ក្រុង​លីដ៖ គ្រាប់​ទី ១០០​ របស់​ខ្សែ​ប្រយុទ្ធ Mohamed Salah ក្នុង​ក្រប​ខ័ណ្ឌ Premier League បាន​រួម​ចំណែក​ជួយ​ឱ្យ​ក្រុម​ហង្សក្រហម Liverpool មាន​ជ័យ​ជម្នះ ៣-០ លើ​​ក្រុម​ម្ចាស់​ផ្ទះ Leeds United ដែល​សល់​គ្នា​តែ ១០ ​នាក់ អំឡុង​ការ​ប្រកួត​ ដែល​ត្រូវ​បាន​បាំង​បិទ​ដោយ​របួស​ភ្លាត់​ក​ជើង​របស់​កីឡាករ​វ័យ​ក្មេង Harvey Elliott​ កាល​ពី​ថ្ងៃ​អាទិត្យ​។

​បន្ទាប់​ពី​ចាប់​ផ្ដើម​ហ្គេម​យ៉ាង​លឿន​ Salah បាន​ក្លាយ​ជា​កីឡាករ​ទី ៣០ ក្នុង​ការ​​ចូល​រួមជាមួយ​កីឡាករ​ ដែល​រក​បាន ១០០ គ្រាប់​ ឱ្យ​ក្លិប​របស់​ Premier League ក្នុង​នាទីទី​២០ ដោយ​ការ​ទម្លុះ​សំណាញ់​ទី​​ឱ្យ​ក្រុម​ហង្ស​​ក្រហម ​នាំ​មុខ ពេល​ខ្សែ​ការពារ Trent Alexander-Arnold បញ្ជូន​​បាល់កាត់​ចូល​មកក្នុង​តំបន់​គ្រោះ​ថ្នាក់​។

ក្រុម​ភ្ញៀវ Liverpool បណ្ដោយ​ឱ្យ​​ឱកាស​ជាច្រើន​​បាត់​បង់ ក្នុង​ការ​បាន​នាំ​មុខ ២-០ ក្នុង​វគ្គ​ទី១ មុន​ពេល​ខ្សែ​បម្រើ Fabinho បង្កើត​ឱ្យ​មាន​នូវ​គ្រាប់​បាល់​នោះ នៅ​ដើម​វគ្គ​ទី២ ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់​លោក​ Juergen Klopp ធ្វើ​ដំណើរ​លើ​វិថី​ នៃ​ការ​ដណ្ដើម​បាន ៣ ពិន្ទុ​ ពីក្រុម​ក្នុង​តំបន់ Yorkshire ខាង​លិច​។​​​

តែ​យ៉ាង​ណា ជាមួយ​នឹង​ភាព​រីក​រាយ​ នៃ​ការ​នាំ​មុខ​នោះ ក៏​មាន​នូវ​សញ្ញា​គួរ​ឱ្យ​បារម្ភ​ កើត​មាន​ឡើង​ផង​ដែរ​ ខណៈ​ដែល​ខ្សែ​បម្រើ Elliott ចាំបាច់​ត្រូវ​ព្យាបាលយ៉ាង​យូរ ​នៅ​លើ​ទីលាន បន្ទាប់​ពី​​ត្រូវ​បាន​​ផ្ដួល​ខ្លួន​យក​បាល់​ពី​ក្រោយ ​ដោយកីឡាករ Pascal Struijk របស់​ក្រុម Leeds ដែល​កីឡាករ​​បម្រុង​រូប​នេះ​ ត្រូវ​អាជ្ញា​កណ្ដាល​ផ្ដល់​កាត​ក្រហម ​ដោយ​ត្រង់​តែ​ម្ដង ព្រោះ​ការ​ប្រព្រឹត្តកំហុស​នោះ អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​គូ​បដិបក្ខ​។​

កីឡាករវ័យ ១៨ ​ឆ្នាំ Elliott ត្រូវ​បាន​សែង​ចេញ​ពី​​ទីលាន​ ដោយ​មាន​ការ​ទះ​ដៃ​ផ្ដល់​កម្លាំង​ចិត្ត ​ពី​អ្នក​គាំទ្រ​របស់​ក្រុម ​​​Leeds ពេល​រូប​គេ ​ត្រូវ​បាន​ដាក់ចុះ​ នៅ​កន្លែង​ខ្សែ​បន្ទាត់នៃ​ទីលាន​​​។

«​វា​ពាក់ព័ន្ធ ​នឹង​ក​ជើង​របស់​គេ។ ខ្ញុំ​ត្រូវ​បាន​ប្រាប់​ថា វា​ជា​ការ​ភ្លាត់​ជើង​ ហើយ​ពួក​គេ មិន​អាចទាញ​វា​ឱ្យ​ដូច​ដើម​វិញ​បាន ហើយ​រូប​គេ​ពេល​នេះ កំពុង​នៅ​មន្ទីរ​ពេទ្យ​»​។ នេះ​ជាការ​ប្រាប់​ឱ្យ​ដឹង​សំណាក់​គ្រូបង្វឹក​របស់​ក្រុម Liverpool លោក Klopp​។

កីឡាករ​ Elliott បាន​ផូស្ត​ នៅ​លើ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន មុន​ការ​ប្រកួត​បញ្ចប់ថា «​អរគុណ​សម្រាប់​សារ​លើក​ទឹក​ចិត្ត។ ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ជា​សះ​ស្បើយ​ឡើង​វិញ​។ YNWA (You''ll Never Walk Alone) (អ្នក​នឹង​មិន​ធ្វើ​ដំណើរតែ​ឯក​ឯង​​ឡើយ​)»​។

ក្រុម Liverpool បានធ្វើ​​ឱ្យ​ភាព​ស្ងប់​ស្ងាត់ ​ដោយសារ​ការ​មាន​របួស​នោះ​ ចាប់​ផ្ដើម​មាន​ភាព​អឺង​កង​ឡើង​វិញ​ ជាមួយ​នឹង​គ្រាប់​បាល់​ទី​៣ ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​ តាម​រយៈ​ខ្សែប្រយុទ្ធ ​Sadio Mane ដើម្បី​ធានា​នូវ​ជ័យ​ជម្នះ ដែល​នាំ​ឱ្យ​ពួក​គេ រំកិល​ឡើង​ទៅឈរ​លំដាប់​ទី៣ ​​ពីលើ​ក្រុម​ជើង​ឯក​ចាស់ Manchester City ខណៈ​ដែល​ក្រុម Leeds នៅ​លំដាប់​ទី១៧ ជាមួយ​នឹង​ការ​មិន​ឈ្នះ​សូម្បី ១ ដង ក្រោយបញ្ចប់​ ៤ ហ្គេម ក្នុង​លីគ​ នា​រដូវកាល​នេះ​៕ AFP/VN