ភ្នំពេញ៖ កីឡាករវ័យក្មេងកំពុងឡើងជើង អេ អាំម៉ារីនភូថង និងអ្នកប្រដល់ជើងចាស់ មានសមត្ថភាពខ្លាំង វេង សុភ័ក្រ សុទ្ធតែបានបង្ហាញការមិនអស់ចិត្ត សម្រាប់ការទទួលបានលទ្ធផលមិនដាច់ស្រេចក្នុងការប្រកួតម៉ាសហ្វៃ ១ ទឹក មាន ៩ នាទី នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យ ហើយពួកគេចង់ជួបគ្នាជាថ្មី ដើម្បីវ៉ៃជម្រះភាពមន្ទិលនៃការបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា នាជំនួបជាលើកដំបូងនេះ។
តាមរយៈការប្រកួតចំនួន ៩ នាទីពេញ គ្មានសម្រាកនោះ កីឡាករ អេ អាំម៉ារីនភូថង និង វេង សុភ័ក្រ បានវាយសម្រុកគ្នាអស់ពីសមត្ថភាព ស្ថិតក្នុងលក្ខណៈប្រុងប្រយ័ត្នខ្ពស់ គឺវាយលុកផងការពារផង ខណៈដែលជំនាញពិសេសមានបច្ចេកទេសល្អម៉្យាងម្នាក់ គឺស្នៀតជង្គង់របស់ អាំម៉ារីន មានប្រៀបទៅលើ វេង សុភ័ក្រ ចំណែក សុភ័ក្រ បានវាយបកមកវិញ ដោយកណ្តាប់ដៃ និងកែងល្អ ផងដែរ តែអ្នកទាំង ២ ពានត្រឹមស្មើគ្នា តាមច្បាប់របស់ម៉ាសហ្វៃ គឺគ្មានអ្នកសន្លប់ ឬសុំចុះចាញ់ ត្រូវស្មើគ្នា។
អេ អាំម៉ារីនភូថង ដែលខំវាយលុកខ្លាំង ក្នុងបំណងចង់ផ្តួល វេង សុភ័ក្រ ឱ្យសន្លប់នោះបាននិយាយក្រោយការប្រកួតថា៖ «បញ្ហាលំបាកប្រកួត គឺ វេង សុភ័ក្រ គាត់រឹងខ្លាំង កម្លាំងល្អ វាយមិនស្រុតកម្លាំងនោះទេ។ ខ្ញុំបានព្យាយាមសម្រុកចូលកាន់តែខ្លាំង គឺប្រឈមខ្លាំងទៅនឹងកណ្តាប់ដៃ និងកែង ហើយស្នៀតជង្គង់របស់គាត់ក៏ល្អដែរ ពិសេសគាត់រឹងតែម្តង មិនអាចវាយឱ្យសន្លប់បានឡើយ»។
កូនប្រុសរបស់លោក អេ ភូថង រូបនេះ បានបន្ថែមថា៖ «ការប្រកួត ៩ នាទី តាមម៉ាសហ្វៃនេះ ខ្ញុំគិតថា លំបាករកឱ្យឃើញឈ្នះចាញ់ណាស់ ហេតុនេះ ខ្ញុំចង់ជួបប្រកួតឡើងវិញ ក្នុងប្រដាល់គុនខ្មែរ ៣ ទឹក ឬ ៥ ទឹក គឺមានលទ្ធផលឈ្នះចាញ់មិនខាន។ តែទោះបីជាយ៉ាងណា ខ្ញុំត្រូវការពេលវេលាហាត់ច្រើនណាស់ ដើម្បីឱ្យរឹងមាំ ទើបប្រកួតជាមួយគាត់បាន ព្រោះកម្លាំងគាត់ខ្ញុំវាយមិនស្រុតទេ»។
ចំណែក វេង សុភ័ក្រ ក៏បានសារភាពថា មានការលំបាកក្នុងការទប់ទល់ អេ អាំម៉ារីនភូថង ដូចគ្នា។ «ខ្ញុំលំបាកប្រកួតណាស់ ព្រោះ អេ អាំម៉ារីន នេះ មានកម្ពស់ខ្ពស់វាយមិនដល់គោលដៅ គឺគ្រាន់តែគាត់ លើកជើងទល់ ដល់ទ្រូងរបស់ខ្ញុំទៅហើយ ហើយអ្វីដែលខ្ញុំអាចផ្តួលគាត់បាន មានតែវាយកែងដល់គោលដៅ ទើបមានសង្ឃឹម»។ សុភ័ក្រ បានបន្តថា៖ «ការប្រកួតនេះ វាយសម្រុកអស់ពីសមត្ថភាពដូចគ្នា ប៉ុន្តែនៅតែញញើតគ្នាដែរ។ យើងមិនភ្លេចស្នៀតការពារនោះឡើយ ព្រោះបើប្រហែស ឬភ្លាត់ស្នៀត អាចសន្លប់បានដូចគ្នា»។
លោក ជួប វុត្ថា អ្នកផ្គូផ្គងប្រចាំសង្វៀនថោនបាននិយាយថា៖ «អ្នកប្រដាល់ឆ្នើមទាំង ២ នេះ នឹងរកកម្មវិធីដាក់ឱ្យប្រកួតសងសឹកគ្នាក្នុងរង្វង់ខែតុលា ឆ្នាំ ២០២១ ដើម្បីសងសឹក ហើយមិនទាន់ប្រាកដថា ពួកគេចង់ជួបគ្នាក្នុងកម្មវិធីប្រកួតតាមបែបប្រកួតម៉ាសហ្វៃ ឬគុនខ្មែរនោះឡើយ។ ពួកគេកំពុងល្បីល្បាញដូចគ្នា អ៊ីចឹងពេលវេលាមិនអាចកំណត់ពេលខ្លី ឬឆាប់ៗ បានទេ ព្រោះសុទ្ធតែជាប់កិច្ចសន្យាប្រកួតជាមួយសង្វៀនដទៃផងដែរ»៕