ក្រុង​ញូវយ៉ក៖ ការ​មាន​ភាព​រអាក់រអួល ដោយសារ​មាន​អ្នក​រំខាន ខណៈ​ដែល​កំពុង​វាយ​សឺវីស​នោះ​ វា​​បាន​​ធ្វើ​ឱ្យ​ការ​ឈ្នះ​ពាន​លំដាប់ Grand Slam លើក​ដំបូង​របស់​កីឡាករ Daniil Medvedev កាន់​តែ​មាន​ន័យ​ទ្វេ​ដង ដ្បិត​ពាន​រង្វាន់​ដ៏​ធំ​នេះ​បាន​កើត​ឡើង ស្រប​ពេល​ដែល​ក្ដី​ស្រមៃ​របស់​កីឡាករ​គូ​ប្រជែង Novak Djokovic ត្រូវ​រលាយ​បាត់​ ក្រោយ​ចាញ់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពី​ការ​ប្រកួត​វាយ​កូន​បាល់ (តិន្នីស) ក្នុង​កម្មវិធី US Open​។​​

កីឡាករ​លំដាប់​លេខ ២ ពិភព​លោក សញ្ជាតិ​រុស្ស៊ី​ Medvedev បាន​ផ្ដួល កីឡាករ​លំដាប់​ទី១ ពិភព​លោក Djokovic ក្នុង​លទ្ធផល ៦-៤ ទាំង ៣ សិត​ត្រួត ហើយ​លទ្ធផល​នេះ មិន​ត្រឹម​តែ​ជា​ការ​បាន​លើក​ពាន​រង្វាន់​លំដាប់​ Grand Slam ជា​លើក​ដំបូង​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​រារាំង​ការ​ប៉ុនប៉ង​ដ៏​ធំ​របស់​តារា​ឆ្នើម​សញ្ជាតិ​ស៊ែប៊ី Djokovic ដែល​ចង់​ឈ្នះ​ពាន​ពី​ព្រឹត្តិការណ៍​ធំៗ ទាំង ៤ ដំបូង​គេ​ គិត​តាំង​ពី​ឆ្នាំ​ ១៩៦៩ និង​វ៉ា​ដាច់​កំណត់ត្រា​ផ្នែក​បុរស ដោយ​ការ​លើក​ពាន ​​Grand Slam ជាលើក​ទី​២១​។

«ប្រាកដ​ណាស់ គេ​មិន​ស្ថិត​ក្នុង​​ទម្រង់​លេង​ដ៏​ល្អ​បំផុត​នោះ​ទេ។ ពួក​យើង​បាន​ឃើញ​គេ​លេង​ល្អ​ជាង​នេះ​។ សំនួរ​​ គឺ​ប្រសិន​បើ​គេ​មាន​ទម្រង់​លេង​ល្អ​បំផុត​នោះ តើ​ខ្ញុំ​អាច​ទប់ទល់​ជាមួយ​គេ​បាន​អត់​? យើង​មិន​អាច​ដឹង​នោះ​ឡើយ។ ឥឡូវ​នេះ​ ខ្ញុំ​ត្រឹម​តែ​មាន​ការ​រីករាយ ដែល​បាន​ឈ្នះ​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Medvedev​។

ទីបំផុត​កីឡាករ​ Medvedev វ័យ ២៥ ​ឆ្នាំ អាច​បំបែក​ភាព​ទាល់​ច្រក​បាន​ហើយ​ ក្រោយ​ឡើង​ដល់​វគ្គផ្ដាច់​ព្រ័ត្រ​ទី៣ នេះ ខណៈ​ដែល​ ២ លើក​ដំបូង បាន​ត្រឹមតែ​ជើងឯក​រង ដោយ​ចាញ់​កីឡាករ​អេស្ប៉ាញ Rafael Nadal ក្នុង​កម្មវិធី US Open 2019 នៅ​អាមេរិក​នេះ និង​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់ Djokovic កាល​ពី​ខែកុម្ភៈ ក្នុង​កម្មវិធី Australian Open 2021​។​

កីឡាករ Medvedev បាន​និយាយ​បន្ថែម​ ដោយ​ក្ដី​រំភើប​ទៀត​ថា​៖ «ខ្ញុំ​រីករាយ​ណាស់​។ នេះ​គឺ​ជា​ពាន Grand Slam ដំបូង​របស់​ខ្ញុំ ដូច្នេះ ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​។ វា​មាន​ន័យ​ណាស់​ចំពោះ​ខ្ញុំ​។ ប្រាក​ដណាស់ ខ្ញុំ​នឹង​ធ្វើ​ពិធី​អបអរ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​»​។​

ជោគជ័យ​នេះ​ ក៏​កើត​មាន​ឡើង​ដែរ​ បន្ទាប់​ពី​​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ព្យាយាម​​រំខាន​រូប​គេ​ ខណៈ​ដែល​គេ​ត្រូវ​វាយ​សឺវីស ក្នុង​សិត​ចុង​ក្រោយ​។ Medvedev វាយ​សឺវីស​ខូច ២ ដង មុន​​នឹង​ធ្វើ​បាន​ល្អ​ឡើង​វិញ ហើយ​ដណ្ដើម​ជ័យជម្នះ នៅ​សិត​ចុង​ក្រោយ​នេះ​។

«​ពិត​មែន​ហើយ វា​ជា​ការ​ប្រកួត​ដ៏​តឹងតែង​។ ខ្ញុំ​ដឹង​ថា រឿង​តែ​ ១ គត់ ដែល​ខ្ញុំ​អាច​ធ្វើ​បាន គឺ​ការ​មាន​សមាធិ (ការ​ផ្ដោត​អារម្មណ៍)។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​ផ្ដោត​អារម្មណ៍​ចំពោះ​ខ្លួន​ឯង ចំពោះ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ដើម្បី​ឈ្នះ​ការ​ប្រកួត។ ខ្ញុំ​យល់​ថា មាន​ការ​មិន​គាំទ្រ​ខ្ញុំ​។ មាន​ការ​គាំទ្រ​រូប​គេ​ជាង​។ ពួក​គេ​ចង់​ឃើញ​មនុស្ស​របស់​ពួក​គេ ​ឈ្នះ​ពាន ​Grand Slam ប្រចាំ​ឆ្នាំ​ទាំង​អស់​»​។ នេះ​ជា​ការ​បន្ថែម​របស់ Medvedev​។

កីឡាករ Medvedev មិន​ធ្លាប់​មាន​ចំណាត់​ខ្ពស់​ផុត​ពី​លេខ ២ ឡើយ តែ​ភាព​ជោគជ័យ​លើក​ដំបូង នៅ Grand Slam ក្នុង​ US Open នេះ សង្ឃឹម​ថា នឹង​ជួយ​ជំរុញ​ឱ្យ​រូប​គេ​អាច​ប្រជែង​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​ទី១ ក្នុង​ថ្ងៃ​ណា​មួយ​ជាមិន​ខាន​៕ AFP/VN