The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គិរីវង់ ប្តេជ្ញា​យក​ឈ្នះ ​ប៉ូលិស រីឯ ណាហ្គា មិនមើល​រំលង ​​ព្រៃវែង




គិរីវង់ ប្តេជ្ញា​យក​ឈ្នះ ​ប៉ូលិស រីឯ ណាហ្គា មិនមើល​រំលង ​​ព្រៃវែង

Content image - Phnom Penh Post
សារី ម៉ាត់ណូរ៉ូទីន របស់ណាហ្គា បានរត់ប្រជែង​យក​បាល់​ពីក្រុម​គិរីវង់ នាជំនួប កាល​ពី​ថ្ងៃ​សៅរ៍។ រូប សហ​ការី

គិរីវង់ ប្តេជ្ញា​យក​ឈ្នះ ​ប៉ូលិស រីឯ ណាហ្គា មិនមើល​រំលង ​​ព្រៃវែង

ភ្នំពេញ៖ ក្រុម​គិរីវង់សុខសែនជ័យ បាន​ចាត់​ទុក​ការ​ធ្វើ​ដំណើរ​មក​ជួប​ក្រុម​ម្ចាស់​ផ្ទះ ​នគរបាលជាតិ (ប៉ូលិស) នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ​នេះ ថា ជា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​រូប​គេ​ត្រូវ​ឈ្នះ​ជា​​ដាច់​ខាត ដើម្បី​បាន​ចូល​លេង​នៅ​ក្នុង​តំបន់​កំពូល​តារាង​ទាំង​ ៨ (Top8) ចំណែក​​ក្រុម​ណាហ្គាវើលដ៏​ មិន​បាន​មើល​ស្រាល​ទៅ​ដល់​ក្រុម​ក្មេង​ខ្ចី ខេត្ត​ព្រៃវែង នោះ​ទេ ដោយ​គ្រូ​បង្គោល​ លោក មាស ចាន់ណា ថា អាច​នឹង​មាន​ការ​ពិបាក។

ការ​ផ្តោត​ខ្លាំង​លើ​ការ​ដណ្តើម​ ៣ ពិន្ទុ ពី​ក្រុម​កំពុង​ឈរ​នៅ​បាត​តារាង ប៉ូលិស នៅ​ថ្ងៃ​នេះ ក៏​ព្រោះ​តែ គិរីវង់សុខសែន​ជ័យ ​ពេល​នេះ បាន​ធ្លាក់​មក​ឈរ​នៅ​លេខ​ ៧ បន្ទាប់​ពី​ពួក​គេ​បាន​ជួប​ការ​ខក​ចិត្ត​ក្នុង​ការ​ចាញ់​ ​ណាហ្គាវើលដ៍ ៥-២ កាល​ពី​ថ្ងៃ​សៅរ៍ ធ្វើ​ឱ្យ​ទីតាំង​លេខ​ ៨​ ចាស់​របស់​ពួក​គេ​បាន​ធ្លាក់​ទៅ​លើ​ក្រុម​អាស៊ីអឺរ៉ុប​វិញ ក្រោយ​ពេល អាស៊ីអឺរ៉ុប បាន​យក​ឈ្នះ​ក្រុម​ខេត្តព្រៃវែង ៤-២ ​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​មាន​​ ១៣ ​ពិន្ទុ លើស​ គិរីវង់ ១ ពិន្ទុ​វិញ។

លោក ឯម តារា អគ្គលេខាធិការ​រង​ក្លិប​បាល់ទាត់​គិរីវង់សុខសែនជ័យ បាន​ប្រាប់​ពី​ថ្ងៃ​អង្គារ​ថា៖​ «អ្វី​ដែល​យើង​មាន​ការ​រំពឹង​ក្នុង​ជំនួប​ជាមួយ ណាហ្គាវើលដ៏ ថា នឹង​ទទួល​បាន​លទ្ធផល​ល្អ ដើម្បី​បាន​ឡើង​ទៅ Top8 ដោយ​សុវត្ថិភាព​នោះ គឺ​​ជា​លទ្ធផល យើង​មាន​ការ​ខកចិត្ត​ ដូច្នេះ​ការ​ត្រៀម​ជួប​ក្រុម​ប៉ូលិស​លើក​នេះ ជា​រួម​ទាំង​ក្រុម​កីឡាករ និង​គ្រូ​បង្វឹក​បាន​តាំង​​ចិត្ត​​យ៉ាង​មុតមាំ​ថា ត្រូវ​ប្តេជ្ញា​​​​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព យក​ឈ្នះ​​ឱ្យ​បាន​ដាច់​ខាត ព្រោះ​ជា​ជំនួប​ដ៏​សំខាន់ ដែល​យើង​នឹង​មាន​លទ្ធភាព​ឡើង​ទៅ​លេង​នៅ Top8»។

