ភ្នំពេញ៖ អ្នក​អត្ថា​ធិ​ប្បាយ​កីឡា​ប្រដាល់​ ​ដែល​​ភាគ​ច្រើន​គេ​ឮ​តែ​សំឡេងមិន​សូវ​បង្ហាញ​មុខ ​គឺ​លោក ខាន់ ​វណ្ណា ហៅ​ថា ឌីជេ​ ម៉ាឌីន​ បាននឹងកំពុងទទួលបានប្រជា​ប្រិយ ជា​អ្នក​អត្ថាធិប្បាយ​ដែល​ពូកែ​កំប្លុក​កំប្លែង​ ​បង្កើត​ឱ្យ​មាន​​ជា​សំណើច​ លាយ​លំ​ជា​មួយ​ដៃ​គូ​ពិធីការិនី​​ម្នាក់​ទៀត​គឺ​កញ្ញា​ វិគី ​​នៅ​លើ​​សង្វៀន​ថោន ​ដោយ​បន្លឺ​សំឡេងជា​ភាសា​អង់គ្លេស​ ផ្សាយ​បន្ទរ​ជា​​ ២ ​ភាសា​ដ៏​ទាក់​ទាញ​។​

ឌី​ជេ ​ម៉ាឌីន​ មាន​អាជីព​ពី​ដំបូង ​ជា​អ្នក​ផលិត​ និង​អាន​ព័ត៌មាន​ ព្រម​ទាំង​ជា​អ្នក​អត្ថាធិប្បាយ​ឱ្យ​​វិទ្យុ ​នូវ​កម្ម​វិធី​ជា​ច្រើន ​ខណៈ​ដែល​មុខ​មាត់​រូប​រាង​ពិត​របស់​លោក​ ភាគ​ច្រើន​មិន​សូវ​មាន​​នរណា​ស្គាល់​ឡើយ​ ហើយបុរស​ម្នាក់នេះ ​មាន​ដើម​កំណើត​ នៅ​​ស្រុក​តាំ​កក់ ​ខេត្ត​តាកែវ។

លោក ខាន់ ​វណ្ណា បាន​ចូល​បម្រើ​​ការ​​ងារ ជា​អ្នក​អត្ថា​ធិ​ប្បាយ​វិទ្យុ ​ជា​បន្ត​បន្ទាប់ ​នៅ​វិទ្យុ​សំបុក​ឃ្មុំ​ ក្នុង​ឆ្នាំ ​២០០៣​ រួចមក​ធ្វើនៅ​​វិទ្យុ​វាយោ​ និង​វិទ្យុ​ថោន ​ហើយ​បច្ចុប្បន្ន បាន​​ក្លាយ​ជា​អ្នក​អត្ថា​ធិប្បាយ​ប្រដាល់​ឱ្យ​​សង្វៀន​ប្រ​ដាល់​នៅ​ទូរទស្សន៍​ថោន ​រាល់​ល្ងាច​ថ្ងៃ​អាទិត្យ​ ខណៈ​មុខ​របរ​ជា​ពិធីករ​ប្រ​ដាល់​នេះ ឌីជេ ម៉ាឌីន បាន​បញ្ជាក់ថា៖​​ «​ការ​ងារ​នេះ​ ​ជា​ចំណង​ចំណូល​ចិត្ត​របស់​ខ្ញុំ​ ដែល​​ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ជាង ​១៨ ​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​គ្មាន​ឱកាស និង​រក​ផ្លូវ​ចូល​បាន​»​​។​

ឌី​ជេ ​វ័យ​ក្មេងសំឡេងមុត​រូប​នេះ បានបន្ថែម​ថា៖​ «​ខ្ញុំ​មាន​ឱកាស​ បាន​ធ្វើ​ជា​ពិធីករ​ប្រដាល់​ដំបូង ​ក្នុង​ឆ្នាំ ​២០១៩​ ដោយ​សារ​ទូរទស្សន៍​ថោន ​ទើប​តែ​បើក​ការ​ប្រ​កួត​កីឡា​ប្រដាល់​គុន​ខ្មែរ ​និង​ប្រដាល់​ម៉ាស​ហ្វៃ​ ជា​អន្តរជាតិ​ លើក​ដំបូង​ ហើយ​

ខ្ញុំ​ធ្វើ​បាន​ ដោយ​សារ​ខ្ញុំ​ហាត់​រៀន ​ដោយ​ខ្លួន​ឯង​តាម​រយៈការ​លួច​ធ្វើ​ត្រាប់ ​តាម​ពិធីករជា​រៀម​ច្បង​ចាស់ៗ​ នៃ​សង្វៀន​ប្រដាល់​មួយ​ចំនួន ​ដែល​មាន​វោហាស័ព្ទ​ល្បីៗ​ ព្រោះ​ខ្ញុំ​បាន​មើល​ប្រដាល់​ជានិច្ច ​នៅ​ចុង​សប្តាហ៍ ​ជាពិសេស​គូ​អន្តរជាតិ»​​។​

