ភ្នំពេញ៖ អង្គការផ្កាយ​សមុទ្រកម្ពុជា​ (ISF) ដែល​​ផ្តោត​លើ​ការ​អប់​រំ ​និងការ​​លេង​កីឡា​បាល់​ទាត់​ សម្រាប់​កុមារាកុមារី​ គ្មាន​ទី​ពឹង ​ឬ​គ្មាន​លទ្ធភាព​ចូល​សាលា​រៀន​​នោះ ​បានជាប់​ជា​បេក្ខភាព​សម្រាំង​ ១ ក្នុងចំណោម​បេក្ខភាពអង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ​១៦ ដែល​ត្រូវប្រកួត​ប្រជែង​​ក្នុង​កម្មវិធី​ពានរង្វាន់​អន្តរជាតិ មាន​​ឈ្មោះ​ថា​ ​People’s Choice Awards ​ហេតុ​​នេះ ISF កំពុង​ត្រូវ​ការ​​សំឡេង ​បោះ​ឆ្នោត​ពី​ប្រជាជន​កម្ពុជា ដើម្បី​អាច​ឈាន​ទៅ​រក​ការ​ឈ្នះ​ពាន​រង្វាន់​​កម្រិត​អន្តរ​ជាតិមួយ​នេះ។

តាម​រយៈ​​ការ​ធ្វើ​​សកម្ម​ភាព និង​ប្រ​តិបត្តិ​ការ ​​អស់​រយៈពេល ​១៥ ​ឆ្នាំមក​​នេះ ​ ISF បាន​ជួយ​កូន​ខ្មែរ​ក្រី​ក្រ​​ឱ្យ​បាន​ចូល​រៀន​ និង​បណ្តុះ​បណ្តាល​​ផ្នែក​កីឡា​បាល់​​ទាត់​បាន​ជាង ​៣​០០០ ​នាក់។ ​ជាមួយគ្នា​នេះ អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ ជុំ​វិញ​ពិភព​លោក ​បាន​ស្រង់​ទិន្នន័យ​សកម្មភាព​ការ​​ងារ​​របស់​ ISF ហើយ​​​បាន​​ដាក់​​ជា​​អង្គការ​កំពូល​​ទាំង​ ១៦​ ដែល​​​ត្រូវ​​បោះ​ឆ្នោត​ជ្រើស​រើស​ចំណាត់​ថ្នាក់​លេខ ​១ ​ខណៈ​កម្មវិធី​នេះ ​តម្រូវ​​ឱ្យ​​ប្រជាជន​ខ្មែរ​ ចូល​រួមបោះឆ្នោត​ និង​បរិច្ចាគ​តាម​ប្រព័ន្ធ​អនឡាញ​ ចាប់​ពី​ថ្ងៃទី ១៣​ ដល់​ថ្ងៃទី ​១៧​ ខែ​ កញ្ញា ​ឆ្នាំ​ ២០២១ ​ដើម្បី​សម្តែង​មតិ​គាំ​ទ្រ​ ប្រជែង​ក្នុង ​១៦ ​អង្គការ ​នៅ​លើ​ពិភព​លោក​។​​

កញ្ញា​ ជួប ​វិច្ឆិកា​ នាយិការ​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​ ​ដែល​ធ្លាប់​ឆ្លង​កាត់​ការងារ​នេះ ​តាំង​ពី​បុគ្គ​លិក​តូច​តាច រហូត​​មាន​តួនាទី​ជា​អ្នក​​គ្រប់​គ្រង​ជាន់​ខ្ពស់នោះ ​បាន​​ប្រាប់​​ថា​៖ ​«អង្គការ ​​ISF កម្ពុជា​ ដំបូង​គេ​បង្អស់ ​បាន​ជាប់ជា​បេក្ខភាព​សម្រាំង​ ក្នុង​កម្មវិធី​ពានរង្វាន់​អន្តរជាតិ​ ​People’s Choice Awards ​សម្រាប់​អង្គការល្អបំផុត ក្នុង​ប្រភេទ​ពានរង្វាន់​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​អង្គការ​មិនរក​ប្រាក់​ចំណេញ»​។

