ភ្នំពេញ៖ សហព័ន្ធ​ខ្មែរ​កីឡា​​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត​បាន​សម្រិតសម្រាំង​ក្រុម​ជម្រើស​ជាតិ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ​គឺ​មាន​ចំនួន​រហូត​ដល់ ១៤ ​នាក់ និង​គ្រូ​បង្វឹក​ម្នាក់ ដើម្បី​​ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន ដើម្បី​ពង្រឹក​សមត្ថភាព​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១ ​ឆ្នាំ​ ២០២១ ​នៅ​ប្រទេស​វៀតណាម​ ដែល​បាន​លើក​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​ ២០២២ និង​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។

ទោះ​​ផែនការ​បញ្ជូន​​អត្តពលិក​ជម្រើស​ជាតិ​កម្ពុជា​ទៅ​​​ហាត់​នៅ​ចិន​នេះ​ ​ត្រូវ​បាន​ពន្យារពេល​​ជា​​ច្រើន​លើក​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​ក្រោម​ការ​អនុញ្ញាត​របស់​គណៈកម្មាធិការ​​ជាតិ​រៀបចំ​កីឡា​ស៊ីហ្គេម​លើកទី​២៣ ឆ្នាំ​ ២០២៣ (CAMSOC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្ម​ស្ម័គ្រចិត្ត ​កំណត់​ឈ្មោះ​បេក្ខភាព​រួចរាល់​ហើយ សម្រាប់​ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់​នេះ ក្នុង​នោះ​មាន​ លោក គៀង សាម៉ន ជា​គ្រូបង្វឹក កីឡាករ ណឹប ច័ន្ទយ៉ូរ៉ុង, ទត សាលីន, យ៉ត ពិទូចាន់ទិវា, សាត ឧត្តម, ឈុន ប៊ុនថង, ផាត សុភុត, ឧក រ៉ូហីត, ហឿន ចាវ, ស៊ីម សាមឌី, រ៉ឹម ចាន់រដ្ឋា កីឡា​ការិនី ឌួង ស្រីភាព, សាង លីដា, កាន់ ស្រីរ័ត្ន និង ផន សុវណ្ណារ៉ា។

លោក ​សំ ហេង​បុរស​ ប្រធាន​​សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្ម​ស្ម័គ្រចិត្ត​ប្រាប់​​ថា​៖ «​សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ កីឡាការិនី​ចំនួន​ ១៤ ​នាក់ ​និង​គ្រូបង្វឹក​ម្នាក់​ទៅ​ហ្វឹកហាត់​នៅ​​ចិន ​ដើម្បី​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​កីឡា​កម្ពុជា ពី​ឆ្នាំ​ ២០២១​ ដល់​ឆ្នាំ​ ២០២៣ ​ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១ នៅ​​វៀតណាម​ និង​ស៊ីហ្គេម​លើក​ទី៣២ ​ឆ្នាំ ២០២៣​ នៅ​កម្ពុជា​»​។​

លោក​បន្ត​ថា ​ការ​ត្រៀម​​ទៅ​​ចិន​នេះ ​​អត្តពលិក​ទំាង ​១៤ ​នាក់​​នោះ ​ផ្តោត​លើ​វិញ្ញាសា​រត់​ចម្ងាយ ​លោត​ចម្ងាយ ចោល​ដុំ​ដែក​ និង​លោត​កម្ពស់​។ ចំណែក​​កីឡាករ​រត់​ចម្ងាយ ​ប៉ែន ​សុខគង់​ សព្វ​ថ្ងៃ​កំពុង​​ហាត់​នៅ​ជប៉ុន ក្រោយ​​បញ្ចប់​ការ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​។

ចំណែក​លោក​ វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​ CAMSOC ​ប្រាប់​ថា​៖​ «ក្រុម​អត្តពលិក និង​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​កម្ពុជា ​សរុប​ ១៣៥ ​នាក់​ មក​ពី​ ១២​ ប្រភេទ​កីឡា នឹង​ត្រៀម​ទៅ​ហាត់​នៅ​​ចិន​ ហើយ​អ្នក​ទាំង​នេះ ​ជា​អត្តពលិក​មាន​សមត្ថភាព​ខ្ពស់ៗ​ជាង​គេ​បំផុត ​ដែល​ភាគី​ចិន ​ជា​អ្នក​មក​ជ្រើសរើស​ដោយ​ខ្លួន​ឯង ​និង​ផ្តល់​ជូន​មក​កម្ពុជា»​។

លោក​បន្ថែម​ថា៖​ «កម្មវិធី​នេះ​ ​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​​ចិន​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​សហការ​មិត្តភាព​យូរ​អង្វែង​កម្ពុជា-​ចិន ហើយ​ក្រោយ​​ជំនួប​រវាង​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន ​សែន ​និង​លោក ​វ៉ាង ​យី ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន ​គឺ​បាន​​​សម្របសម្រួល​ជា​ថ្មី​ឱ្យ​​អត្តពលិក និង​​គ្រូ​បង្វឹក​សរុប​​ចំនួន​ ១៣៥​ នាក់ ចេញ​ទៅ​ហាត់​នៅ​ចិន»។

លោក ចំរើន ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ការ​ហ្វឹកហាត់​នៅ​ចិន​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើ​ប្រភេទ​កីឡា​ផ្សេង​ទៀត​ដូចជា ​ការ៉ាតេ ត្រៀម​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន កីឡា​តេក្វាន់ដូ​ (WT) ​ទៅ​ហាត់​​នៅ​សាធារណរដ្ឋ​កូរ៉េ ​ចំណែក​​កីឡាករ​ កីឡាការិនី​​ រស់នៅ​ក្រៅ​ប្រទេស​ ជា​កូន​ខ្មែរ​កាត់​សញ្ជាតិ​ផ្សេងៗ​ទៀត ​ដូចជា​ កីឡាការិនី​ជឺជីត​ស៊ូ​ ខាន់ ចេសា ដែល​ឈ្នះ​មេដាយ​មាស​កីឡា​អាស៊ី​ ឆ្នាំ ២០១៨ និង​​កីឡា​ស៊ីហ្គេម ​ឆ្នាំ ២០១៩ ​ក៏​ត្រូវ​បាន​​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​ការ​ហ្វឹកហាត់​ក្នុង​ពេល​ដំណាល​គ្នា​ផង​ដែរ ​​តាម​ស្ថានភាព​ជាក់​ស្តែង​៕