ក្រុង​ប៊ែ​ន​: ១​ គ្រាប់​របស់​កីឡាករ​បម្រុង Jordan Siebatcheu ដែល​បានមកពី​ស៊ុត ១ ​ជើង​ចុងក្រោយ​នៃ​ហ្គេម ធ្វើឱ្យ​ក្រុម​ម្ចាស់ផ្ទះ Young Boys របស់​ស្វ៊ី​ស មានជ័យ​ជម្នះ​ដ៏​មានតម្លៃ ២-១ លើ​ក្រុម​ខ្លាំង Manchester United ដែល​សល់​គ្នា ១០​ នាក់ អំឡុង​ការប្រកួត នៅ​ក្របខ័ណ្ឌ Champions League វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល កាលពី​ថ្ងៃ​អង្គារ​។​

​ខ្សែប្រយុទ្ធ​អន្តរជាតិ​អាមេរិក Siebatcheu ឆក់​ឱកាស​ពី​ការបញ្ជូន​បាល់​ទៅក្រោយ​ដោយ​កីឡាករ Jesse Lingard របស់​ក្រុម​ភ្ញៀវ Man United ដោយ​ការរត់​ទៅ​ឆាប​បាល់ ហើយ​ស៊ុត​ផុតដៃ​អ្នកចាំទី David de Gea បញ្ចូល​ទី​យ៉ាង​ល្អ នៅ​នាទី​ទី​៩០+៥ ដែល​ធ្វើឱ្យ​អ្នកគាំទ្រ ក្នុង​កីឡដ្ឋាន Wankdorf រំជួលចិត្ត​យ៉ាងខ្លាំង​ជាមួយនឹង​គ្រាប់​បាល់​ជ័យជម្នះ​នេះ​។​

​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ជា​អ្នក​ស៊ុត​ឱ្យ​ក្រុម Man United នាំមុខ​មុន ដែលជា​គ្រាប់​ទី៣ របស់​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ ក្នុងចំណោម​ការ​ចូ​លលេ​ង ២​ ហ្គេម គិត​តាំងពី​វិល​មក​ប្រកប​អាជីព​នៅ​ទឹកដី Old Trafford ជាថ្មី​។​

​តែ​ការប្រកួត​បានចាប់ផ្ដើមប្រែប្រួល ពេល​មានការ​បណ្ដេញ​ខ្សែការពារ Aaron Wan-Bissaka នៅ​ចុង​វគ្គ​ទី១ ដោយសារ​រត់​ទៅ​ប៉ះទង្គិច ដែល​អាច​បង្ក​គ្រោះថ្នាក់ ចំពោះ​កីឡាករ Christopher Martins ខណៈ​ការ​មាន​សមាជិក​លើស​នេះ បានផ្ដល់​ក្ដីសង្ឃឹម​ឱ្យ​ក្រុម Young Boys​។​

​ក្រុម Young Boys តាម​ស្មើនៅ​នាទី​ទី​៦៦ ដោយ​ខ្សែបម្រើ Nicolas Ngamaleu ខណៈ Siebatcheu ស៊ុត​គ្រាប់​ជ័យ​-​ជម្នះ នៅ​វិនាទី​ចុងក្រោយ​។​

«​សម្រាប់​ក្លិប​កម្រិត​ដូច​ពួក​​យើង ដែល​អាចមាន​ព័ត៌មាន​នៅ​ទំព័រមុខ ក្នុង​រយៈពេល ១ ឬ ២ ថ្ងៃ នៅ​អឺរ៉ុប និង​ដែល​អាច​ឈ្នះ Man United ពោល​គឺជា​ក្លិប ១ ក្នុងចំណោម​ក្លិប​យក្ស នៅ​អឺរ៉ុប វា​ពិតជា​ពិសេស​មែន​​ទែន​»​។ នេះ​ជា​សម្ដី​របស់​គ្រូ​-​បង្វឹក​ក្រុម Young Boys លោក David Wagner​។​

​វា​ជាការ​ចាប់ផ្ដើម​ដ៏​អាក្រក់​សម្រាប់​ក្រុម Man United របស់លោក Ole Gunnar Solskjaer ពី​ការប្រកួត​ប្រចាំ​ពូ​ល F នេះ ហើយ​ជាពិសេស​នោះ នៅមាន​តេស្ត​ដ៏​តឹងតែង​ជាងនេះទៀត នៅខាងមុខ ដោយ​ត្រូវ​ប៉ះ​ក្រុម Atalanta របស់​អុ​ី​តា​លី និង​ក្រុម​លំដាប់​កំពូល​អេ​ស្ប៉ា​ញ Villarreal ដែល​ធ្លាប់ធ្វើ​ពួកគេ​ឈឺចាប់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ក្របខ័ណ្ឌ​ទី២ របស់​អឺរ៉ុប នា​រដូវ​កាល​មុន​។​

«​នោះ​គឺជា​ការប្រកួត​បាល់​​ទាត់ ក្នុង​កម្រិត​ខ្ពស់បំផុត ការ​ខ្វះ​នូវ​ការ​ផ្ចង់អារម្មណ៍ ការ​បង្កើត​នូវ​កំហុស នោះ​អ្នក​នឹងត្រូវ​គូប្រជែង​ដាក់ទោស​ភ្លាម​»​។ នេះ​ជា​លើកឡើង​របស់លោក Solskjaer ដែល​និយាយ​ពី​ការ​-​មាន​កំហុស រហូត​នាំឱ្យ Young Boys មានជ័យ​ជម្នះ​។​

​តែ Ronaldo យ៉ាងហោច​-​ណាស់ បាន​បន្ថែម​ស្ថិតិ​ផ្ទាល់​​ខ្លួន ដោយ​កា្ល​យ​ជា​អ្នកកាន់កាប់​កំណត់ត្រា​របស់​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេនៅ​អឺរ៉ុប​នេះ ជាមួយនឹង​គ្រាប់​បាល់​ចំនួន ១៣៥​គ្រាប់ ពោលគឺ​ច្រើនជាង​កីឡាករ Lionel Messi ១៥ ​គ្រាប់​៕ AFP/VN​