ក្រុងមីឡាន៖ ក្រុម AC Milan បានធ្វើការវិលត្រឡប់ ដែលខ្លួនរង់ចាំយ៉ាងយូរ មកកាន់ការប្រកួតប្រជែងក្នុងក្របខ័ណ្ឌ UEFA Champions League(UCL) វិញហើយ នៅសប្ដាហ៍នេះ ខណៈហ្គេមដំបូងអាចថា ជាហ្គេម ១ ដ៏ធំបំផុត ព្រោះត្រូវធ្វើដំណើរទៅផ្ទះរបស់ក្រុម Liverpool នៅថ្ងៃពុធ ដែលកំពុងធ្វើឱ្យពួកគេមានក្ដីស្រមៃពីការទទួលបានភាពជោគជ័យនៅអឺរ៉ុបជាថ្មីម្ដងទៀត។
វានឹងជាការជួបគ្នារវាងក្រុមជើងឯកអឺរ៉ុប ២ ដែលបូកបញ្ចូលគ្នា មានចំនួន ១៣ ដង សម្រាប់ការប្រកួតនៅកីឡដ្ឋាន Anfield នេះ តែក្រុមយក្សអង់គ្លេស Liverpool បានក្លាយជាក្រុម ១ ក្នុងចំណោមក្រុមដ៏គួរឱ្យខ្លាចបំផុតនៅទ្វីបអឺរ៉ុប ក្រោមការដឹកនាំរបស់លោក Jurgen Klopp ដែលការឈ្នះពាន UCL ចុងក្រោយរបស់ពួកគេក្នុងឆ្នាំ ២០១៩។
ក្រុមលំដាប់កំពូលទៅពីអ៊ីតាលី Milan ដែលនឹងចាប់ផ្ដើមយុទ្ធនាការ ក្នុងវគ្គសន្សំពិន្ទុតាមពូលជាលើកដំបូង គិតតាំងពីឆ្នាំ ២០១៣ កំពុង ស្ថិតក្នុងអារម្មណ៍ពេញដោយទំនុកចិត្ត ក្រោយការចាប់ផ្ដើមដ៏លឿនរបស់ក្របខ័ណ្ឌ Serie A រដូវកាលថ្មី ដែលពួកគេយកបាន ៩ ពិន្ទុពេញយ៉ាងឥតខ្ចោះពីការប្រកួតបើកឆាក ៣ លើកដំបូងរបស់ខ្លួន។
លោក Stefano Pioli ដែលមិនធ្លាប់ឈ្នះពានរង្វាន់ធំ ក្នុងនាមជាគ្រូបង្វឹក កំពុងមានក្រុមរីកចម្រើន ១ ក្នុងដៃរបស់គាត់ ដោយការអភិវឌ្ឍដ៏ល្អប្រសើរនេះ ចាប់ផ្ដើមមានបណ្ដើរៗចាប់តាំងពីការមកដល់របស់គាត់ក្នុងឆ្នាំ ២០១៩ ហើយកាលពីថ្ងៃអាទិត្យ ជ័យជម្នះ ២-០ លើក្រុម Lazio ក្នុងកីឡដ្ឋាន San Siro កាន់តែបង្ហាញថា ពួកគេពិតជាមិនអាចត្រូវបានមើលរំលងមែន។
ដោយត្រូវបានសួរថា តើក្រុមរបស់គាត់កំពុងមានក្ដីស្រមៃធំនៅអឺរ៉ុបមែនទេ? លោក Pioli បានឆ្លើយតបថា៖ «យើងគួរតែដេកសុបិន តែពេលយប់បានហើយ នៅពេលថ្ងៃ យើងត្រូវធ្វើការកាន់តែធ្ងន់ ដើម្បីធ្វើឱ្យក្ដីស្រមៃនោះសម្រេចបាន»។
៨ ឆ្នាំចុងក្រោយ ជារយៈពេលដ៏សោះកក្រោះ សម្រាប់ក្រុមជើងឯកអឺរ៉ុប ៧ សម័យ Milan ដែលមិនធ្លាប់បានឈ្នះជើងឯក Serie A ១ ទសវត្សរ៍ហើយ ហើយការបានក្លាយជាក្រុមទី១ របស់អឺរ៉ុបកើតមានឡើងក្នុងឆ្នាំ ២០០៧ ដែលពេលនោះពួកគេយកឈ្នះ Liverpool ពីការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនៅក្រុងអាថែន។
នោះជាការជួបគ្នាចុងក្រោយរវាងក្រុមទាំង ២ ហើយវាកើតឡើង ២ ឆ្នាំ បន្ទាប់ពី Liverpool បានក្រឡាប់ស្ថានការណ៍ ១ ដែលអាចចាត់ទុកថា ជាបរាជ័យដ៏ជូរចត់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Milan ដោយការតាមស្មើ ពីការនាំមុខ ៣ គ្រាប់ នៅវគ្គទី១ មុននឹងយកឈ្នះក្នុងវគ្គប៉េណាល់ទីកាត់ក្ដី៕ AFP/VN