ក្រុង​សៅប៉ូឡូ​៖ អតីត​វីរបុរស​បាល់​ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល លោក Pele ត្រៀម​ចាក​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់ (ICU ) របស់​មន្ទីរពេទ្យ​ ក្នុង​ក្រុង​សៅប៉ូឡូ​ហើយ បន្ទាប់​ពី​បាន​ទទួល​ការ​វះ​កាត់​ដុំ​សាច់ ​ដ៏​គួរ​ឱ្យ​សង្ស័យ នៅ​ផ្នែក​ខាង​ក្រោម​ នៃ​ពោះវៀន​ធំ។ នេះ​បើ​តាម​ការ​ដឹង​ពី​កូន​ស្រី​ម្នាក់​របស់​គាត់ កាល​ពី​ថ្ងៃ​ចន្ទ​។

អ្នក​នាង Kely Nascimento បាន​សរសេរ​សារ ដើម្បី​ផ្ដល់​ដំណឹង​ពី​បច្ចុប្បន្ន​ភាព​នៃ​សុខ​ភាព​របស់​ឪពុក​នាង ជា​ភាសា​ព័រទុយហ្គាល់ និង​អង់គ្លេស នៅ​លើគណនី Instagram របស់​នាង អម​ជាមួយ​នឹង​រូប​ថតចម្ងាយ​ជិត​ ១ សន្លឹក ដែល​មាន​ស្នាម​ញញឹមរបស់អតីត​តារា​បាល់​ទាត់ដ៏​ល្បី​ល្បាញវ័យ ៨០ ​ឆ្នាំ​។

អ្នក​នាង Nascimento បាន​សរសេររៀប​រាប់​ថា​៖ «​គាត់ (Pele) កំពុង​ប្រសើរ​ឡើង​ៗ​ ក្រោយ​ការ​វះកាត់ គាត់​មិន​មាន​ការ​ឈឺចាប់​អ្វី​ទេ ហើយ​កំពុងមាន​អារម្មណ៍​ល្អ​​​ (មួម៉ៅ ដែល​គាត់មិន​​អាច​ពិសារ​អ្វី​ផ្សេង​ ក្រៅ​ពី​ចាហួយ តែ​នឹងបន្ត​ទ្រាំ​)​។ គាត់​នឹង​ផ្លាស់​ទៅ​បន្ទប់​ធម្មតា នៅ​ថ្ងៃ​បន្ទាប់ ឬ​ ២ ថ្ងៃទៀត ហើយ​បន្ទាប់​មក ក៏​ចេញ​ទៅ​ផ្ទះ​វិញ​»​។

«ឪពុក​របស់ខ្ញុំ​ គឺ​រឹង​មាំ និង​មាន​ភាព​អត់​ធ្មត់​ ហើយ​ដោយ​មាន​ការ​គាំទ្រ និង​ការ​យក​ចិត្ត​ទុក​ដាក់​ ពី​សំណាក់​ក្រុម​គ្រូពេទ្យ​​ដ៏​មាន​ជំនាញ នៅ​មន្ទីរ​ពេទ្យ Albert Einstein ព្រម​ទាំង​ក្ដី​ស្រឡាញ់​ ថាម​ពល និង​ពន្លឺ​ទាំង​ឡាយ​ ដែល​ពិភពលោក កំពុង​បញ្ជូន​មក​ គាត់​នឹង​ឆ្លង​ផុត​ដំណាក់​កាល​នេះ​»​។ ​​នាង ​Nascimento បាន​រៀប​រាប់​​បន្ត​។

កូន​ស្រី​របស់​លោក​ Pele បានសរសេរ​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​ចង់​និយាយ​ពាក្យ​អរគុណដល់​អ្នក​ទាំង​អស់​គ្នា អស់​ពី​បេះ​ដូង សម្រាប់​ក្ដី​ស្រឡាញ់ ការ​បារម្ភ និង​សារ​លើក​ទឹក​ចិត្ត ដែល​អ្នក​ទាំង​អស់​គ្នា បាន​​ផ្ញើ​មក​ខ្ញុំ​។ ខ្ញុំ​មិន​មានឱកាស​​ឆ្លើយ​តប ចំពោះ​​សារ​ជាច្រើន តែ​ខ្ញុំ​ពិត​ជា​បាន​អាន​វា ហើយ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់​»​។​

ការ​ចេញ​សេចក្ដី​ប្រកាស​ខ្លី​ៗ ​ពី​មន្ទីរពេទ្យថ្មី​ៗ​នេះ ចាប់​ពី​ថ្ងៃ​សុក្រ​មក បាន​អះអាង​ថា លោក​ Edson Arantes do Nascimento ដែល​ស្គាល់​ជាទូ​ទៅ​ថា លោក Pele នោះ កំពុង​វិវឌ្ឍ​ទៅ​រក​ភាព​ល្អ​ប្រសើរ ក្នុង​ស្ថាន​ភាពគួរ​ឱ្យ​ពេញ​ចិត្ត​។​

ក្នុង​នាម​ជា​កីឡាករ​តែ​ម្នាក់​គត់ ក្នុង​ប្រវត្តិសាស្ត្រ ដែល​ឈ្នះ​ពាន World Cup ៣ ដង (ឆ្នាំ ១៩៥៨, ១៩៦២ និង ​១៩៧០) លោក Pele បាន​ចាប់​ផ្ដើម​លេច​មុខ ​លើ​ឆាក​អន្តរជាតិ​ នៅ​​វ័យត្រឹម​តែ ១៧ ឆ្នាំ ជាមួយ​នឹង​គ្រាប់​បាល់អស្ចារ្យ​ៗ ​ជាច្រើន​គ្រាប់ ក្នុង​នោះ​រួម​ទាំង ២ គ្រាប់ ក្នុង​វគ្គផ្ដាច់​ព្រ័ត្រ​ ដែល​បាន​ស៊ុត​បញ្ចូល​ទី​​ក្រុម​ស៊ុយ​អែត ដើម្បី​រួម​ចំណែក​ជួយ​ឱ្យ​​ប្រេស៊ីល​លើក​​ពាន ​World Cup លើក​ដំបូង ក្នុង​ឆ្នាំ ​១៩៥៨​៕ AFP/VN