ក្រុងញូវយ៉ក៖ កីឡាការិនី​វ័យ​ក្មេង​ពេញ​ដោយ​ថាម​ពល Leylah Fernandez និង Emma Raducanu នៅ​សល់​តែ​​ជ័យជម្នះ ១ លើក​ទៀត​ដូច​គ្នា នោះ​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​វាយ​កូន​បាល់ (តិន្នីស) ​ដណ្ដើម​ពាន​ Grand Slam ជា​លើក​ដំបូង​របស់​ខ្លួន នៅ​​ឯ​កម្មវិធី US Open 2021 ដែល​នេះ​នឹង​បង្ហាញ​​ឱ្យ​ឃើញ​ទេពកោសល្យ​ដ៏​គួរ​ឱ្យ​ខ្លាច​រអា​របស់​ក្មេង​ៗ​ជំនាន់​ក្រោយ​។

កីឡាការិនី​ចក្រភព​អង់គ្លេស Raducanu វ័យ ១៨ ​ឆ្នាំ​ ដែល​ក្លាយ​ជា​បេក្ខភាព​ឆ្លង​កាត់​វគ្គ​ជម្រុះ​ដំបូង​គេ​ ក្នុង​ការ​បាន​ឆ្លង​ដល់​វគ្គ ៤ នាក់​ចុង​ក្រោយ និង​កីឡាការិនី​កាណាដា Fernandez ដែល​ទម្លាក់​កីឡាការិនី​កំពូល ២ រូប គឺ Naomi Osaka និង Angelique Kerber នៅ​មុន​​ថ្ងៃ​ខួប​កំណើត​អាយុ ១៩ ​ឆ្នាំ កាល​ពី​ថ្ងៃ​ចន្ទ នឹង​កា្លយ​តារា​ដែល​​ត្រូវ​បាន​គេ​​តាម​សម្លឹង​ក្នុង​ការ​ប្រកួត​វគ្គ ៤ ​នាក់ ផ្នែក​នារី​នៅ​​ឯទីលាន​ Arthur Ashe​។

កីឡាការិនី​លំដាប់​លេខ ៧៣ ពិភព​លោក Fernandez ដែល​ជំនាញ​ដៃ​ឆ្វេង នឹង​ត្រូវ​ប្រឈម​ជាមួយ​កីឡាការិនី​បេឡារុស Aryna Sabalenka ដែល​ឆ្លង​ចូល​កាន់​តែ​ជ្រៅទៅ​ៗ ក្នុង​យុទ្ធនាការ​ប្រកួត​ប្រជែង​ពាន​ Grand Slam របស់​ខ្លួន ដែល​មាន​តាំង​ពី​កម្មវិធី Wimbledon ក្នុង​ខែ​កក្កដា ​​ខណៈ​​កីឡាការិនី​ចំណាត់​ទី១៥០ ពិភព​លោក Raducanu ត្រូវ​ត​ទល់​ជាមួយ​គូបដិបក្ខ​សញ្ជាតិ​ក្រិក Maria Sakkari ដែល​មាន​ដំណើរ​ផ្លូវ​ល្អ​បំផុត​ក្នុង​កម្មវិធី​ប្រកួត​ធំ​បែប​នេះ តាំង​ពី​ក្នុងកម្មវិធី French Open កាល​ពី​ខែ​មិថុនា​។

កីឡាការិនី​ Sakkari ដែល​មាន​ចំណាត់​ថ្នាក់​លេខ ១៨ បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា មាន​ឱកាស​ស្មើ​ៗ​គ្នា ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​វគ្គ ៤ នាក់​នេះ ហើយ​ក៏​ជើង​ឯក​ផង​ដែរ​។ យើង​ទាំងអស់​គ្នា មក​ដល់​ទី​នេះ ក្នុង​ហេតុផល​តែ ១។ យើង​ទាំង​អស់​គ្នាកំពុង​លេង​បាន​ល្អ​ដូច​គ្នា​»​។

ដូច្នេះ ម្នាក់​ក្នុង​ចំណោម​កីឡាការិនី​ទាំង ៤ រូប​នេះ នឹង​ដណ្ដើម​បាន​​ពានរង្វាន់​លំដាប់​​ Grand Slam លើក​ដំបូង​របស់​ខ្លួន ពី​ការ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​នេះ ដែល​វា​អាច​​ជា​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​​អស្ចារ្យ​មួយ ប្រៀប​បី​ដូច​ចរន្ត​អគ្គិសនី​៕ AFP/VN