ភ្នំពេញ៖ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ចំពោះ​វត្ត​មាន​កីឡាករ​ប្រដាល់​គុន​ខ្មែរ ​ទម្ងន់​ធ្ងន់ ​ឡៅ ចន្ទ្រា និង ឈួន រិទ្ធី (ថៃ រិទ្ធី) ដែល​ត្រូវ​ដាក់​ឱ្យប្រកួតគ្នា​ជា​ថ្មី​ម្តង​ទៀត នៅលើសង្វៀនបាយ័ន​ នា​ល្ងាច​ថ្ងៃអាទិត្យនេះ ហើយជំនួបរវាងអ្នកប្រយុទ្ធមាន​ឈ្មោះ​ល្បី​ល្បាញទាំង​ ២ រូបនេះ​ ធ្វើ​ឱ្យ​​មហាជន​​ភាគ​ច្រើន​រង់​ចាំ​ទស្សនា​យ៉ាង​អន្ទះ​សារ ព្រោះការ​ជួបគ្នា​ ២ ​លើក កន្លងមកនៅតែ​មិន​ដាច់ស្រេច និងមិនអស់ចិត្ត។

សម្រាប់ការ​​ជួបគ្នា ជា​​លើក​​ទី១ ​នៅលើ​សង្វៀនបាយ័ននេះដូចគ្នា ឈួន​ រិទ្ធី​ ​របស់​​សមាគម​ប្រដាល់កីឡា​​កង​យោធ​ពល​ខេមរភូមិន្ទ​ បាន​ប្រើ​កណ្តាប់​ដៃ​ផ្តួល​ ​​ឡៅ ​ចន្ទ្រា​ ឱ្យ​សន្លប់​ធំ ​នៅ​ទឹក​ទី៣​ ដោយជ័យជម្នះនោះ ​អាច​ចាត់​ទុក​ថា ​ជា​រឿង​ដ៏​កម្រ​បំផុត ​សម្រាប់​អាជីព​ប្រដាល់​របស់ ​ចន្ទ្រា​ ​ព្រោះ​កន្លង​មក ​គ្មាន​​កីឡាករ​ខ្មែរ​រូប​ណា​មួយ​ អាច​វាយឱ្យ​​គេ​សន្លប់ ​យ៉ាង​នេះ​ឡើយ​។​

បន្ថែម​ពី​លើក​នេះ​កាល​ពីរ​សប្តាហ៍​មុន​ សង្វៀន​បាយ័ន ​បាន​រៀប​ចំ​ឱ្យ​​មាន​ការ​ប្រ​កួត​សង​សឹក​ម្តង​ទៀត​ ជា​លើក​ទី២​ ប៉ុន្តែ​ការ​​ប្រកួត​នោះ​ ត្រូវ​បាន​គេ​មិន​ប្រកាស​លទ្ធផល​ ដោយ​សារ​តែ​ ឡៅ​ ចន្ទ្រា​ ទាត់​ខុស​បច្ចេកទេស​ចូល​ពង​ស្វាស​ នាំ​ឱ្យ​​ ​ឈួន ​រិទ្ធី ​ឈឺ​មិន​អាច​បន្ត​ការ​ប្រ​កួត​បាន​។​​ ចំណុច​នេះ​ ច្បាប់​របស់​​​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ ​នៅតែ​មិន​ទាន់​អនុវត្ត​បាន​ល្អ​នៅ​ឡើយ​ព្រោះ​កន្លង​មក​កីឡាករ​ទាត់​ខុស​បច្ចេកទេស​ខ្លះ​ ត្រូវ​បាន​ពិន័យ​ឱ្យ​​ចាញ់ ​គូ​ខ្លះ​ឱ្យ​​ឈ្នះ​ និង​មាន​គូ​ខ្លះ​ទៀត ​ត្រូវ​ទុក​ជា​មោឃ​ មិន​ប្រកាស​លទ្ធផល​។​

