ភ្នំពេញ៖ កីឡាករ​វ័យ​ក្មេង​ ​កំពុង​ល្បី​ល្បាញ​លេច​ធ្លោ​ខ្លាំង​ ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ លន់​ សៀកឡេង ​របស់​​ក្លិប​ថ្នល់​ទទឹង​គុន​ខ្មែរ​ និង អេលីត ​ឡុងឡី ​ មក​ពី​ក្លិប​​នាយកដ្ឋាន​អង្គរក្ស នឹង​ត្រូវ​បង្ហាញ​មុខ​​រួមគ្នា​នៅ​លើ​​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សៅរ៍​ ហើយ​វត្តមាន​របស់​ពួក​គេ​បាន​ និង​កំពុង​ធ្វើ​ឱ្យ​ជើង​ចាស់ សេន កុលស និង ឯម សុធី ដែល​ជា​ដៃគូ មាន​ការ​បារម្ភ ដោយ​ពួក​គេ អះអាង​ថា វា​ជា​ការ​ប្រកួត​ដ៏​លំបាក ចំណែក​សិស្ស​រួម​ក្លិប​របស់ ឡុងឡី គឺ ​អេលីត ​កែវឡុង ក៏​ត្រូវ​ប៉ះ​ជើង​ខ្លាំង​វ័យ​ក្មេង​ដូច​គ្នា គឺ ធន់ វណ្ណា ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ផង​ដែរ។

សម្រាប់​ជំនួប​ ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នេះ ជើង​ថ្មី​កំពុង​សាង​ភាព​ល្បី លន់ សៀកឡេង ត្រូវ​ដាក់​ឱ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន​ជាមួយ សេន កុសល ក្នុង​ទម្ងន់​ ៥៧ គ.ក ចំណែក អេលីត ឡុងឡី ត្រូវ​ប្រឈម​នឹង ឯម សុធី ក្នុង​ទម្ងន់​ ៦០ ​គ.ក។

ជុំវិញ​ការ​ផ្គូផ្គង​អ្នក​ទាំង ៦ ឱ្យ​ជួប​គ្នា​នេះ លោក​ ធន់ ​សុភា​ ជំនួយ​ការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​បាយ័ន​ប្រាប់​ថា៖​ «ការ​ផ្គូផ្គង​កីឡាករ​​បច្ចុប្បន្ន​នេះ គឺ​មហាជន​​គេ​និយម​ចូលចិត្ត​កីឡាករ​វ័យ​ក្មេងៗ​ ដែល​មាន​ទឹក​ចិត្ត​ប្រកួត​បែប​វាយ​សម្រុក​ខ្លាំងៗ ​អស់​​ពី​កម្លាំង​កាយ​ចិត្ត​ ព្រោះ​ជើង​ចាស់​មួយ​ចំនួន​ភាគ​ច្រើន​ស្គាល់​គ្នា​ វ៉ៃ​មិន​សូវ​អស់​ពី​សមត្ថភាព​ទេ​»។

អតីត​ជើង​ខ្លាំង ធន់ សុភា បន្ថែម​ថា៖​ «​​ចំណែក​អ្នក​ប្រដាល់​ទាំង​ ៣ ​គូ នៅ​សប្តាហ៍​​នេះ​ គឺ​ជា​ការ​ផ្គូផ្គង​ជម្រើស​ ដែល​កីឡាករ​ជើង​ថ្មី​ល្បី​បំផុត ​ដូច​ជា ​លន់ ​សៀក​ឡេង ​នេះ ​ធ្លាប់​ផ្តួល​ ​សេន ​កុសល​ ឱ្យ​​សន្លប់ ​អ៊ីចឹង​សប្តាហ៍​នេះ​ ​ជា​ការ​ប្រកួត​សងសឹក​ រីឯ ២ គូ​ទៀត គឺ​សុទ្ធ​តែ​ជា​គូជក់​ចិត្ត​​ជា​មិន​ខាន»។

