ក្រុងឡុងដ៍​៖ ក្រុមតោខៀវ Chelsea បាន​បំបាក់​ក្រុម​ Aston Villa ៣-០ កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ជ័យ​ជម្នះ​លើក​ទី ៦០០ របស់​ពួកគេ នៅ​ក្រប​ខ័ណ្ឌ Premier League នេះ បាន​ជួយ​ឱ្យ​ពួក​គេ​ ឡើង​ទៅ​ឈរ​នៅ​ទី​កំពូល ក្នុង​តារាង​ពិន្ទុរួម​​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ខណៈ​ដែល​កីឡាករ Romelu Lukaku និង Mateo Kovacic អាច​បំប៉ោង​សំណាញ់​លើក​ដំបូង​បាន ក្នុង​ការ​ប្រកួត នៅ​កីឡដ្ឋាន Stamford Bridge​​។

ខ្សែ​ប្រយុទ្ធ Lukaku ដែល​កាល​ពី​មុន ក្នុង​ទឹក​ដីអង់គ្លេស​នេះ បាន​លេង​ឱ្យ​ក្រុម Man United, Everton និង West Bromwich Albion មិន​ដែល​ធ្លាប់​ស៊ុត​បញ្ចូល​ទី ក្នុង​ទឹក​ដី​នេះ​ទេ ដោយ​សូម្បី​ពេល​រួម​អាជីព​លើក​ទី១ ជាមួយ​ក្រុម Chelsea តែ​កីឡាករ​អន្តរជាតិបែលហ្ស៊ិករូប​នេះ ទី​បំផុត ធ្វើ​បាន​សម្រេច​ហើយ ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​លើក​ទី ១៥ របស់​ខ្លួន ដោយ​ការ​ស៊ុត​គ្រាប់​បាល់​បើក​ឆាក​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​។

នៅ​នាទីទី១៥ ខ្សែបម្រើ Kovacic បាន​ធ្វើការ​បញ្ជូន​បាល់​កាត់​តំបន់​កណ្ដាល​របស់​ក្រុម Villa ហើយ​បាល់​រត់​យ៉ាង​រលូន​​តម្រង់​ទៅ​កីឡាករ Lukaku ដែល​ទទួល​បាល់​បាន​យ៉ាង​ល្អ មុននឹង​បណ្ដើរ​បាល់​ទៅ​ស៊ុត​បញ្ចូល​ទី ដោយការ​ញាក់​ផុតខ្សែការពារ​ Axel Tuanzebe​។

កីឡាករ Lukaku ធ្វើ​បាន​សម្រេច​គ្រាប់​ទី​២ ពី​ការ​ប្រកួត​នេះ ក្នុងម៉ោង​បន្ថែម​បង្គ្រប់​មាន​របួសនៃ​វគ្គ​ទី២ នៅ​ពេល​ដែល​ខ្សែ​ការពារ Cesar Azpilicueta មើល​ឃើញ​រូប​គេ​​ នៅ​មុខ​ប្រអប់​គ្រោះ​ថ្នាក់ ហើយ​ក៏​បញ្ជូន​បាល់​ទៅ​ឱ្យ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​វ័យ​ ២៨​​ ​ឆ្នាំ ទទួល​បាល់​ ហើយ​ក៏​ស៊ុត​ដោយ​ជើង​ឆ្វេង​របស់​ខ្លួន ទម្លុះ​សំណាញ់​ទី​យ៉ាង​អស្ចារ្យ​ ជួយ​ឱ្យ​ក្រុម Chelsea ​នាំ​មុខ ៣-០​​។

«Lukaku ពោរ​ពេញ​ទៅ​ដោយ​ទំនុក​ចិត្ត និង​ដឹង​ច្បាស់​យ៉ាង​ច្បាស់​លាស់​​នូវ​អ្វី ដែល​គេ​ចង់​ធ្វើ​។ រូប​គេ​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ ហើយ​មាន​ភាព​ជឿជាក់​ល្អ​ណាស់ ក្នុង​ការ​ស៊ុត​បញ្ចូល​ទី ដូច្នេះ គេ​បាន​ជួយ​​ពួក​យើង​ច្រើន​ណាស់​។ យើង​គេច​មិន​ផុត​ពី​ការ​មាន​​លទ្ធផល​ល្អ​ឥត​ខ្ជោះ ពេល​ល្ងាច​ដ៏​ល្អ​ខ្ជោះឡើយ សម្រាប់​ខ្សែ​ប្រយុទ្ធ​របស់​យើង​»​។ នេះ​ជា​ប្រសាសន៍​របស់​គ្រូបង្វឹក​ក្រុម​ Chelsea លោក Thomas Tuchel ដែល​បាន​ប្រាប់​ទៅ​ទូរទស្សន៍ Sky Sports​។

ដោយ​ឡែក​សម្រាប់​កីឡាករ Kovacic អាច​មាន​​ឈ្មោះ​របស់​ខ្លួន ​នៅ​លើ​ផ្ទាំង​ដាក់​ពិន្ទុ​បាន ដោយសារ​​បាន​ឆក់​ឱកាស​ពី​ការ​ភ្លាត់​ស្នៀត​របស់​ខ្សែ​ការពារ Tyrone Mings ដែល​មាន​បំណង​បញ្ជូន​បាល់​​ទៅ​​ឱ្យ​អ្ន​ក​ចាំ​ទី Jed Steer តែ​សំណាង​មិន​ល្អ ត្រូវ​ខ្សែបម្រើ​សសញ្ជាតិ​ក្រូអាស៊ី​ រូបនេះឆាប​បាល់​បាន ហើយ​ស៊ុត​គ្រាប់​ទី២ ឱ្យ​ក្រុមម្ចាស់​ផ្ទះ​បាន​សម្រេច​។

ក្រោយ​បញ្ចប់​ហ្គេម​ទី៤ របស់​ខ្លួន ក្រុម Chelsea ឈរ​នៅ​​លេខ​រៀង​ទី២ ក្នុង​តារាង​ពិន្ទុ​របស់​ក្រប​ខ័ណ្ឌ Premier League ដោយ​មាន​ ១០​ ពិន្ទុ​ ស្មើ​នឹង​ក្រុម​លេខ ១ Man United៕ AFP/VN