យ៉ាងណាមិញ សម្រាប់ការជួបគ្នា លើកនេះ ​ឈួន ​រិទ្ធី​ បាន​និយាយ​ថា​៖ «​លើក​នេះ ​ខ្ញុំ​គ្មាន​ភ័យ ​ឬ​តក់​ស្លុត​អ្វី​ទេ ​កណ្តាប់​ដៃ​ខ្ញុំ​ មិន​ញញើត ​ហើយត្រូវ​វាយ​ចេញ​ឱ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​រក្សា​ជ័យ​ជម្នះ​នេះ​ឱ្យ​​បាន​។ ​ទោះ​ជា​យ៉ាង​ណា​ ការ​ប្រ​កួត​នេះ ​មិន​អាច​ទស្សន៍​ទាយ​បាន​មុនទេ​ ​ព្រោះ​ទម្ងន់​ធ្ងន់ ​វាយ​ចូល​គោល​ដៅ​ល្អ​ គឺ​មិន​អាច​គេច​ពី​សន្លប់​បាន​​ឡើយ​។​ ខ្ញុំទទួលស្គាល់ថា ​ក្បាច់​ទាត់​របស់ ​ចន្ទ្រា​ គឺ​ធ្ងន់​ៗ ​ប៉ុន្តែ​បើ​ប្តូរ​ជា​មួយ​កណ្តាប់​ដៃ ​គឺ​មិន​ដឹង​ថា​ នរណា​ទៅ​មុន​នោះ​ឡើយ»​។​

លោក នាង ស៊ីវុត្ថា បាន​ឡើង​ណែនាំ​ឈួន រិទ្ធី និង ឡៅ ចន្ទ្រា ដល់​លើសង្វៀន នាជំនួប​របស់អ្នកទាំង​២នេះ កន្លងមក។ រូប សហការី

ចំណែក​លោក​ ធន់ ​សុភា​ ជាគ្រូ​បង្វឹក បាន​និយាយ​ថា​៖​ «ខ្ញុំ​រំពឹង​ថា ​រិទ្ធី ​នឹង​ឈ្នះ​មិន​ខាន​។​បើ​វាយ​ប្តូរ​គ្នា​ កណ្តាប់​ដៃ​ធ្ងន់​របស់ ​ឈួន ​រិទ្ធី ​គឺ​វាយ​ចូល​គោល​ដៅ​មុន​ការ​ទាត់​ស្កាត់​របស់ ​​ឡៅ ​ចន្ទ្រា​ ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ច្រើន​។​ ​កីឡាករ​ក្នុង​ស្រុក​ខ្មែរ ​មិន​ទាន់​មាន​ន​រ​ណាអាច​​ផ្តួល ​ឡៅ​ ចន្ទ្រា​បាន ​​ក្រៅ​ពី ​ឈួន ​រិទ្ធី ​នោះទេ ​ហើយលើកនេះ ​​ស្រួល​មិនស្រួល​ ចន្ទ្រា​ អាច​សន្លប់​ទៀត​ក៏​ថា​បាន​ដែរ​»។​ ​

ចំពោះ ឡៅ​ ចន្ទ្រា​ មិន​អាច​សុំ​សម្ភាស​បាន​ទេ ព្រោះជាប់រវល់ ​ដោយ​រូបគេ បាន​រុញ​ទៅ​ឱ្យ​សួរ​គ្រូ​ជំនួយ ដែល​ជា​បង​ប្រុស​របស់​គេ ឡៅ​ ស៊ី​ណា​ ហើយ ​​ស៊ី​ណាត ​​បាន​និយាយ​ថា​៖ «​បើ​ប្រើ​ស្នៀត​ទាត់​បាន​ ចន្ទ្រា​ ធានា​ឈ្នះ​តែ​ម្តង​ គឺ​ ៨០ ​ភាគ​រយ ​ប៉ុន្តែ​យើង​លំបាក​គេច​ពី​កណ្តាប់​ដៃ​ របស់គេ ព្រោះ​បើ​គិត​ពី​រឿង​ការ​ការពារ​កណ្តាប់​ដៃ ​ពី​ការ​វាយ​របស់​គេ​ គឺ​យើងមិនអាច​​ទាត់​​ចេញ ដោយ​ប្រើ​​កម្លាំង​បាន​អស់ ​១០០ ​ភាគ​រយនោះ​ឡើយ។ ទោះយ៉ាងណា ​ខ្ញុំ​គិត​ថា ​ចន្ទ្រា​ ឈ្នះ​ ​ព្រោះ​វា​ចេះ​គេច​ហើយ​ គឺ​​យើង​មិន​ឈ​រឱ្យ​​គេ​វ៉ៃ​បាន​គ្រប់​ដៃ​ឯណា​!»​។​