លោក​បាន​បន្ថែម​ថា៖​ «ពួក​យើង​គិត​ថា នេះ​ដូច​ជា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​ពាន​អ៊ីចឹង ដែល​យើង​ចាំ​បាច់ ត្រូវ​ការ​ឈ្នះ​ជា​ដាច់​ខាត។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ទទួល​ព័ត៌មាន​មក​ថា កាល​ពី​ថ្ងៃ​ចន្ទ មាន​ភ្លៀង​ខ្លាំង ដែល​ធ្វើ​​ឱ្យ​ទីលាន​នៅ 7NG មាន​ការ​ដក់​ទឹក ហើយ​បើ​យប់​នេះ (ថ្ងៃ​អង្គារ) មាន​ភ្លៀង​ធ្លាក់​ទៀត វា​នឹង​មាន​ការ​រំខាន​ដល់​ការ​ប្រកួត ដែល​នេះ​ជា​ក្តី​បារម្ភ​មួយ​របស់​ខ្ញុំ។ម្យ៉ាង​ទៀត បើ​ទោះបី​ជា នគរបាលជាតិ ឈរ​នៅ​ចំណាត់​ថ្នាក់​ក្រោម​គេ ក៏​យើង​មិន​អាច​មើល​ស្រាល​​គូ​ប្រកួត​នោះ​ដែរ គឺ​យើង​នៅ​តែ​គោរព​ដល់​ពួក​គាត់ ដោយ​យើង​នឹង​ខំ​ប្រឹង​ប្រមូល​អារម្មណ៍ និង​លេង​ឱ្យ​បាន​ ១០០ ​ភាគរយ ដើម្បី​​ឈ្នះ​ ៣ ពិន្ទុ ពី​ការ​ប្រកួត​នេះ»។

ចំណែក​​គ្រូ​បង្គោល លោក មាស ចាន់ណា ដែល​ត្រូវ​ដឹកនាំ​​ក្រុម​ណាហ្គាវើលដ៍ ​ទៅ​ជួប​ក្រុម​ម្ចាស់​ផ្ទះ ខេត្ត​ព្រៃវែង ​នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ នេះ​ដែរ មិន​បាន​គិត​ថា ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​លោក​មិន​បាន​គិត​ថា ខេត្ត​ព្រៃវែង មាន​កម្រិត​លេង​នៅ​ក្មេង​ខ្ចី​នោះ​ទេ។​

លោក មាស ចាន់ណា ​បាន​ប្រាប់​ថា៖​ ​«ខ្ញុំ​ទទួល​ស្គាល់​ថា ខេត្តព្រៃវែង ជា​ក្រុម​មួយ​ក្មេង​ខ្ចី នៅ​មាន​បទពិសោធ​តិច ប៉ុន្តែ​​​ចំណេះ ជំនាញ​ក្នុង​ការ​លេង​មិនមែន​ក្មេង​នោះ​ទេ គឺ​សឹង​តែ​​ជា​​មនុស្ស​ចាស់​ទៅ​ហើយ អ៊ីចឹង​​ទេ​វា​អាច​​នឹង​មាន​ការ​លំបាក គឺ​វា​អត់​ស្រួល​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ សម្រាប់​ខ្ញុំ​ជា​​គ្រូ គឺ​ការ​ដណ្តើម​យក ៣ ពិន្ទុ ពី​ការ​ប្រកួត​នេះ ពិត​ជា​សំខាន់ ដើម្បី​​យើង​មាន​ឱកាស​នៅ​តែ​អាច​ប្រជែង​យក​ពាន​នៅ​ជើង​ទី​២»។

យោង​តាម​តារាង​ពិន្ទុ និង​លទ្ធផល​នេះ​ការ​ប្រកួត​កន្លង​មក​នេះ ក្រុម​ណាហ្គាវើលដ៍ កំពុង​ឈរ​នៅ​លេខ​​ ៥ ដោយ​មាន​ ២២ ពិន្ទុ ប៉ុន្តែ​ពួក​គេ​នឹង​​អាច​ឡើង​ទៅ​ឈរ​នៅ​លេខ​​​ ៤ ដែល​ក្រុម​មាន​ ២៤ បឹងកេត កំពុង​គ្រប់គ្រង បើ​សិន​ជា​ពួក​គេ​ដណ្តើម​បាន​ ៣ ពិន្ទុ​ពី​ក្រុម​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​នេះ ហើយ​នេះ​ក៏​ជា​ការ​ប្រកួត​បញ្ចប់​ជើងទី​១ លីគ​កំពូល​កម្ពុជា ឆ្នាំ​ ២០២១ ផង​ដែរ ព្រោះ​ក្រុម​ ៨ ​ទៀត បាន​បញ្ចប់​ការ​ប្រកួត​រួច​ហើយ ដោយ​ក្រុម​វិសាខា ឈរ​នៅ​លេខ​ ១ មាន​ ២៨ ពិន្ទុ ​ជាមួយ​ក្រុម​ឈរ​នៅ​លេខ​ ២ ភ្នំពេញក្រោន រីឯ​ក្រុម​ព្រះខ័នរាជស្វាយរៀង ឈរ​នៅ​លេខ​ ៣ មាន​ ២៥ ពិន្ទុ៕

អត្ថបទគួរចាប់អារម្មណ៍