លោក​ ស៊ន ​អេលីត ​គ្រូ​បង្វឹក ​និង​ជា​អ្នក​គ្រប់គ្រង​ប្រចាំ​ក្លិប​នាយកដ្ឋាន​អង្គរក្ស​​ប្រាប់​ថា​៖​ «កូន​សិស្ស​ខ្ញុំ ​អេលីត ​កែវឡុង ​ប៉ះ​​ ធន់​ វណ្ណា​ ពិត​ជា​លំបាក​ឈ្នះ​ណាស់​ ​ព្រោះ​នៅ​ខ្ចី​វស្សា​ជាង​បន្តិច ​ដោយ​​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ ​៦០ ​ភាគរយ​ប៉ុណ្ណោះ​ ព្រោះ​​ ធន់ ​វណ្ណា មួយ​រយៈ​​នេះ​ កំពុង​តែ​ល្អ​ដែរ​ ចំណែក​ អេលីត​ ឡុងឡី ​​ជាមួយ​​ជើង​ចាស់​ ឯម ​សុធី​ វិញ​ ខ្ញុំ​គិត​ថា ​ម៉្យាង​ម្នាក់​ទេ។ ​យើង​មាន​បទពិសោធ​តិច​ជាង​តែ​កម្លាំង​ និង​ការ​ហ្វឹកហាត់​ ត្រៀម​បាន​ល្អ ​អ៊ីចឹង​ខ្ញុំ​រំពឹង​​ឈ្នះ​ ៧០ ​ភាគរយ»​។​

ចំណែក សេន ​កុសល ​ដែល​ធ្លាប់​សន្លប់​ក្រោម​ស្នៀត​ជើង​ និង​កណ្តាប់​ដៃ​របស់​ លន់ សៀក​ឡេង នោះ ហាក់​មិន​រំពឹង​ថា អាច​សងសឹក​បាន​​ឡើយ ដោយ​និយាយ​ថា​៖ «ខ្ញុំ​សង្ឃឹម​ឈ្នះ​​ ៥០ ​ភាគរយ ​ក្នុង​ការ​ប្រកួត​សងសឹក​នេះ ព្រោះ​គេ​កម្លាំង​ល្អ​ជាង​ ក្នុង​ជំនួប​ ៥ ​ទឹក ​ដោយ​ខ្ញុំ​អាច​លំបាក​ផ្នែក​កម្លាំង​នៅ​ចុង​ទឹក​ អ៊ីចឹង​ហើយ​ការ​ជួប​គ្នា​លើក​នេះ ខ្ញុំ​មាន​ការ​​បារម្ភ​ខ្លាំង​ដែរ​»។​

ដោយ​ឡែក​ កីឡាករ​ជើង​ចាស់​ ឯម​ សុធី​ ដែល​ហាក់​ធ្លាក់​សមត្ថភាព​ជាង​មុន​នោះ ក៏​គិត​ថា លំបាក​ទប់​ជើង​ថ្មី អេលីត ឡុងឡី ដែរ។ សុធី បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​អះអាង​មុន​ទេ ព្រោះ​ការ​ប្រកួត​នេះ ​វា​លំបាក​ទប់ទល់​ណាស់​ ប៉ុន្តែ​ខ្ញុំ​ធានា​ប្រើ​បច្ចេកទេស​ឱ្យ​បាន​ច្រើន​ជាង​កម្លាំង​ ដោយសារ​ការ​វាយ​តទល់​គ្នា ​ពិត​ជា​ចាញ់​ប្រៀប​ផ្នែក​កម្លាំង​គេ​មិន​ខាន​ ហេតុ​នេះ​​ខ្ញុំ​សង្ឃឹម​ត្រឹម​ពាក់​កណ្តាល​ គឺ ​៥០ ​ភាគ​រយ​ឈ្នះ»​៕​