​បាន​ក្លាយ​ជា​ជំនួប​​ដ៏​​​ទាក់ទាញ ហើយ​អ្នក​រៀបចំ​កម្មវិធី​បាន​អះអាងថា ការ​ប្រកួត​របស់​អ្នក​ទាំង​ ២ នេះ នឹង​កក្រើក​សង្វៀន​​ថោន​ជា​មិន​ខាន។

តាម​​ប្រវត្តិ​ប្រកួត​ គឺ​​អ្នក​ទាំង​ ២ ​នេះ​ មិន​ធ្លាប់​​ប្រកួត​គ្នា​​ទេ​ ​ព្រោះ​ខុស​ជំនាន់​គ្នា ដោយ​ក្នុង​នោះ ​វេង ​សុភ័ក្រ មាន​បទ​ពិសោធ​ប្រកួត​​​ច្រើន​ជាង ​អេ ​អាំម៉ារីន ​ចំនួន​ទ្វេដង​ឯណោះ​។​ អាំម៉ារីន​ ទើប​ប្រកួត ​​៣០ ​​ដង ​ឈ្នះ​ ២៣​ ​ចាញ់​ ៥​ និង​​ស្មើ ​២ ​ដង ក្នុង​នោះ​​​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន​ ១២ ​ដង ហើយ​អ្វី​​ដែល​គួរ​ឱ្យ​​កត់​សម្គាល់​ និង​ជា​​​ការ​ប្រកួត​ដ៏​អស្ចារ្យ​នោះ គឺ អេ អាំម៉ារីន ​យក​ឈ្នះ​ ម៉ន ​សាម៉េត នៅ​​វគ្គ​ផ្តាច់​ព្រាត់​នៅ​សង្វៀន​ហង្ស​មាស ដើម្បី​ក្លាយ​ជា​ម្ចាស់​​​​ខ្សែ​ក្រវាត់​ អម​ដោយ​​ប្រាក់​ ​១ ​ម៉ឺន​ដុល្លារ​។​

លោកស្រី​ សាំង សុម៉ាលី​ ជា​ម្តាយ​ និង​គ្រប់គ្រង​ផ្ទាល់​ទៅ​លើ​កីឡាករ អេ អាំម៉ារីនភូថង បាន​​និយាយ​ថា​៖ «​ចាប់​តាំង​ពី​ឈ្នះ​ខ្សែ​ក្រវាត់​រួច​មក អាំម៉ារីន ទើប​​បាន​ប្រកួត​ ១ ​លើក ​ជាមួយ​កីឡាករ​ បឺត ​សង្ឃឹម ​នៅ​សង្វៀន​ថោន​នេះ​ ដោយ​បាន​លទ្ធផល​ស្មើ​គ្នា​។​ ចំណែក​ការ​ប៉ះ​ជាមួយ​ វេង ​សុភ័ក្រ ​នៅ​អាទិត្យ​នេះ​ បាន​​ត្រៀម​រួច​ហើយ​ គឺ​ហ្វឹកហាត់​​រាល់​ថ្ងៃ​ ប៉ុន្តែ​​​​លទ្ធផល​ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ទេ ​គឺ​រំពឹង​ឈ្នះ​ត្រឹម​ ៥០ ​ភាគរយ​ប៉ុណ្ណោះ​»។​

ចំណែក​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ វេង ​សុភ័ក្រ ​មាន​បទពិសោធ​ចំនួន​ ៧៨ ​​ដង ​ឈ្នះ​ ៦៣ ​​ចាញ់​ ១៣ ​​ស្មើ​ ២ ​​ដង ​ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ចំនួន​ ២៥ ​លើក​។ ​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ ​វេង ​សុភ័ក្រ ​ធ្លាប់​ឈ្នះ​ប្រាក់​លាន ​នៅ​សង្វៀន​ថោន​នេះ​ ចំនួន ​៤ ​លើក​ ហើយ​ក៏​ធ្លាប់​​ឈ្នះ​ប្រាក់​បន្ថែម​ពី​កម្ម​វិធី​ម៉ាសហ្វៃ​តាមរយៈ​ការ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ផង​ដែរ​។

