ក្រុង​បា​សេ​ឡូ​ណា​: ក្រុម Bayern Munich ផ្ដល់ឱ្យ​ក្រុម Barcelona នូវ​រូបភាព​ដ៏​ឃោរឃៅ​មួយ ដើម្បី​បង្ហាញឱ្យឃើញថា តើ​ក្រុម​គូប្រជែង​របស់​ពួកគេ​បាន​ធ្លាក់ចុះ​ដល់​កម្រិតណា ដោយ​ការយក​ឈ្នះ​ជាមួយនឹង​លទ្ធផល ៣-០ ពី​ការប្រកួត​ដំបូង ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ ដោយ​ក្នុងនោះ​កីឡាករ Robert Lewandowski ទម្លុះ​សំណាញ់​ទី ២ ​គ្រាប់​ម្នាក់ឯង​។​

​ជាមួយនឹង​ការលេង​ដោយ​មិនមាន​ស៊ុប​ភើ​ស្តារ Lionel Messi ជា​លើកដំបូង សម្រាប់​យុទ្ធនាការនៅ​អឺរ៉ុប ចាប់​​តាំងពី​ឆ្នាំ​ ២០០៣ មក ក្រុម Barca ត្រូវបាន​គ្រប​ដោយ​ក្រុម​ភ្ញៀវ Bayern ដែល​គួរតែមាន​គ្រាប់​បាល់​ច្រើនជាង​នេះ តែ​ចុងក្រោយ ធ្វើ​សម្រេច​បានត្រឹមតែ ៣ ​គ្រាប់ ដែល​មកពី​ការ​​ស៊ុត​គ្រាប់​បាល់​បើកឆាក​ដំបូង ដោយ​កីឡាករ Thomas Mueller និង ២ ​គ្រាប់​បន្ថែម​ពីលើ​ទៀត​របស់​ខ្សែប្រយុទ្ធ Lewandowski​។​

​នៅពេលដែល​កីឡាករ​អន្តរ​ជាតិ​ប៉ូឡូញ Lewandowski ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​នាំមុខ ២-០ នៅ​នាទី​ទី​៥៦ ភាព​អាចទៅរួច​នៃ​ការកើតមាន​នូវ​ភាព​អាម៉ាស់ ១​ ផ្សេងទៀត​ពី​រូបភាព​បរាជ័យ​ចាស់​ជាមួយ​លទ្ធផល ៨-២ កាលពី​ឆ្នាំមុន នៅ​ក្រុង​លី​ស​បោ​ន ក្រោម​ថ្វី​ជើង​របស់​គូបដិបក្ខ​ដដែល​នេះ មាន​អារម្មណ៍​ថា ហាក់​ជិត​ក្លាយ​ជាការ​ពិតមែន​ទែន​ហើយ​។​

​លើសពីនេះ ក្រុម Bayern ប្រហែល​បាន​បង្កើតឱ្យមាន​នូវ​សា​រ​មួយ​ដែល​ខ្លាំង​ជាង​មុន​នូវ​គម្លាត​នៃ​កម្រិត​ខុសគ្នា​រវាង​ក្រុម​ទាំង​ ២ ដោយ​ការបន្ថែម ១​ គ្រាប់​ទៀត​ នៅ​ដំណាក់កាល​ចុងក្រោយ ខណៈដែល​អ្នក​គាំទ្រ​របស់​ក្រុម​ម្ចាស់ផ្ទះ Barca បាន​សម្ដែង​ចេញ​នូវ​កំហឹង​ក្រេវក្រោធ ការ​ខកបំណង និង​ចុងក្រោយ អារម្មណ៍​ចង់ឱ្យមាន​ការចុះ​ចេញពី​តំណែង​។​

​ខ្សែការពារ Gerard Pique របស់ Barca និយាយថា​៖ «​អ្វីដែល​ប្រុង​កើត វា​នឹង​កើត​។ យើង​មិនអាច​កែប្រែបាន​នោះឡើយ​។ នោះ​ជាការ​ពិត​»​។​

​ក្រុម​អ្នកមាន​បុណ្យ មិនអាច​ស៊ុត​ឱ្យចំ​គោលដៅ​សូម្បី​ម្ដង និង​បញ្ជូន​បាល់​ឱ្យ​គ្នា​បាន​តិច​-​តួច ពោល​គឺជា​អ្វី ដែល​ស្ទើរតែ​មិន​ធ្លាប់​កើតមាន​ទាល់តែសោះ សម្រាប់​ការប្រកួត នៅ​កីឡដ្ឋាន Camp Nou នេះ ហើយ​ពេលនេះ ពួកគេ​បាន​របូត​គ្រាប់​បាល់​ដល់​ទៅ ១០ ​គ្រាប់​ហើយ ក្នុងចំណោម​ការ​​ប្រកួត​នៅ​អឺរ៉ុប ៣​ លើក​ចុង​​ក្រោយ ក្នុងផ្ទះ​ខ្លួនឯង​។​

​គ្រូបង្វឹក​របស់​ក្រុម Barca លោក Ronald Koeman បាន​ថ្លែងថា​៖ «​ដោយ​ជាក់​-​ស្ដែង ពួកយើង​ពិតជា​ចង់​ធ្វើការ​ប្រកួតប្រជែង​ឱ្យ​ល្អ​ជាង​នេះ​ណាស់ តែ​វា​ជា​អ្វីដែល​យើង​មាន​។ ខ្ញុំ​មិនអាច​បន្ទោស​ចំពោះ​ការប្រឹងប្រែង​របស់​កីឡាករ​គ្រប់រូប​នោះឡើយ​»​។​

​ការចាប់ផ្ដើម​ដ៏​ខ្លាំង​របស់លោក Nagelsmann ក្នុងតួនាទី​ថ្មី កំពុង​បន្តដំណើរ​ទៅមុខ​ជាមួយនឹង​ការ​មានជោគ​ជ័យ ៦ លើក​បន្តបន្ទាប់​គ្នា តែ​ក្រុម Bayern របស់លោក​នឹងត្រូវ​ប្រឈម​ជាមួយ​ការប្រកួត​​ប្រជែង​ដ៏​តានតឹង​ជាង​នេះ នៅ Champions League នេះ ប្រហែលជា​សូម្បីតែ ក្នុង​ហ្គេម​ប្រចាំ​ពូ​ល E ដែល​ពួកគេ​ត្រូវ​ប៉ះ​ក្រុម​មិនធម្មតា ២ ផ្សេង​ទៀត គឺ Benfica និង Dynamo Kiev​។

​ដូច្នេះ ឃើញថា ក្រុម​យក្ស​អាល្លឺម៉ង់ Bayern ឈរ​ទី១ បណ្ដោះអាសន្ន ក្នុង​ពូ​ល E ក្រោយ​ដណ្ដើមបាន ៣ ​ពិន្ទុ ពី​ហ្គេម​ដំបូង​នេះ ខណៈ​ក្រុម​លេខ ៣ Benfica និង​ក្រុម​​លេខ ៤ Dynamo មាន ១​ពិន្ទុ​ដូចគ្នា ក្រោយពី​មិនអាច​ស៊ុត​បញ្ចូល​ទី​គ្នា​បាន សម្រាប់​ការ​ប៉ះគ្នា ក្នុង​ក្រុង​កៀវ រីឯ Barca នៅ​បាត​ពូ​ល​៕ AFP/VN