«​ខ្ញុំ​ឆ្លង​កាត់ ​ជា​អ្នក​និយាយ​វិទ្យុ​រយៈ​ពេល​ ១៨ ​ឆ្នាំ​ ពិសេស​ធ្លាប់​គ្រប់​គ្រង​កម្ម​វិធី​ដោះ​ស្រាយ​វិបត្តិ​ស្នេហ៍​ គឺ​មាន​ធន​ធាន ​ក្នុង​ការ​និយាយ​ឱ្យ​មាន​មហា​ជន​គាំ​ទ្រ​។ ​ខ្ញុំក៏​អាច​ឈាន​ទៅ​ជា​អ្នក​អត្ថាធិប្បា​ប្រដាល់​ ​ដែល​មាន​គេ​សរសើរ​ តាម​រយៈ​ហ្វេសប៊ុក ​ហើយ​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​»។

​ឌីជេ ម៉ាឌីន បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា៖ ​«ការ​ងារ​នេះ ​បាន​បង្រៀន​ខ្ញុំ​ឱ្យ​​កាន់​តែ​ល្អ​ បន្ទាប់​ពី​ខ្ញុំ​បាន​ប្រលូក​​រយៈ​ពេល​ជាង ​២ ​ឆ្នាំ​ គឺ​ប្រហែល​ជិត​ ៩០​ សប្តាហ៍​​ទៅ​ហើយ​។ ​បន្ថែម​ពី​លើ​នេះ ​ខ្ញុំ​កាន់​តែ​ងាយ​ស្រួល ​ដោយ​បាន​ស្គាល់​កាន់​តែ​ច្បាស់​ នូវ​កីឡាករ ​និង​របៀប ​ឬ​ក្បាច់​វាយ​ចេញ​ និង​កម្លាំង​ប្រ​កួត​ ព្រម​ទាំង​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​នីមួយៗ​»។​

​លោក​ បាន​​បន្ថែម​ទៀត​​ថា​៖ «​ការងារ​ជា​ពិធីករ​ប្រដាល់​នេះ​ ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ ដោយ​មិន​សូវ​ខ្វល់​ពី​ប្រាក់​ចំណូល​ ឱ្យ​​តែ​បាន​ធ្វើ ​គឺ​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន ​ព្រោះ​​មាន​ចិត្ត​ដូច​គ្នា ​ជា​មួយ​កញ្ញា​ វិគី ​ជា​ដៃ​គូ​​។ ទោះ​យ៉ាងណា ​ជា​អ្នក​អត្ថាធិប្បាយ​ ​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ស្វែង​យល់​ ពី​ប្រ​វត្តិ ​សមត្ថភាព​​របស់​កីឡាករ ​ឱ្យ​​បាន​ច្រើន ​ដើម្បី​ខ្ញុំ​អាច​​ឈាន​ទៅ​មាន​សមត្ថភាព ​ជា​ជំនួយ​ការ​ផ្គូ​ផ្គង​ថែម​ទៀត ​នា​ពេល​ខាង​មុខ​»។​

«ទោះ​ជា​យ៉ាង​ណា​ ការ​សម្រេច​បំណង ​ធ្វើ​ជា​ពិធីករ​ប្រដាល់​នេះ ​ខ្ញុំ​បាន​ការ​ជួយ​ជ្រោម​​ជ្រែង​ ពី​មិត្ត​ភក្តិ ជា​អ្នក​គ្រប់​គ្រង​កម្ម​វិធី លោក ​ជួប ​វុត្ថា ​និង​អគ្គ​នាយក​វិទ្យុ​ និង​ទូរទស្សន៍​ថោន​ បាន​ផ្តល់​ឱកាស​ និង​លើក​ទឹក​ចិត្តដល់ខ្ញុំ»​។​ លោក ខាន់ ​វណ្ណា បាន​បញ្ជាក់។

ទាក់​ទង​ពី​ជី​វិត​ឯកជន​របស់​ ​ឌី​ជេ ​ម៉ាឌីន​ ​​មាន​ភរិយា ​និង​កូន ​១ នាក់ ​ហើយ​ក្រៅ​ពីការ​ងារ​​ជា​ពិធីករ ​លោក​មាន​អាជីព​ជា​​អ្នក​ផលិត​ស្ពត​កីឡា​ ពិធីករ​វិទ្យុ​ និង​ជា​ការី​គ្រប់​គ្រង​ការ​ចាក់​ផ្សាយ​នៃ​កម្ម​វិធី​ទូរស្សន៍​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​៖​ «​អ្វី​ដែល​ជាចំណង់​ចំណូល​ចិត្ត​ខ្ញុំ គឺ​អ្នក​អត្ថាធិប្បាយ​​ការ​ប្រ​កួត​កីឡា​ប្រដាល់​នេះ​តែ​ម្តង ​ហើយ​ខ្ញុំ​មាន​បំណង​មួយ​ទៀត ​ចង់​ក្លាយ​ជា​អ្នក​ផ្គូ​ផ្គង​​កីឡា​ សម្រាប់​ការ​ប្រកួត​កីឡា​នេះ​តែ​ម្តង»​៕