ក្រុងប៉ារីស: ក្រុម Nice និង Marseille ត្រូវលេងឡើងវិញនូវហ្គេមដ៏គួរឱ្យអៀនខ្មាសរបស់ខ្លួន កាលពីថ្ងៃទី ២២ ខែសីហា ដែលរហូតនាំទៅរកភាពចលាចល នៅលើទីលាន ក្នុងទឹកដីកណ្ដាល និងបិទទ្វារ (គ្មានអ្នកទស្សនា)។ នេះជាបទបញ្ជារបស់លីគអាជីពរបស់ប្រទេសបារាំង (LFP) កាលពីថ្ងៃពុធ។
ជាមួយគ្នានេះដែរ ក្រុម Nice ក៏ត្រូវកាត់ ២ពិន្ទុផងដែរ ពីក្របខ័ណ្ឌ Ligue 1 តែ ១ ពិន្ទុ ត្រូវព្យួរសិន។ ក្រុមម្ចាស់ផ្ទះ កំពុងនាំមុខ ក្នុងជំនួបរវាងក្រុមនៅតំបន់មេឌីទែរ៉ាណេជាមួយគ្នា នៅឯកីឡដ្ឋាន Allianz Riviera នេះ ជាមួយនឹងការនៅសល់ ១៥ នាទីទៀត ត្រូវបញ្ចប់ តែរឿងបរ៉ាវ បានផ្ទុះឡើង ពេលកីឡាករ Dimitri Payet របស់ក្រុមភ្ញៀវ Marseille បានដួល ដោយសារមានដបគប់ត្រូវ ខណៈដែលគេដើរទៅទាត់បាល់ជ្រុង។
កីឡាករ Payet បានរើសដបគ្រវែងត្រឡប់ទៅពួកអ្នកគាំទ្រវិញ ខណៈដែលមិត្តរួមក្រុម ដើរចូលមក ហើយស្ទុះទៅរុញគ្នាទៅវិញទីៅមកជាមួយអ្នកគាំទ្ររបស់ក្រុម Nice នៅពីក្រោយបង្គោលទី។
អ្នកគាំទ្រខ្លះ បានសម្រុកចូលទៅទីលាន ហើយការប្រទាញប្រទង់ បានកើតឡើងរវាងកីឡាករ បុគ្គលិក អ្នកគាំទ្រ និងកម្លាំងរក្សាសន្តិសុខនៃការប្រកួតនោះ។ គ្រូបង្វឹករបស់ក្រុម Marseille លោក Jorge Sampaoli ត្រូវបានការពារដោយសមាជិកនៃបុគ្គលិកផ្ទាល់ខ្លួនរបស់គាត់។
នាពេលនោះ ការប្រកួត ត្រូវបានផ្អាករយៈពេលជាង ១ម៉ោង ហើយចុងក្រោយ លុបចោលតែម្ដង ក្រោយក្រុម Marseille ធ្វើការបដិសេធមិនត្រឡប់ទៅកាន់ទីលានវិញ។
តាមរយៈច្បាប់របស់ខ្លួន LFP បានពិន័យកីឡាករ Payet ១ ប្រកួត និង ២ ប្រកួត ចំពោះខ្សែការពារ Alvaro Gonzalez របស់ក្រុម Marseille ដោយសារបានទាត់បាល់តម្រង់ទៅកន្លែងអង្គុយរបស់អ្នកគាំទ្រ។
លើសពីនេះទៀត ជំនួយការគ្រូបង្វឹករបស់ក្រុម Marseille លោក Pablo Fernandez ត្រូវបានពិន័យសម្រាប់រដូវកាល ដែលនៅសល់ ដោយសារបានដាល់អ្នកគាំទ្ររបស់ក្រុម Nice។ ចំណែកក្រុម Nice ត្រូវធ្វើការប្រកួត ដោយអត់មានអ្នកគាំទ្រ ៣ ដង។
«ការសម្រេចនេះ ស៊ីនឹងហេតុការណ៍ធ្ងន់ធ្ងរ»។ នេះជាប្រសាសន៍របស់លោក Sebastien Deneux ដែលជាអ្នកដឹកនាំគណៈកម្មាការផ្នែកវិន័យ៕ AFP/VN