ក្រុង​ប៉ារីស៖ អតីត​កីឡាករ​ចំណាត់​ថ្នាក់​លេខ ១ ពិភព​លោក Rafael Nadal របស់​អេស្ប៉ាញ​បាន​ធ្លាក់​ចេញ​ពី​ក្នុង​ចំណោម​កីឡាករ​នៅ​ទី​កំពូល​ទាំង ៥ ក្នុង​តារាង​ចាត់​​ចំណាត់​ថ្នាក់​របស់​សហព័ន្ធ​វាយ​កូន​បាល់​ (តិន្នីស) អន្តរជាតិ (ATP) ដែល​បាន​បញ្ចេញ កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​កីឡាករ​រួម​ជាតិ​វ័យ​ក្មេង Carlos Alcaraz ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​ស្នង​តំណែង​របស់​គេ​នាពេល​អនាគត ផ្លោះ ១៧ ​លេខ ដោយ​ឡើង​រហូត​ដល់​លំដាប់​ទី៣៨​។

កីឡាករ​ Nadal វ័យ ៣៥ ​ឆ្នាំ មិន​បាន​ធ្វើ​ការ​ប្រកួត​ឡើយ​ចាប់​តាំង​ពី​​ចាញ់​កីឡាករ​លេខ​ ១ ពិភព​លោក Novak Djokovic ក្នុង​វគ្គ ៤ នាក់​ចុង​ក្រោយ​នៃ​​កម្មវិធី French Open ព្រោះ​មាន​របួស​ប្រអប់​ជើង​ ហើយ​ពេល​នេះ បាន​ធ្លាក់​ទៅ​ដល់​ចំណាត់​ថ្នាក់​ទី​៦ ពិភព​លោក​។​

ចំណែក​កីឡាករ​របស់​ស៊ែប៊ី Djokovic នៅ​តែ​រក្សា​បាន​នូវ​ចំណាត់​ថ្នាក់​ទី១ របស់​ខ្លួន ទោះ​បី​ជា​បាន​រង​បរាជ័យ ក្រោម​ថ្វី​ដៃ​របស់​កីឡាករ​លំដាប់​លេខ ២ ពិភព​លោក Daniil Medvedev របស់​រុស្ស៊ី ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​កម្មវិធី US Open នៅ​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​អាទិត្យ ​ក៏​ដោយ​។​

អ្នក​គ្រង​ជើងឯក​នៅ US Open ឆ្នាំ​មុន គឺ​កីឡាករ Dominic Thiem ក៏​ធ្លាក់​ចំណាត់​ថ្នាក់​ដូច​គ្នា​ដែរ ដោយ​ធ្លាក់​ពី​លេខ ៦ ទៅ​លេខ ៨ ខណៈ​ដែល​ការ​មាន​របួស​កដៃ បាន​ក្លាយ​ជា​ឧបសគ្គ​រារាំង​កីឡាករ​​អូទ្រីស​ មិន​អាច​ធ្វើ​យុទ្ធនាការ​ការពារ​តំណែង​ជើងឯក​ខ្លួន​បាន​។​

កីឡាករ Alcaraz ដែល​ទើប​មាន​វ័យ​ ១៨ ​ឆ្នាំ បាន​ចាប់​ផ្ដើម​រះ​ឡើង​នៅ​ឯ​ព្រឹត្តិការណ៍ US Open នាឆ្នាំ​នេះ ដោយ​គេ​បាន​បង្ហាញ​ថា រូប​គេ​អាច​មាន​ថាមពល​មួយ ដែល​គ្មាន​អ្នក​ណា​ស្មាន​ដល់ ដោយ​ការ​បាន​ក្លាយ​ជា​អត្តពលិក​វ័យ​ក្មេង​បំផុត​នៅ US Open ក្នុង​វគ្គ ៨ នាក់​ចុង​ក្រោយ ផ្នែក​បុរស​ក្នុង​រយៈពេល ៥៨ ​ឆ្នាំ តែ​របួស​ភ្លៅ​បាន​នាំ​ឱ្យ​ដំណើរ​ផ្លូវ​របស់​គេ​ត្រូវ​បញ្ចប់​ជាមួយ​នឹង​ការ​សុំ​ដក​ខ្លួន ហើយ​ប្រគល់​ជ័យ​ជម្នះ​ឱ្យ​ទៅ​គូប្រកួត​ Felix Auger-Aliassime​។

កីឡាករ​កាណាដា Auger-Aliassime រំកិល​បាន ៤ ​លេខ ដោយ​ឡើង​ដល់​លេខ ១១ ខណៈ​ដែល​ក្រសែ​ភ្នែក​ទាំង​ឡាយ ​កំពុង​សម្លឹង​មើល​តារា​កំពុង​រះ​​ ២ ​រូប​ផ្សេង​ទៀត ដែល​ឡើង​ដល់​វគ្គ ៨ ​នាក់ សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពាន​លំដាប់​ ​Grand Slam ប្រចាំ​ឆ្នាំ​នេះ នោះ​គឺ​កីឡាករ​​អាហ្វ្រិក​ខាង​ត្បូង Lloyd Harris ដែល​ឡើង​ដល់​ចំណាត់​ថ្នាក់​ទី១៥ ដោយ​ផ្លោះ​ ១៥ ​លេខ​ និង​កីឡាករ​ហូឡង់ Botic van de Zandschulp ដែល​ហក់​ដល់​​លំដាប់​ទី៦២ ដោយ​​ឡើង​បាន ៥៥ ​លេខ​៕ AFP/VN