ក្រុងលីវើរភូល៖ ក្រុម Everton បានឡើង​ទៅ​មាន​ពិន្ទុ​រួម​ជាមួយ​ក្រុម​ផ្សេង​ៗ ដែល​កំពុង​តែឈរ​លើ​គេ ក្នុង​តារាង​ពិន្ទុ​ ​នៃ​ក្របខ័ណ្ឌ Premier League បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម Burnley ៣-១ ទោះ​បីជា Everton បាន​​នាំ​មុខ​មុន ​ពីការ​ប្រកួត​សប្ដាហ៍​ទី៤​ កាល​ពី​យប់​ថ្ងៃ​ចន្ទ​។​​

ខ្សែការពារ Ben Mee ជា​អ្នក​តែត​បញ្ចូល​ទីឱ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​មុន នៅ​ដើមតង់​ទី២ សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Goodison Park នេះ តែ ៣ គ្រាប់​ ក្នុង​រយៈ​ពេល​ប្រមាណ​ជា ៦ នាទី​ ពោល​គឺ​ចាប់​ពី​នាទី​៦០ ដល់​នាទី​៦៦ បាន​ធ្វើ​ឱ្យ​លោក Rafael Benitez រក្សា​នូវ​ការ​ចាប់​ផ្ដើម​ដ៏​ខ្លាំង​របស់​ខ្លួន ក្នុង​នាម​ជា​អ្នក​ចាត់​ការ​របស់​ក្រុម Everton​។

ខ្សែការពារ​ Michael Keane តែត​បំប៉ោង​សំណាញ់​ទី​ក្លិប​ចាស់​ ដើម្បី​ឱ្យ​ក្រុម​ថ្មី​តាម​ស្មើ​ បន្ទាប់​មក​កីឡាករ​ចំណូល​ថ្មី ២ ​រូប គឺខ្សែ​បម្រើ Andros Townsend ដែលស៊ុត​ពី​ក្រៅ​តំបន់​គ្រោះ​ថ្នាក់​តម្រង់​ជ្រុង​ ៩០​ ដឺក្រេលើ​ខាង​ឆ្វេង ​ចូល​ទី​យ៉ាង​ស្អាត​ និង​ខ្សែ​ប្រយុទ្ធ Demarai Gray ដែល​ទទួល​បាល់​ពី​ការ​បញ្ជូន​ទម្លុះ​របស់ ​Abdoulaye Doucoure ហើយ​បណ្ដើរ​ទៅ​ស៊ុត​បញ្ចូល​ទី​ដោយ​​ទំនុកចិត្ត បាន​នាំ​ឱ្យ​ក្រុម Everton​ ឡើង​ទៅ​ឈរ​ទី៤ លើក្រុម​ជើង​ឯក​ចាស់​ Manchester City។​

ក្រុម​ ដែល​មាន​រហស្សនាម​ថា «The Toffees» (ស្ករគ្រាប់ ឬស្ករតាំងម៉ែ) ដណ្ដើម​បាន ១០​​ពិន្ទុ ពីការ​ប្រកួត​បើក​ឆាក ៤លើក​ដំបូង ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់​ការ​សញ្ជាតិអេស្ប៉ាញ​លោក Benitez ដោយ​មាន​ពិន្ទុ​​ស្មើ​នឹង​ក្រុមគូប្រជែង​រួម​ក្រុង​ហង្សក្រហម​ Liverpool ក្រុម​តោខៀវ Chelsea និង​ក្រុមបិសាចក្រហម Manchester United ដែល​ឈរ​នៅ​ទី១ ក្នុង​តារាង​។

យ៉ាង​ណា​ក្ដី ការវាយ​បក​របស់​ក្រុម ​Everton គឺ​ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មែន​ទែន ខណៈ​ដែល​ពួក​គេ ត្រូវ​លេង​ដោយ​មិន​មាន​ខ្សែ​ប្រយុទ្ធ​ឆ្នើ​ម​ប្រចាំក្រុម Dominic Calvert-Lewin​។ លោក Benitez បាន​អះអាង នៅ​មុន​ការ​ប្រកួត​ថា កីឡាករ​អន្តរ​ជាតិ​អង់គ្លេស​ នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ខែ​តុលា ដោយសារ​បាក់​ឆ្អឹង​ម្រាម​ជើង និង​មានរបួស​​ភ្លៅ​។

នៅ​មុន​នេះ អ្នក​គាំទ្រ​របស់​ក្រុម Everton ជាច្រើន​ មាន​ការ​មិន​ដាច់​ស្រេច ក្នុង​អារម្មណ៍​ចំពោះ​ការ​តែង​តាំង​លោក Benitez ដោយសារ​អតីតកាល​របស់​គាត់​ ជា​អ្នក​ដឹក​នាំ​ក្រុម​គូ​ប្រជែង​ស្លាប់​រស់ Liverpool ឱ្យ​ក្លាយ​ជាជើង​ឯក​ក្រប​ខ័ណ្ឌកំពូល​របស់​អឺរ៉ុប​ Champions League​។

តែ​ការ​ជ្រើស​រើស​កីឡាករ​​ដ៏​វៃ​ឆ្លាត និង​ភាព​ប៉ិន​ប្រសព្វ​ខាងទិចនិក​របស់​គាត់ កំពុង​ឆក់​​បាន​បេះ​ដូង​របស់​អ្នក​មាន​ការ​សង្ស័យ​ទាំង​នោះរួច​រាល់​ហើយ​។ ការ​ប្ដូរ​ប្រព័ន្ធ​លេង ដោយ​ការ​ប្ដូរកីឡាករ ​Andre Gomes ជំនួស​កីឡាករ Ben Godfrey ភ្លាម​ៗ ក្រោយ​តាម​ស្មើ បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​មាន​ប្រៀប​យ៉ាង​ខ្លាំង ​លើក្រុម Burnley នៅ​កន្លះ​ម៉ោង​ចុង​ក្រោយ ​នៃ​ការ​ប្រកួត​។​​

គ្រូបង្វឹក​របស់​ក្រុម Everton លោក Benitez បាន​ថ្លែង​ថា​៖ «ការ​ប្រតិកម្ម​តប​របស់​កីឡាករទាំង​អស់​ ដែល​មិន​ពាក់​ព័ន្ធ​នឹង​​ប្រព័ន្ធ​លេង គឺ​ល្អណាស់​​។ អ្នក​អាច​មើល​ឃើញ​​អ្នក​គាំទ្រ ភ្លាម​ៗ​ពេល​យើង​ធ្វើ​ការ​វាយ​សម្រុក គឺ​ពួក​គេ​នៅ​ពី​ក្រោយ​ (គាំទ្រ) ក្រុម​ជានិច្ច​»​៕ AFP/VN