ញូវយ៉ក៖ កីឡាការិនី​វ័យ ១៨ ​ឆ្នាំ Emma Raducanu របស់​ចក្រភព​អង់គ្លេស​ បាន​ក្លាយ​ជា​អ្នក​ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​ទី១ ដែល​ឈ្នះ​ពាន​រង្វាន់​លំដាប់ Grand Slam ដោយ​ការ​ផ្ដួល​កីឡាការិនី​សញ្ជាតិ​កាណាដា Leylah Fernandez វ័យ ១៩ ​ឆ្នាំ កាល​ពី​ថ្ងៃ​សៅរ៍ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​វាយ​កូន​បាល់ (តិន្នីស) ក្នុង​កម្មវិធី US Open 2021 ផ្នែក​​នារី។

កីឡាការិនី Raducanu ដែល​​មាន​ចំណាត់​ថ្នាក់​លេខ ១៥០​ ពិភព​លោក គឺ​ជា​ស្ត្រី​របស់​ចក្រភព​អង់គ្លេស​ដំបូង​គេ​ ក្នុង​រយៈពេល ៤៤ ​ឆ្នាំ ដែល​អាច​គ្រង​ជើងឯក​ពាន​ក្នុង​កម្មវិធី​លំដាប់ Grand Slam បែប​នេះ​បាន បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​ចំណាត់​ថ្នាក់​លេខ ៧៣ ពិភព​លោក Fernandez ដែល​មាន​ជំនាញ​ដៃ​ឆ្វេង​ក្នុង​លទ្ធផល ៦-៤ និង ៦-៣​។

មិន​មាន​​រាប់​តាំង​ពី​អតីត​កីឡាការិនី Virginia Wade ក្នុង​ព្រឹត្តិការណ៍ Wimbledon កាល​ពី​ឆ្នាំ​ ១៩៧៧​ ដែល​ស្ត្រី​របស់​ចក្រភព​អង់​គ្លេស​បាន​​ឈ្នះ​ពាន​លំដាប់ Grand Slam បែប​នេះ​ ដោយ​កីឡាការិនី​ Raducanu ជា​អត្តពលិក​អង់គ្លេស​​ទី១ ដែល​អាច​ដណ្ដើម​ពាន US Open មក​គ្រប់​គ្រង​រាប់​តាំង​ពី​អតីតកីឡាការិនី Wade ធ្វើ​បាន​ក្នុង​ឆ្នាំ​ ១៩៦៨​។

ការ​ប្រកួត​រវាង​កីឡាការិនី​ដ៏​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​នេះ ជា​លើក​ដំបូង​ ដែល​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​ Grand Slam មាន​សុទ្ធ​តែ​អត្តពលិក​វ័យ​ក្មេង​ទាំង​អស់​រាប់​តាំង​ពី​កីឡាការិនី​វ័យ ១៧ ​ឆ្នាំ Serena Williams យក​ឈ្នះ Martina Hingis វ័យ ១៨ ​ឆ្នាំ​ លើក​ពាន US Open ក្នុង​ឆ្នាំ​ ១៩៩៩​។​

កីឡាការិនី Raducanu គឺ​ជា​អ្នក​គ្រង​ជើងឯក​កម្មវិធី US Open វ័យ​ក្មេង​បំផុត​ជាង​គេ​ គិត​ចាប់​ពី​កីឡាការិនី Williams ក្នុង​ឆ្នាំ​ ១៩៩៩ មក​ ហើយ​ក៏​ជា​អ្នក​ឈ្នះ​ពាន US Open ដំបូង​គេ​ដែរ​ ដែល​មិន​ភា្លត់​ចាញ់​ ១ សិត តាំង​ពី​កីឡាការិនី Williams ធ្វើ​បាន​ក្នុង​លទ្ធផល​បែប​ហ្នឹង​ក្នុង​ឆ្នាំ ​២០១៤​។

«​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​តែ​ចូល​ឱ្យ​ជ្រៅ​ជាង​នេះ​។ វា​ជាការ​ប្រកួត​ដ៏​តានតឹង​ពិត​មែន​ តែ​ខ្ញុំ​គិត​ថា កម្រិត​ គឺ​ពិត​ជា​ខ្ពស់​ណាស់​។ ខ្ញុំ​ត្រូវ​តែ​ប្រឹងប្រែង​​វាយ​តិន្នីស ជាមួយ​នឹង​ទម្រង់​លេង​ដ៏​ល្អ​បំផុត»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Raducanu ដែល​បាន​និយាយ បន្ទាប់​ពី​បានឈ្នះ​ពាន​រង្វាន់​អម​ដោយ​ប្រាក់​រង្វាន់​ចំនួន ២,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕ AFP/VN