ក្រុងឡុងដ៍: អ្នកចាត់ការរបស់ក្រុម Chelsea លោក Thomas Tuchel ពោលថា ថ្វីជើងស៊ុតបញ្ចូលទីយ៉ាងមុតស្រួចរបស់កីឡាករ Romelu Lukaku គឺជាអ្វី ដែលក្រុមតោខៀវ ខ្វះចន្លោះ ទោះជាបានក្លាយជាជើងឯក នៅក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនក៏ដោយ។
Lukaku បានបង្ហាញឱ្យនូវទម្រង់ដ៏រស់រវើកមិនប្រែប្រួលមួយផ្សេងទៀតជាមួយនឹងការស៊ុត ១ គ្រាប់ ជួយឱ្យក្រុមឈ្នះក្រុម Zenit St Petersburg ១-០ ពីការប្រកួត ក្នុងវគ្គសន្សំពិន្ទុតាមពូល នៅទឹកដីខ្លួនឯង កាលពីថ្ងៃអង្គារ ហើយក៏ជាគ្រាប់បាល់ ដែលជួយឱ្យក្រុម Chelsea ចាប់ផ្ដើមយុទ្ធនាការការពារតំណែងជើងឯកនៅអឺរ៉ុបជាមួយជ័យជម្នះ។
ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក ឥឡូវនេះ រកបាន ៤ គ្រាប់ហើយ ពីការចូលលេងប៉ុន្មានហ្គេមដំបូង ចាប់តាំងពីវិលមកចូលរួមជាមួយក្រុមជាថ្មីម្ដងទៀត ក្នុងតម្លៃជាកំណត់ត្រារបស់ក្លិប ៩៧ លានផោន ($១៣៤ លាន) កាលពីខែមុន។
លោក Tuchel បានថ្លែងថា៖ «គេគឺជាប្រភេទកីឡាករ ដែលយើងត្រូវការ។ វាជារឿងលំបាកខ្លាំង និងសំខាន់ណាស់។ អ្នកមិនអាចរកឃើញខ្សែប្រយុទ្ធដែលមានគុណភាពបែបនោះបានច្រើនឡើយ។ កីឡាករ ដែលរកគ្រាប់បាល់ឱ្យក្រុមទៀងទាត់ គឺសំខាន់ណាស់ ព្រោះត្រឹមតែគ្រាប់បាល់ ១គ្រាប់ អាចផ្លាស់ប្ដូរសម្ទុះនៃហ្គេមបាន»។
លោក Tuchel បានជំរុញឱ្យកីឡាកររបស់ខ្លួន កុំបង្អង់ជើងឱ្យសោះ បន្ទាប់ពីបានធ្វើដំណើរលើវិថីដ៏គួរឱ្យភ្ញាក់ផ្អើល រហូតបានក្លាយជាជើងឯកអឺរ៉ុប កាលពីរដូវកាលមុន។
ជាមួយនឹងជ័យជម្នះលើក្រុមរបស់រុស្ស៊ី ក្នុងហ្គេមដំបូងនេះ ក្រុមយក្សអង់គ្លេស ឈរនៅលេខ ២ ក្នុងពូល H ដោយមាន ៣ពិន្ទុស្មើជាមួយក្រុមលេខ ១ Juventus របស់អ៊ីតាលី ដែលយកឈ្នះក្រុមម្ចាស់ផ្ទះ Malmoe FF របស់ប្រទេសស៊ុយអែត ៣-០៕ AFP/VN