ក្រុង​វ៉ាសូវី៖ លោក​ Gareth Southgate បាន​ប្រាប់​ថា ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​របស់​លោក​នៅ​មាន​ការងារ​ ដែល​ត្រូវ​ធ្វើ​ទៀត សម្រាប់​ការ​ដណ្ដើម​សិទ្ធិ​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍ World Cup 2022 បន្ទាប់​ពី​​ភ្លាត់​ឱ្យ​កីឡាករ​ Damian Szymanski តែត​បញ្ចូលទី​នៅ​ក្នុង​ម៉ោង​បន្ថែម​មាន​របួស ដែល​ជា​គ្រាប់​បាល់​នាំ​ឱ្យ​ក្រុម​ប៉ូឡូញ​តាម​ស្មើ ១-១ ពី​ការ​ប្រកួត កាល​ពី​ថ្ងៃ​ពុធ ក្នុង​ក្រុង​វ៉ាសូវី​។​​

យ៉ាងណាក្ដី ក្រុម​តោ​កំណាច​អង់គ្លេស​នៅ​តែ​ឈរ​ក្នុង​ទីតាំង​ល្អ​ក្នុង​ការ​ធានា​នូវ​ចំណាត់​ថ្នាក់់​របស់​ខ្លួន ដើម្បី​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា​ ក្នុង​នាម​ជា​ក្រុម​ទី១ នៃ​ពូល I ពី​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ទ្វីប​អឺរ៉ុប​ ដោយ​មាន ១៦ ​ពិន្ទុ ពោល​គឺ​កំពុង​​នាំ​មុខ​ដាច់ ៤ ​ពិន្ទុ ​​លើ​ក្រុម​លេខ ២ អាល់បានី​ និង ៥ ​ពិន្ទុ​លើ​ក្រុម​លេខ ៣ ប៉ូឡូញ​។​​

ហ្គេម​ ដែល​មិន​សូវ​មាន​សកម្មភាព​នៅ​មុខ​បង្គោល​ទីប៉ុន្មាន មើល​ទៅ​ទំនង​ជា​លម្អៀង​​ទៅ​រក​​លទ្ធផល​ស្មើ​គ្នា​នោះ ស្រាប់​តែ​នៅ​មុន​ ១៨ ​នាទី ចប់​ម៉ោង​ធម្មតា ការ​សាក​ស៊ុត​ពី​ចម្ងាយ​របស់​ខ្សែ​ប្រយុទ្ធ Harry Kane បាន​ចូល​ទី​យ៉ាង​ស្អាត ដែល​គួរ​តែ​ជា​គ្រាប់​បាល់ ជួយ​ឱ្យ​ក្រុម​អង់គ្លេស​​ ឈ្នះ​​ការ​ប្រកួត​នេះ​។

តែ​កីឡាករ​បម្រុង Szymanski បាន​ជួយ​សង្គ្រោះ​ក្រុម​ប៉ូឡូញ ដោយ​ការ​លោត​តែត​បាល់​បញ្ចូលទី​យ៉ាង​រហ័ស​នៅ​ពេល​ខ្សែ​ប្រយុទ្ធ​​ Robert Lewandowski លើក​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់ ហើយ​​​អាច​ជា​ការ​បាន ១ ពិន្ទុ ​ដ៏​សំខាន់​ ដើម្បី​​រក្សា​ឱកាស​ក្នុង​ការ​ដណ្ដើម​​​ចំណាត់​​ថ្នាក់​លេខ ២ សម្រាប់​ប្រកួត​​វគ្គ​ចាញ់​ធ្លាក់។