នៅ​ក្នុង​ចំណោម​អង្គការ​ទាំង ​១៦ ដែលបានជាប់​ជា​បេក្ខភាព ត្រូវប្រកួតប្រជែង​គ្នា​នោះ ​ក៏​មាន​អង្គការ Dubai Economy,​ The Turkish Technology Foundation and California State និង USA ផងដែរ ចំណែក​ម្ចាស់​ជយលាភី​ នឹង​ត្រូវ​សម្រេច​តាម​រយៈ​ការ​បោះ​ឆ្នោត​​​ជា​​សាធារណៈ ​ហើយ​ជា​មួយគ្នា​នេះ ​អង្គការ​ផ្កាយ​សមុទ្រកម្ពុជា ​បាន​​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទាំង​​អស់ ​ឱ្យ​ចូល​រួមបោះ​ឆ្នោត​ទាំង​អស់គ្នា​។​

កញ្ញា​ ជួប ​វិច្ឆិកា ​បាន​បញ្ជាក់​ថា​ ការបោះ​ឆ្នោត​ចំណាយ​ពេល​តិច​ជាង​មួយនាទី​ប៉ុណ្ណោះ ដោយ​លោក​អ្នក​ គ្រាន់តែ​ចុច​លើ​តំណ​ភ្ជាប់​ទៅ​វេប​សាយ​ www.bit.ly/voteISF ​ហើយ​បញ្ចូល​លេខកូដ ​Y129V ​រួច​មើល​តាម​ការ​ណែនាំ​ជា​ការស្រេច​។ ​លោកអ្នក​អាចធ្វើ​ការបោះឆ្នោត​ ដោយ​មិនបាច់​ចុះឈ្មោះ​ក្នុង​បញ្ជី​អ៊ីម៉ែលនោះ​ទេ។

​«បន្ថែម​ពី​លើ​នេះ​ អង្គការ​ផ្កាយសមុទ្រ​កម្ពុជា​ ក៏​កំពុង​តែ​ប្រារព្ធ​ខួបលើក​ទី ១៥ ឆ្នាំ​របស់​ខ្លួន​ ដោយ​អំពាវ​នាវ​ឱ្យ​​មាន​ការ​ចូល​រួម​ក្នុង​កម្មវិធី​បរិច្ចាគ ​ដែល​រាល់​ការបរិច្ចាគ​ថវិកា​ ចាប់ពី ​៥០​ដុល្លារ ឡើង​ទៅនៅ​លើ​គេហទំព័រ ​www.bit.ly/giveISF​ ខណៈ​កម្មវិធី​នេះ​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី ១៣ ​ដល់​ថ្ងៃទី ១៧​ ខែ កញ្ញា​ ២០២១ នេះ»​។ កញ្ញា​ ជួប ​វិច្ឆិកា បាន​បញ្ជាក់បន្ថែម។

ចំណែក​លោក ​យិន ​សាមឌី​ អ្នក​សម្រប​សម្រួល​អង្គការ​ផ្កាយសមុទ្រ​កម្ពុជា​ បាន​ឱ្យ​​ដឹង​ថា​៖​​ «បើទោះបីជា រយៈ​ពេល​ ១៨ ​ខែ ​ចុងក្រោយ​នេះ​ ជា​ពេលវេលា​មួយ​ដ៏​លំបាក ដោយសារ​​បញ្ហា​កូវីដ ​១៩ ក៏ពិតមែន ​ប៉ុន្តែ​ក្រុម​ការងារ​របស់​អង្គការ​ផ្កាយសមុទ្រ​កម្ពុជា ​នៅតែ​បន្ត​ដំណើរ​ការ​បាល់​ទាត់​​របស់​ខ្លួន ​ជា​បន្ត​បន្ទាប់»។

