ភ្នំពេញ៖ ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ដែល​ជា​សមិទ្ធផល​ធំ​ល្អ​ប្រណីត​ទំនើប ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំពោះ​កម្ពុជា ​ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ​ជា​ ១៥០ ​​លាន​ដុល្លារ​នោះ ត្រូវ​បាន​រៀបចំ​ពិធី​ប្រគល់-ទទួល ​ក្រោម​អធិបតីភាព ​លោក​នាយក​​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​និង ​លោក ​វ៉ាង ​យី ​ទីប្រឹក្សារដ្ឋ និង​ជារដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​ចិន កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ពហុកីឡដ្ឋាន​ថ្មី ដែល​ស្ថិ​តនៅ​​សង្កាត់​​ព្រែក​តាសេក ​ខណ្ឌ​ឫស្សីកែវ ​ខាង​ជើង​វត្ត​ភ្នំ ចម្ងាយ​ ១២ ​គីឡូម៉ែត្រ​នេះ ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ ៨៥ ​ហិកតា​ និង​ ៣៥ ​អា​។​

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា៖​ «ថ្ងៃ​នេះ ខ្ញុំ​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ជាមួយ​ឯក​ឧត្តម វ៉ាង ​យី ដើម្បី​ធ្វើ​ពិធី​ប្រគល់ និង​ទទួល នៅ​វិមាន​កីឡដ្ឋាន​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​ជា​ជំនួយ​​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​បញ្ហា​ទាំង​អស់​នេះ វា​បាន​កើត​ឡើង​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន»។

លោក​បាន​បញ្ជាក់​ថា៖ «​ថ្ងៃ​នេះ ជា​កំណត់ត្រា​ថ្មី​មួយ​ទៀត នៃ​ទំនាក់ទំនង​ដែក​ថែប​រវាង​កម្ពុជា និង​ចិន ដោយ​យើង​ទទួល​បាន​ជំនួយ​មួយ ដែល​យើង​មិន​នឹកស្មាន​ សូម្បី​តែ ​ខ្លួន​ខ្ញុំ​ផ្ទាល់ គឺ​ឆ្នាំ​ ២០០០ ​ទៅ​ហើយ ក៏​ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា យើង​នឹង​មាន​ពហុកីឡដ្ឋាន​ដ៏​ល្អ​មួយ​នៅ​ទី​នេះ​នោះ​ទេ ប៉ុន្តែ​ក្រោម​ជំនួយ​ឥត​សំណង​របស់​សាធារណ​រដ្ឋ​ចិន យើង​មាន​ឱកាស​ដូច​ពេល​នេះ។ ថ្ងៃ​នេះ​គ្រាន់​តែ​ពិធី ​ដើម្បី​ប្រគល់ និង​ទទួល ប៉ុណ្ណោះ ប៉ុន្តែ​យើង​នឹង​រៀបចំ​ពិធី​សម្ពោធ​មួយ​ទៀត ហើយ​សង្ឃឹម​ថា មាន​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​​ចិន ដើម្បី​អបអរ​សាទរ​នូវ​សមិទ្ធផល​ ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ និង​ផ្លែ​ផ្កា នៃ​ចំណង​មិត្ត​ភាព​រវាង​កម្ពុជា-ចិន​»។

លោក​ ថោង ​ខុន ​​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (CNCC) ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍ ​CAMSOC ​ថ្លែង​​ថា​៖ «​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ ជា​ពហុកីឡដ្ឋាន​ទំនើប​បំផុត ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​សាងសង់​ចាប់​តាំង​ពី​ថ្ងៃទី​​ ១២ ខែ​ មេសា​ ឆ្នាំ​ ២០១៣​ និង​បាន​បញ្ចប់​នៅ​ថ្ងៃទី ​៣១ ​ខែ​ សីហា ​ឆ្នាំ​ ២០២១ ​ដោយ​ឆ្លង​កាត់​ការ​សាងសង់​ជា​ ៣ ដំណាក់កាល​ ហើយ​ពហុកីឡដ្ឋាន​នេះ ​​មាន​សក្តានុពល ​ដែល​បំពេញ​សេចក្តី​​​ត្រូវ​ការ​សម្រាប់​កីឡា​គ្រប់​ប្រភេទ​បាន ​និង​ត្រៀម​ទទួល​រៀបចំ​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ ​ពិសេស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ ​២០២៣ ជា​ប្រវត្តិសាស្ត្រ​​នៅ​កម្ពុជា​»​។

លោក ​ថោង ​ខុន ​បាន​បន្ត​ថា​ វិសាលភាព​នៃ​ពហុកីឡដ្ឋាន​ជាតិ​​មរតក​តេជោ​ គឺ​ជា​លំដាប់​ខ្នាត​ល្អ​បំផុត​ នៅ​ក្នុង​តំបន់​អាស៊ាន ​ដែល​ក្នុង​នោះ​ មាន​មណ្ឌល​ហែល​ទឹក​, មណ្ឌល​កីឡា​ក្នុង​សាល​, អគារ​ស្នាក់នៅ ​និង​អាហារដ្ឋាន ​សម្រាប់​អត្តពលិក ​និង​គ្រូ​បង្វឹក​, អគារ​ហាត់​ក្រៅ​សាល​, តារាង​បាល់​ទះ ​បាល់​បោះ​ និង​បាល់​ទាត់​ វាល​ស្មៅ​ធម្មជាតិ​។ ​ចំណែក​ឯ​វិមាន​កីឡា​ ដែល​សង់​លើ​ទំហំ ១៦ ​ហិកតា​ ៤ ​អា​ អាច​ផ្ទុក​មនុស្ស​បាន​ ៦០ ​០០០​ នាក់ គឺ​​អាច​ប្រើប្រាស់​ជា​ពិធី​បើក​បិទ​កីឡា​ធំៗ​ដូច​ជា​ស៊ីហ្គេម​។

រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ​បន្ថែម​ថា៖ «សាល​វិមាន ​ឬ​កីឡា ​ក្នុង​សាល​នេះ ​អាច​លេង​បាន​ច្រើន​ប្រភេទ​កីឡា ​ខណៈ​ដែល​ប្លង់​សាងសង់​រក្សា​បាន​នូវ​ប្រព័ន្ធ​អេកូឡូស៊ី និង​បរិស្ថាន​​ខ្យល់​ចេញ​ចូល​ល្អ​។ ​ជាមួយ​គ្នា​នេះ ​មាន​អគារ​ចំនួន​ ៣៤ ​ហាង​ទំនិញ​សម្ភារ ​និង​ឧបករណ៍​កីឡា​គ្រប់​ប្រភេទ​, សាល​ហាត់​កីឡា​ និង​ចំណត​រថយន្ត​បាន​ ២៥​ ០០០ ​គ្រឿង​ ជា​ពិសេស​​បច្ចេកវិទ្យា​ល្អ ​បើ​មាន​ហេតុការណ៍​​អ្វី​កើត​ឡើង ​គឺ​អាច​រំដោះ​មនុស្ស​ចេញ​ចំនួន ​៦០ ​០០០ នាក់ ​ក្នុង​រយៈពេល​តែ​ ៧ ​នាទី​ ​ដោយ​សុវត្ថិ​ភាព»​៕

វីដេអូ៖