ដោយ​ក្នុង​ប្រកួត​នៅ​ខាង​មុខ ត្រូវ​ប៉ះ​ជាមួយ​ក្រុម​មិន​សូវ​ខ្លាំង​អង់ដូរ៉ា និង​សាំងម៉ារ៉ាំង ក្នុង​ចំណោម ៤ ហ្គេម ដែល​នៅ​សល់​ ដូច្នេះ​ការ​ដណ្ដើម​បាន​សិទ្ធិ​ស្វ័យ​ប្រវត្តិ​ទៅ​ប្រទេស​កាតា អាច​នៅ​តែ​ជា​​ក្រុម​របស់​លោក​ Southgate ដែល​មាន​សង្ឃឹម​ខ្ពស់​ជាង​ក្រុម​ណា​ទាំង​អស់​។

ទោះ​បី​ជាបាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ធំ​លក្ខណៈ​អន្តរជាតិ​ជា​លើក​ដំបូង ក្នុង​រយៈពេល ៥៥ ​ឆ្នាំ​ លោក Southgate ត្រូវ​បាន​រិះគន់​ អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​នៅ Euro 2020 ចំពោះ​ការ​ ដែល​លោក​មិន​ប្រើប្រាស់​កម្លាំង​ឱ្យ​មាន​ប្រយោជន៍​យ៉ាង​ស៊ី​ជម្រៅ ដែល​គាត់​មាន​ក្នុង​ដៃ​។ នេះ​ជា​លើក​ដំបូង​ហើយ គិត​តាំង​ពី​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ នៅ​ Euro 96 ដែល​ក្រុម​អង់គ្លេស​ មិន​ធ្វើ​ការ​ផ្លាស់ប្ដូរ​កីឡាករ​សូម្បី​តែ​ម្នាក់​។

តែ​យ៉ាង​ណា អ្នក​ចាត់​ការ​ក្រុម​អង់គ្លេស លោក Southgate បាន​ពោល​ថា​៖ «​យើង​គ្រប់​គ្រង​ហ្គេម​នេះ​ទាំង​ស្រុង​។ អ្នក​អាច​ឱ្យ​កីឡាករ​ផ្សេង​ចូល​លេង ក្នុង​ហ្គេម​នោះ នៅ​ពេល​វា​មិន​ជា​ស្រួល​ប៉ុន្មាន ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​។ យើង​ដឹង​ច្បាស់​ថា ប្រសិន​បើ​យើង​ឈ្នះ​ហ្គេម​នេះ យើង​នឹង​មាន​ភាព​ប្រសើរ​ជាង​នេះ​បន្តិច​មិន​ខាន ក្នុង​ការ​បាន​ទៅ​ប្រទេស​​កាតា​»​។

លោក Southgate បាន​បន្ថែម​ថា​៖ «​នោះ​មិន​ជា​បញ្ហា​នោះ​ទេ យើង​នៅ​មាន​ការងារ​ជាច្រើន​ធ្វើ​ទៀត​ តែ​ខ្ញុំ​មិន​អាច​បន្ទោស​កីឡាករ​ តាមរយៈ​វិធី​ដែល​ពួក​គេ​បាន​​ឆ្លើយ​តប​នៅ​រដូវក្ដៅ​នេះ​នោះ​ឡើយ​»​។

ក្រុម​អង់គ្លេស បាន​លុបលាង​​យ៉ាង​គួរ​ឱ្យ​ចាប់​អារម្មណ៍​នូវ​ការ​ខកចិត្ត​ កាល​ពី​ព្រឹត្តិការណ៍ Euro 2020 ជាមួយ​នឹង​ជ័យជម្នះ​ ៤-០ បន្ត​បន្ទាប់​គ្នា​​លើ​ក្រុម​ហុងគ្រី និង​អង់ដូរ៉ា នៅ​ដើម​សប្ដាហ៍​ តែ​ពេល​នេះ​ ហាក់​រាង​ពិបាក​ជាង​មុន​បន្តិច​ក្នុង​ការ​ប៉ះ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ប៉ូឡូញ​ ដែល​ទំនង​ជាក្រុម​គូ​ប្រជែង​ដ៏​តឹងតែង​ជាង​គេ ក្នុង​ពូល​របស់​ខ្លួន​នេះ៕ AFP/VN