កីឡាករ វេង សុភ័ក្រ បាន​ឈ្នះ​ប្រាក់​លាន ៣,៤ ​លាន​រៀល ជា​លើក​ទី​១ ពី​ការ​ប្រកួត​ម៉ារ៉ាតុង​នៅ​លើ​សង្វៀន​ថោន​នេះ ក្រោយ​បាន​យក​ឈ្នះ សុខ សាវិន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​លើក​ទី​២ បាន​ឈ្នះ​កីឡាករ សូត្រ ខេវិន លើក​ទី​៣ បាន​ឈ្នះ​កីឡាករ ឡុង ជិន និង​ឈ្នះ​ប្រាក់​លាន លើក​ទី​៤ ក្រោយ​ឈ្នះ សោម វិឆ័យ រី​ឯ​ការ​ឈ្នះ​ប្រាក់​រង្វាន់​បន្ថែម​ពី​ម៉ាសហ្វៃ គឺ​ក្នុង​ពេល សុភ័ក្រ បាន​ផ្តួល​កីឡាករ ផាន រះ ឱ្យ​សន្លប់​។

ចំពោះ​ការ​ជួប អេ អាំម៉ារីនភូថង លើក​នេះ លោក ​ឡៅ ​ស៊ីណាត​ គ្រូ​បង្វឹក​ជំនួយ វេង សុភ័ក្រ បាន​និយាយ​ថា​៖ «​វេង​ សុភ័ក្រ ​មាន​ប្រៀប​ឈ្នះ​ច្រើន​ជាង ​គឺ​សង្ឃឹម​ឈ្នះ​ ៧០ ​ភាគរយ​ ប៉ុន្តែ​វា​លំបាក​វ៉ៃ​ដែរ​ ដោយ​សារ​កីឡាករ ​អេ​ អាំងម៉ារីន ​មាន​កម្ពស់​ខ្ពស់​ជាង ​ពិបាក​ចូល​វាយ​ណាស់»​។​ ស៊ី​ណាត ​​បានបន្ថែម​ថា៖ ​«​បើ​ចូល​វាយ​សម្រុក​ខ្លាំង​ដូច​គ្នា ​ធានា​ឈ្នះ​ ប៉ុន្តែ​បើ​វាយ​របៀប​ដក​ថយ​ស្រង់​យក​ពិន្ទុ ​គឺ​ពិត​ជា​លំបាក​ ​ព្រោះ​គេ​ចាំ​ស្រង់​យក​ពិន្ទុ ​គេ​ខ្ពស់​ អាច​ធាក់​ចេញ​ ​គឺ​ជា​បញ្ហា​លំបាក»​។​

ចំណែក​ឯលោក​ ជួប​ វុត្ថា​ អ្នក​ផ្គូផ្គង​ប្រចាំ​នៅ​សង្វៀន​ថោន​បាន​​និយាយ​ថា​៖ «​សម្រាប់​ការ​ប្រកួត​​ ១ ​គូ​នេះ ​គឺ​ពិត​ជា​កក្រើក​​សង្វៀន​ទៀត​ហើយ​។ ​អ្វី​ដែល​សង្វៀន​យើង​ ទទួល​បាន​ជោគជ័យ គឺ​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​នេះ ​យើង​រៀបចំ​បាន​ល្អ ​ដោយ​​គណៈ​កម្មការ​ផ្គូផ្គង​មាន ​៣ ​ភាគី ​គឺ​ខាង​មន្ត្រី​សហព័ន្ធ ​ខាង​ម្ចាស់​សង្វៀន ​និង​ខាង​តំណាង​ស្ប៉នស័រ ​សហការ​គ្នា​ល្អ​ ​ហេតុ​នេះ​ការ​ប្រកួត​របស់​សង្វៀន​​យើង ​ទទួល​បាន​ការ​គាំទ្រ ​និង​មាន​អ្នក​និយម​ចូល​ចិត្ត​ទស្សនា​យ៉ាង​ច្រើន​បំផុត»៕