ជុំវិញការមិនប្រកាស​លទ្ធផល នាជំនួប​លើកទី២ របស់ ឡៅ ចន្ទ្រា និង ឈួន រិទ្ធី ត្រូវបាន​មន្ត្រី​បច្ចេកទេស​ប្រដាល់មួយ​រូប ​​ប្រាប់​ដោយ​សុំ​មិន​ឱ្យ​​បញ្ចេញ​ឈ្មោះ​ថា ​ការ​ប្រកួត​សង​សឹក​ លើក​ទី​២ ​កាល​ពីរ​សប្តាហ៍​មុន​ ដែល​ប្រ​កួត​មិន​ប្រកាស​លទ្ធផល​នោះ ​គឺ​លោក​ នាង​ ស៊ីវុត្ថា ប្រធាន​គ្រប់​គ្រង​ការ​ប្រកួត​នៅ​បាយ័ន​ ចេញ​មក​ប្រកាស​ដោយ​ខ្លួន​ឯង​ថា​ ​មិន​ឱ្យ​​មាន​ឈ្នះ​ឬ​ចាញ់​ទេ ​គឺ​គ្មាន​លទ្ធផល​។​

ប្រភព​ដដែល បាន​​អះអាង​ថា​៖ «​បញ្ហា​ខុស​ ឬ​ ត្រូវ ​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​បច្ចេកទេស​របស់​សហព័ន្ធ​ មិន​មែន​ម្ចាស់​កម្ម​វិធី​បញ្ជា​ ឬ​ឡើង​មក​សម្តែង​ឫក​បង្ហាញ​​ពី​ឥទ្ធិពល​កាត់​សេចក្តី​ខ្លួន​ឯង​នោះ​ឡើយ ​ហើយ​បើ​ធ្វើ​បែបៗ​នេះ ​តើ​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ ​យក​មុខ​ទៅ​លាក់ទុកនៅ​ឯណា?»​។​

គួរ​​បញ្ជាក់​ថា​ ​លោក ​នាង ​ស៊ី​វុត្ថា​ ប្រធាន​ផ្គូ​ផ្គង​ និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ ​នៅ​សង្វៀន​បាយ័ន តាំង​ពី​បង្កើត​កម្ម​វិធី​នេះ​ឡើង ​ក្នុង​ឆ្នាំ​ ២០០៨​។ ​ឥទ្ធិពល​របស់​លោក ​នាង ​ស៊ី​វត្ថា ​ត្រូវ​បាន​​គេ​កត់​សម្គាល់​ឃើញ​ថា ​ពេល​ខ្លះ​បាន​លូក​ដៃ​ចូល​ការងាររបស់ក្រុម​​បច្ចេកទេស​ ខណៈ​ដែល​មន្ត្រី​សហព័ន្ធ​វិញ​ខ្លប​ខ្លាច ​សុំ​តែ​សុខ​ទេ​។

​បន្ថែម​ពី​លើ​នេះ ​ចៅ​ក្រម​អាជ្ញា​កណ្តាល​មួយ​ចំនួន ​ដែល​ធ្វើ​ឱ្យ​​លោក​ នាង ​ស៊ី​វុត្ថា ​មិន​សប្បាយ​ចិត្ត ​ឬ​មិន​ចេះ​លត់​ក្រាប ​ឬ​មិន​ត្រូវ​ចិត្ត ​គឺ​ត្រូវ​បាន គេ​ដក​ចេញ​ពីសង្វៀននេះ ជា​ច្រើន​នាក់​​​មក​ហើយ​។ ​អ្វី​ដែល​ជា​គំរូ​អាក្រក់ ​កន្លង​មក​នោះ​ លោក​ នាង​ ស៊ី​វុត្ថា​ ធ្លាប់​ចង​ជើង​កីឡាករ​ល្បីៗ​មួយ​ចំនួន​ ដោយ​មិន​អនុញ្ញាត​ឱ្យ​​ចេញ​ទៅ​ប្រ​កួត​នៅ​សង្វៀន​ដទៃទេ​ ដោយបាន​ផ្តល់​ជា​ថ្នូរ​ឱ្យ​​លុយ​ក្រៅ​ការ​ប្រ​កួត ​មាន​ដូច​ជា​កីឡាករ ​កែវ ​រំចង់ ​ជា​ដើម​៕​