ក្រុង​ម៉ាឌ្រីដ​៖ ខ្សែប្រយុទ្ធ Karim Benzema បំប៉ោង​សំណាញ់​ទី៣ ​គ្រាប់ ខណៈ​ដែល​ក្រុម​អធិរាជស Real Madrid វិល​មក​កាន់កីឡដ្ឋានជួស​ជុល​ថ្មី Santiago Bernabeu​​ ជាមួយ​នឹងការ​វាយ​បក​យក​ជ័យ​ជម្នះ​លើក្រុម​ភ្ញៀវ ​Celta Vigo ៥-២ ពី​ការ​ប្រកួត ក្នុង​ក្រប​ខ័ណ្ឌ La Liga កាល​ពី​ថ្ងៃ​អាទិត្យ​។

កីឡាករ​សញ្ជាតិ​បារាំង Benzema មិនបាន​ចូល​លេង​ជាច្រើន​ដង ខណៈ​ដែល​ក្រុម Real ធ្វើ​ការ​ប្រកួត ដោយ​មាន​វត្ត​មាន​អ្នក​គាំទ្រ​ឡើង​វិញ ដែល​ជាលើក​ដំបូង គិត​តាំង​ពី​ថ្ងៃ​ទី ១ ខែ ​មីនា ឆ្នាំ​ ២០២០ មក​។​

តែ​យ៉ាង​ណា​ អ្នក​គាំទ្របាន​​ស្រឡាំង​កាំង ​នឹង​គ្រាប់​បាល់​របស់កីឡាករ Santi Mina ដែល​ជួយ​ឱ្យ​ក្រុម​ភ្ញៀវនាំ​មុខ​មុន ​ត្រឹម​តែ ៤ ​នាទី​ប៉ុណ្ណោះ​។ ក្រុម​ Real តប​ត​វិញ​បាន​ល្អ ដោយ​គៀប​សង្កត់​ និង​ដាក់​សម្ពាធ​រឿយ​ៗ ​ទៅ​លើ Celta វិញ រហូត​តាម​ស្មើ​បាន នៅ​នាទីទី​ ២៤ នៅ​ពេល​កីឡាករ ​​Benzema ធ្វើ​បាន​សម្រេច​ ក្រោយ​ខ្សែបម្រើ Federico Valverde បញ្ជូន​មក​ឱ្យ​។

កីឡាករ Franco Cervi ជួយ​ឱ្យ​ក្រុម Celta នាំមុខ​ជាថ្មី​ នៅ ៧ នាទី​បន្ទាប់ ខណៈ​ដែល​ក្រុម​ម្ចាស់​ផ្ទះ​ តាម​ពី​ក្រោយ​ ២-១ ពេល​សម្រាក​តង់​ទី ១។ ចូល​វគ្គ​ទី២ ត្រឹម​តែ​ ២ នាទី​ កីឡាករ Benzema ជួយ​ឱ្យ​ក្រុម Real តាម​ស្មើ​ជាថ្មី ហើយ​ក្រោយ​មក​ បាន​រួម​សហការ​ជួយ​ឱ្យ​ខ្សែប្រយុទ្ធ Vinicius Junior ទម្លុះ​សំណាញ់ ដើម្បី​ឱ្យ​ក្រុម​របស់​លោក Carlo Ancelotti ជាអ្នក​នាំ​មុខ​វិញ​ម្ដង​។

កីឡាករ​ចំណូល​ថ្មី Eduardo Camavinga ដែល​ដូរ​ចូល​ជំនួស ​Eden Hazard នៅ​នាទីទី​៦៦ បាន​ស៊ុត​បញ្ចូល​ទី ​នៅ​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង ដើម្បី​បន្ថែម​នាំមុខ​ឱ្យ​ក្រុម​អធិរាជស ខណៈ​ដែល​​ក្រោយ​មក​ ខ្សែបម្រើ​វ័យ​ក្មេង​សញ្ជាតិ​បារាំង​រូប​នេះ ជាអ្នក​ធ្វើ​ឱ្យ​ក្រុម​ទទួល​បាន​បាល់​ពិន័យ ១១ ​ម៉ែត្រ ហើយ​កីឡាករ​ Benzema មិន​បណ្ដោយ​ឱ្យ​ឱកាស​នេះ​បាត់​បង់​ជាមួយ​នឹង​ការ​ស៊ុត​សម្រេច​គ្រាប់​ទី៣​ របស់​ខ្លួន​ពី​ការប្រកួត​នេះ​។

គ្រាប់​បាល់​ហ៊ែតទ្រិក​នេះ នាំ​ឱ្យ​កីឡាករ Benzema មាន​គ្រាប់​បាល់​​​ចំនួន ៥ គ្រាប់ហើយ​ពី​ការ​ចូល​លេង ៤ ហ្គេម​ដំបូង ​នៃ​រដូវកាល​នេះ​។​

គ្រូបង្វឹក​របស់​ក្រុម Real លោក Ancelotti មាន​ប្រសាសន៍​ថា៖ «​ក្រុម​មាន​គុណភាប​ល្អ​ណាស់ នៅ​តំបន់​ប្រយុទ្ធ នោះ​គឺ​ច្បាស់​ណាស់​។ អ្វី ដែល​នៅ​មិន​ទាន់​ប្រសើរ នោះ​គឺ​តំបន់​ការពារ ដែល​​ត្រូវ​តែ​ធ្វើ​ការ​កែលម្អ​»​។

យ៉ាង​ណា​ ក្រោយ​បញ្ចប់​ប្រកួត​ទី៤​ នេះ ក្រុម​យក្ស​នៅ​ក្រុង​ម៉ាឌ្រីដ កំពុង​ឈរ​ទី១ ក្នុង​តារាង​ពិន្ទុ​របស់​ La Liga ដោយ​មាន ១០​ ពិន្ទុ ស្មើ​ជាមួយ​ក្រុម​លេខ ២ Valencia និងក្រុម​​លេខ ៣ Atletico Madrid ដែល​ជា​ក្រុម​ការពារ​ជើង​ឯក​៕ AFP/VN