លោក​បាន​បន្ថែម​ថា៖ ​«​ចំណែក​ការ​​ជាប់​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ល្បី ​របស់ ISF ​ក្នុង​ចំណោម​​អង្គការ ១៦ លើក​​នេះ ​គឺ​មោទនភាព​ខ្លាំង​ណាស់​ សម្រាប់​មុខ​មាត់​កម្ពុជា​ ក្នុង​ការ​បណ្តុះ​បណ្តាល​កុមា​រផ្នែក​អប់​រំ ​និង​បណ្តុះ​បណ្តាល​លេង​បាល់​ទាត់ ​ស្រប​ទៅ​នឹង​ខួប​ ១៥​ ឆ្នាំ​ផង​ដែរ​ដូច្នេះ យើង​សូម​ថ្លែង​អំណរ​គុណដល់​អ្នកទាំង​អស់គ្នា​ ចំពោះការគាំទ្រ​ប្រកបដោយ​សមាន​ចិត្ត​អស់​រយៈពេល​ជាង ១៥ ​ឆ្នាំ​មក​នេះ​ គឺ​ជួយ​កូន​ខ្មែរ​បាន​ច្រើន​ណាស់»​។

គួរ​បញ្ជាក់​ថា​ ការ​ជាប់​ជា​បេក្ខភាព​សម្រាំង កម្មវិធី​ពាន​រង្វាន់​នេះ ​គឺ​សម្រាប់​តែ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ Stevie International Business Award រួចហើយ​តែប៉ុណ្ណោះ​។ ជា​មួយ​គ្នា​នេះ​ អង្គការ​ផ្កាយ​សមុទ្រ ​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ប្រាក់​ សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​គំរូ ដែល​ធ្វើ​ឱ្យ​​អង្គការ​នេះ ​មាន​ឈ្មោះ​ដោយ​ស្វ័យ​ប្រវត្តិ ​ក្នុង​កម្មវិធី​ពានរង្វាន់​ People’s​Choice Awards នេះ​។​

យោង​​តាម​ឯកសារ​ សម្ម​ភាព​ការងារ​របស់​​អង្គការ​ផ្កាយសមុទ្រ​កម្ពុជា ​គឺ​អង្គការ​មួយនេះ ត្រូវ​​បាន​បង្កើត​ឡើង ​ក្នុងឆ្នាំ​ ២០០៦​ ក្នុង​គោល​បំណង​បង្កើត​ឱកាសថ្មីៗ​ សម្រាប់​កុមារា​កុមារី​ ក្រីក្រ​ នៅកម្ពុជា​ ដែល​កំពុង​រស់នៅ​ក្នុងតំបន់​អនាធិបតេយ្យនៅ​ទី​ក្រុង​ភ្នំពេញ។​

ជាមួយគ្នា​នេះ អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ផ្តោត​ទៅលើ​ក​ម្មវិធី​ចំនួន​ ២​ គឺ​ ទី១ កម្មវិធី​អប់រំ​ ​ជួយ​ដល់កុមារ ​ដែល​គ្មាន​លទ្ធភាព ​ទទួល​បាន​ការ​រៀនសូត្រ​ និង​ផ្តល់​ការអប់រំ​ពន្លឿន​ ដែល​ជួយ​ពួក​គេ​ឱ្យ​​អាច​រៀន​ទាន់​កម្មវិធី​អប់រំ​របស់​សាលារដ្ឋ​បាន​ ហើយ​​ទី២ ​កម្មវិធី​បណ្តុះ​បណ្តាល​បាល់ទាត់​ ដែល​ផ្តល់​ឱ្យ​​កុមារា​កុមារី​ក្រីក្រ​ជាច្រើន ​នៅទូទាំង​ប្រទេស​កម្ពុជា ​នូវ​ឱកាស​លេង​កម្សាន្ត ​រៀន​សូត្រ​ និង​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួកគេ ​ដោយ​មាន​កីឡាករ​កីឡាការនី​ចំនួន​ ៣ ០០០​ នាក់​៕