ភ្នំពេញ៖ គម្រោង​រៀបចំ​​ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ ​ជើងឯក​អាស៊ីអាគ្នេយ៍​ ឆ្នាំ​ ២០២១ របស់​សហព័ន្ធកីឡា​​ប្រដាល់​គុន​ខ្មែរ ​​ក្រោម​ការ​​សហការ​ជាមួយ​ CAMSOC ហើយ​​ទទួល​បាន​ការ​អនុញ្ញាត​​ពី​រាជ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ ត្រូវ​បាន​ផ្អាក​ការ​ប្រកួត​តែ​ម្តង​ដោយ​បញ្ហា​កូវីដ​ ១៩ ​នៅ​តែ​ជា​បញ្ហា​កង្វល់​ ហើយ​​ការ​ផ្អាក​​នេះ​ នៅ​មិន​ទាន់​មាន​តម្រុយ​ថា ​នឹង​បើក​ឱ្យ​មាន​ការ​ប្រកួត​ឡើង​វិញ ​នៅ​ពេល​ណា​នោះ​ឡើយ​ តែ​អាច​នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០២២​។​

តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ​ចុះ​ហត្ថាលេខា​ដោយ​លោក​រដ្ឋមន្ត្រី​ ហង់ជួន​ ណារ៉ុន​ ដែល​បាន​ធ្វើ​ឡើង​តាំង​​​ពី​ថ្ងៃទី ១១​ ខែ​ សីហា​ ២០២១​ នោះ បាន​បញ្ជាក់​ថា​ ការ​ប្រកួត​កីឡា​ប្រដាល់​​ជើងឯក​អាស៊ាន ដែល​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ​គ្រោង​រៀបចំ​នោះ​ត្រូវ​បាន​សម្រេច​ឱ្យ​​ផ្អាក​វិញ​ហើយ។​ ការ​ផ្អាក​នេះ​ គឺ​ដោយសារ​តែ​ការ​បន្ត​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា ​និង​ទាក់ទង​ទៅ​នឹង​ភាគី​ប្រទេស​ដទៃ​មួយ​ចំនួន​ក្នុង​តំបន់​​អាស៊ី​អាគ្នេយ៍​​ដែល​បាន​ចុះ​ឈ្មោះ​ ត្រៀម​មក​ប្រកួត​នេះ ​ក៏​មាន​បញ្ហា​កូវីដ​ ១៩ ​ស្រដៀង​គ្នា​។​

លោក​ តែម ​ម៉ឺន ​អគ្គលេខាធិការ​រង ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​និង​ជា​ប្រធាន​សហព័ន្ធកីឡា​​ប្រដាល់​គុន​ខ្មែរ ​បាន​​ប្រាប់​​ថា៖ «​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ ​ទទួល​បាន​លិខិត​សុំ​ផ្អាក​ការ​ប្រកួត​នេះ​រួច​ហើយ ​ដើម្បី​ជម្រាប​ជូន​ភាគី​ពាក់ព័ន្ធ​មាន​កីឡាករ ​គ្រូ​បង្វឹក ​និង​បណ្តា​ក្លិប ​សមាគម​មួយ​ចំនួន ​ហើយ​យើង​នៅ​មិន​ទាន់​​ដឹង​ថា នឹង​​បើក​ការ​ប្រកួត​វិញ ​នៅ​ពេល​ណា​មួយ​ច្បាស់លាស់​នៅ​ឡើយ​ទេ​។​ ចំពោះ​​ការ​ផ្អាក​នេះ​ ជា​គោលការណ៍​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​ជា​សេនាធិការ​សម្របសម្រួល​ និង​​សម្រេច​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​ ​ព្រោះ​កូវីដ​ ១៩​ ជា​លក្ខណ​វិបត្តិ​សកល​ទៅ​ហើយ​»។​

ចំណែក​លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ​គណៈកម្មការ​រៀបចំ​ប្រកួត​ស៊ីហ្គេម ​លើកទី​៣២​ ឆ្នាំ​ ២០២៣ (CAMSOC) ​​បាន​ប្រាប់​​ថា​៖ «​​​ការ​ប្រកួត​កីឡា​ជា​ច្រើន​ប្រភេទ​ក្នុង​កម្រិត​អាស៊ាន ដែល​​​រដ្ឋាភិបាល​អនុញ្ញាត​​កាល​ពី​លើក​មុន ​ដើម្បី​ពង្រឹង​សមត្ថភាព​អត្តពលិក​នោះ​ គឺ​សម្រេច​ផ្អាក​ទាំង​អស់​វិញ​»​។

លោក​បាន​បញ្ជាក់​ថា​៖​ «បញ្ហា​នេះ​ វា​ពាក់ព័ន្ធ​ទៅ​នឹង​ប្រតិភូ​ និង​អត្តពលិក​នៃ​ប្រទេស​មួយ​ចំនួន​ ដែល​​ត្រូវ​​ចូលរួម ​មាន​បញ្ហា​កូវីដ ១៩​ ជា​សកល​ដូច​គ្នា ​ពិសេស​ការ​ចេញ​ចូល​នៃ​ប្រទេស​នីមួយ​ៗ ​ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤ ​ថ្ងៃ​ទៀត​នោះ​ ក៏​ជា​បញ្ហា​លំបាក​ដែរ​ គឺ​វា​ស៊ី​រយៈពេល​ច្រើន​។ ​ម៉្យាង​វិញ​ទៀត​ នៅ​ពេល​ប្រកួត ​ដែល​មាន​ការ​ជួប​ជុំ​អត្តពលិក​ គ្រូ​បង្វឹក​គណៈកម្មការ​ផ្សេងៗ​ជា​ច្រើន​នោះ​ គឺ​អាច​ជួប​ហានិភ័យ​ច្រើន ​ហេតុ​នេះ​រាជរដ្ឋាភិបាល​សម្រច​ផ្អាក​នេះ​ គឺ​ជា​ការ​ត្រឹមត្រូវ​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​»។​

ចំណែក​លោក​ រាជ ​សុផែន​ អគ្គលេខាធិការ​រង​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ ​ទទួល​បន្ទុក​ការងារ​បច្ចេកទេស​ និង​ព័ត៌មាន បាន​​ឱ្យ​ដឹង​ថា​៖ «ការ​សម្រេច​ផ្អាក​នេះ​ នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ការ​បរិច្ឆេទ​ថ្មី​នៅ​ពេល​ណា ឬ​ក៏​ពន្យារ​ពេល​ដល់​ឆ្នាំ ២០២២ ឬ​យ៉ាង​ណា​ឡើយ។​ ជាមួយ​គ្នា​នេះ​សហព័ន្ធ​បាន​ជូន​ដំណឹង​ដល់​បណ្តា​ប្រទេស​ទាំង​អស់​ ក្នុង​អាស៊ាន​អំពី​ការ​ផ្អាក​ការ​ប្រកួត​នេះ​រួច​រាល់​ហើយ»៕