ក្រុង​មេនឆេស្ទ័រ៖ Cristiano Ronaldo ទទួល​បាន​នូវ​ការ​វិល​ត្រឡប់​ដ៏​​រីក​រាយ​ក្នុង​នាម​​ជា​កីឡាករ​របស់​ក្រុម Manchester United (United) ដោយ​ការ​ស៊ុត​បញ្ចូល​ទី ២ ​គ្រាប់ ​រួម​ចំណែក​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម​ឈ្នះ​ Newcastle ៤-១ នៅ​មុខ​អ្នក​គាំទ្រ ដែល​ហ៊ោកញ្ជ្រៀវ​យ៉ាង​កង​រំពង​ពេញ​កីឡដ្ឋាន Old Trafford កាល​ពី​ថ្ងៃ​សៅរ៍​។

ខ្សែ​ប្រយុទ្ធ Ronaldo ឥឡូវ​នេះ មាន ១២០ ​គ្រាប់​ហើយ​ ជាមួយ​ក្រុម United តែ​ជា​ការ​ស៊ុត​បញ្ចូល​ទី​លើក​ដំបូង គិត​តាំង​ពី​បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លិប Real Madrid កាល​ពី ១២ ​ឆ្នាំ​កន្លង​ទៅ ហើយ​ក៏​ជា​គ្រាប់​បាល់​ ក្នុង​ការ​មាន​សួន​រួម​ ដើម្បី​ជួយ​រុញ​ក្រុម​របស់​លោក​​ Gunnar Solskjaer ឡើង​ទៅ​ឈរ​នៅ​ទី​កំពូល​នៃ​តារាង​ពិន្ទុ​របស់​ក្របខ័ណ្ឌ Premier League​។

«​រូប​គេ នៅ​តែ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គួរ​ឱ្យ​ខ្លាច​រអា និង​ពិសេស​ដោយ​ឡែក​។ រូប​គេ​ដឹង​ពី​​​ចង្វាក់​ពេល​វេលា​សំខាន់​ៗ នៅ​ពេល​មាន​​បាល់​​ក្បែរៗ​ខ្លួន​​»​។ គ្រូបង្វឹក​ក្រុម​ United លោក Solskjaer បាន​លើក​ឡើង​។

ក្រុម​ United ត្រូវ​បាន​សាង​ឡើង ដើម្បី​ធ្វើ​ការ​​ប្រឹងប្រែង​ឱ្យ​ខ្លាំង​ជាជាង​ការ​រំពឹង​​ត្រឹម​ ៣ ពិន្ទុ តែ​អាច​ពឹង​លើ​សញ្ជាតិញ្ញាណ​អ្នក​ប្រមាញ់​របស់​ Ronaldo ដែល​បាន​បំប៉ោង​សំណាញ់​​ទី​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ ២ ដង បន្ទាប់​ពី​គ្រាប់​ដំបូង ត្រូវ​​ក្រុម​សារិកា​ព្រៃ​តាម​ស្មើ ដោយសារ​ការ​ស៊ុត​យ៉ាង​ស្អាត​របស់​ខ្សែ​ការពារ​ស្លាប Javier Manquillo​។

ក្រោយ​មក ខ្សែ​បម្រើ Bruno Fernandes ធ្វើ​ឱ្យ​ការ​ប្រកួត​សប្ដាហ៍​ទី​៤ របស់​លីគ​កំពូល​អង់គ្លេស​នេះ ជា​ថ្ងៃ​ ដែល​​កីឡាករ​សញ្ជាតិ​ព័រ​ទុយហ្គាល់​លេច​ធ្លោ​យ៉ាង​ខ្លាំង​ ជាមួយ​នឹង​ការ​​​​ស៊ុត​ពី​ចម្ងាយ​ទម្លុះ​សំណាញ់​ទី​យ៉ាង​ស្អាត មុន​ ១០ ​នាទី​ ដែល​ហ្គេម​ត្រូវ​បញ្ចប់ ហើយ​កីឡាករ​បម្រុង Jesse Lingard ក៏​សុំ​រួម​ចំណែក ១ គ្រាប់​ពី​ជ័យ​ជម្នះ​នេះ​ដែរ ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​មាន​របួស​។

ជោគជតា​របស់​ក្រុម United នៅ​លើ​ទីលាន បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង គិត​តាំង​ពី​ការ​ចាកចេញ​របស់​កីឡាករ​ Ronaldo ដោយ​គ្មាន​ភាព​​ជោគជ័យ​ឡើយ​ មិន​ថា​ នៅ​ក្របខ័ណ្ឌ Premier League ឬ Champions League រាប់​ចាប់​ពី​លោក Alex Ferguson ចូល​និវត្តន៍​ពី​តំណែង​អ្នក​ចាត់​ការ​ក្រុម កាល​ពី​ឆ្នាំ​ ២០១៣​។​

ការ​វិល​ត្រឡប់​របស់​កីឡាករ​វ័យ ៣៦ ​ឆ្នាំ​នេះ គឺ​គ្រប់​គ្រាន់​​បង្កើត​បាន​នូវ​បរិយាកាស​ដ៏​រំជួល​ចិត្ត​ក្នុង​ចំណោម​អ្នក​គាំទ្រ ៧៤ ០០០ នាក់​ ដែល​មិន​ធ្លាប់​មាន​ក្នុង​កីឡដ្ឋាន Old Trafford ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

«​បរិយាកាស​នៅ​ជុំវិញ​ក្លិប មាន​ភាព​រស់​រវើក​ណាស់​។ អ្នក​គាំទ្រ ពិត​ជា​មាន​ភាព​រីករាយ​ណាស់​រយៈពេល ១០ ​ថ្ងៃ​ចុង​ក្រោយ​ ឬ​ច្រើន​ជាង​ហ្នឹង​។ មាន​ការ​រំពឹង​ទុក​​លើ​រូប​គេ​​ (Ronaldo) និង​ក្រុម​យ៉ាង​ខ្លាំង ហើយ​រូប​គេ​ធ្វើ​បាន​ជោគជ័យ​​»។ លោក Solskjaer បាន​បន្ថែម​។

យ៉ាង​ណា​ជាមួយ​នឹង​ជ័យជម្នះ​នេះ ក្រុម​ United ឡើង​ទៅ​ឈរ​លេខ ១ បណ្ដោះអាសន្ន​ក្នុង​តារាង​ពិន្ទុ​របស់ Premier League ក្រោយ​បញ្ចប់​ការ​ប្រកួត​ ៤ ​លើក ដោយ​មាន ១០ ​ពិន្ទុ ស្មើ​ជាមួយ​ក្រុម​លេខ ២ Chelsea ដែល​ឈ្នះ​ Aston Villa ៣-០ ក្នុងហ្គេម​បន្ទាប់​ ខណៈ​ដែល​ក្រុម​ជើងឯក​ចាស់ Manchester City នៅ​លេខ ៣ ជាមួយ​នឹង ៩ ពិន្ទុ​៕ AFP/VN