ភ្នំពេញ​: សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជារកឃើញ​ច្រក ដើម្បី​បើក​ការប្រកួត​ទៅតាម​ផែនការ​របស់ខ្លួន​ហើយ ក្នុងការ​ពង្រឹងសមត្ថភាព​ក្រុម​អត្ត​ព​លិ​ក ពិសេស​ក្រុម​ជម្រើសជាតិ​កម្ពុជា សម្រាប់​ត្រៀម​ចេញទៅ​ប្រកួត​អន្តរជាតិ​នានា ជា​​ពិសេស​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ នៅ​កម្ពុជា ឱ្យ​ទទួលបាន​លទ្ធផល​ល្អ បន្ទាប់ពី​សហ​​ព័ន្ធ​នេះ ទទួលបាន​ការគាំទ្រ​ជា​លើកដំបូង គឺ​ដៃគូ​ស្ព​ន​ស័​រ លោក ខេ ស៊ី​បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ និង​មាន​លោក​ ស៊ន អេ​លី​ត អ្នកគ្រប់គ្រង​ក្លិប​នាយកដ្ឋានអង្គរក្ស​ជា​អ្នក​ផ្តល់​សង្វៀន​ប្រកួត​។​

​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​ស្នាក់ការ NOCC កាលពី​ព្រឹក​ថ្ងៃទី​ ១៥ ខែ កញ្ញា ឆ្នាំ​ ២០២១​ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខា​ធិ​ការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ប្រាប់ថា​យើង​ទទួលបាន​ការឧបត្ថម្ភគាំទ្រ​ថវិកា​មួយចំនួន​ពី​លោក ខេ ស៊ី​បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ និង​សហការ​ជាមួយ​ដៃគូ​មួយចំនួន​មាន​ក្លិប​ប្រដាល់​នាយកដ្ឋានអង្គរក្ស​រប​ស់លោក ​ស៊ន អេ​លី​ត ជួយផ្តល់​ទីតាំង​សង្វៀន​សម្រាប់​ប្រកួត ដោយ​ក្នុង​ការប្រកួត​នោះ​មិន​អនុញ្ញាត​ឱ្យមាន​អ្នកទស្សនា​ផ្ទាល់​ទេ ព្រោះ​គោរព​តាម​គោលការណ៍​ក្រសួងសុខាភិបាល​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បន្ថែមថា​៖ «​គម្រោង​ប្រកួត​ជាបឋម​យើង​ត្រៀម​ការប្រកួត​ប្រហែល​ ៦​ លើក ក្នុងនោះ​យើង​ប្រកួត​ចំនួន​ ២​ សប្តាហ៍​ម្តង ដោយ​ចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ​ទី ​១៩ ខែ កញ្ញា ឆ្នាំ​ ២០២១ នេះ​ទៅ វេលា​ម៉ោង ​៦ ​ដល់​ ម៉ោង ​៨​ យប់​។ ជាមួយគ្នានេះ សហព័ន្ធនឹង​ស្នើសុំ​ទៅ​សមាគម​ប្រដាល់សកល​អន្តរ​ជាតិ (AIBA) ដើម្បី​ជួយ​គាំទ្រ​ផងដែរ ចំណែក​តម្លៃ​ខ្លួន​របស់​កីឡាករ-កីឡាការិនី ដែល​ឡើង​ប្រកួត​សហព័ន្ធ​ខិតខំ​ប្រឹងប្រែង​ឱ្យមាន​ចំនួន​ប្រសើរ ដើម្បី​ជំរុញ​ឱ្យ​អត្ត​ព​លិ​ក​យើង​សប្បាយចិត្ត​និង​ប្រឹងប្រែង​ប្រកួត​»​។​

​ចំណែក​លោក ឆឹង យ៉ៅ​យ៉េន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជានិយាយថា​៖ «​ការ​​ស្វែងរក​ដៃគូ​សហការ​នេះ គឺ​សហព័ន្ធបាន​ព្យាយាម​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​យើង​លំបាក​ផ្នែក​ទីផ្សារ​គាំទ្រ​ឱ្យមាន​ការប្រកួត​ណាស់ ហើយ​ការចំណាយ​ក្នុង​មួយ​ប្រកួត​មាន​ចំនួន​ច្រើន​ផងដែរ​។ ជាមួយគ្នានេះ វិស័យ​ឯក​ជន ដែល​គាំទ្រ​ប្រដាល់សកល​នៅ​មិនទាន់មាន​ប្រិយភាព​ល្អ​ដូច​ប្រដាល់​គុន​ខ្មែរ​ទេ​។ តែ​យ៉ាងណាក្ដី ការប្រឹងប្រែង​នេះ ទទួលបាន​ការគាំទ្រ​ជាដំបូង​ពី​លោក ខេ ស៊ី​បា​ណេ​ត ក្នុង​កម្រិត​ចាប់ផ្តើម​នៅឡើយ ហើយ​សូម​អំពាវនាវ​រក​ការគាំទ្រ​បន្ថែមទៀត ព្រោះនេះ​គឺជា​ទិសដៅ​ពង្រឹងសមត្ថភាព​អត្ត​ព​លិ​ក ដើម្បី​ឈានទៅ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ពិសេស ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​យើង​»​។​

​លោក ខេ ស៊ី​បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ ដែលជា​អ្នក​ឧបត្ថម្ភ​មានប្រសាសន៍ថា​៖ «​ខ្ញុំ​មើលឃើញ​ពី​ប្រដាល់សកល​មាន​ប្រិយភាព ហើយ​ខ្វះ​ការគាំទ្រ​ និង​លើកទឹកចិត្ត​ពី​ខាង​ឯកជន ហេតុនេះ​ខ្ញុំ​ខិតខំ ដើម្បីឱ្យ​មានការ​ប្រកួត​។ នេះ​ជា​វិធីសាស្ត្រ​ល្អ ដែល​បាន​បើក​ការ​ប្រកួត​នៅ​ចុងឆ្នាំ​នេះ ហើយ​វា​នឹងមាន​ការរីកចម្រើន​ល្អ ក្នុងការ​រៀបចំ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា ចំណែក​អត្ត​ព​លិ​ក​ប្រដាល់សកល នឹង​ដណ្តើមបាន​មេដាយ​ច្រើន​តាម​ផែនការ​មិន​ខាន​»​។​

​តាម​កម្មវិធី​រៀបចំ​ប្រកួត​នៅ​សប្តាហ៍​នេះ គណៈកម្មការ​របស់​ស​ហ​ព័ន្ធ បាន​ត្រៀម​សមាស​​ភាព​ចំនួន​ ៦​ គូ ក្នុងនោះ​មាន​ប្រភេទ​ទម្ងន់​ចំនួន​ ៥ គឺ​ទម្ងន់ ៤៩​ គីឡូក្រាម ចំនួន ​២ ​គូ ទម្ងន់ ៥២​គីឡូក្រាម ចំនួន​ ១ ​គូ និង​គូ​ជម្រើសជាតិ មាន ៣ ​គូ ក្នុងនោះ​កីឡាករ អ៊ូច ធា​រិ​ទ្ធ ត្រូវ​ជួប ពេជ្រ សំរិទ្ធ ក្នុង​ទម្ងន់ ៥៦ ​គីឡូក្រាម ​ចំណែក​កីឡាករ ទូច ដេវីដ ប្រកួត​ជាមួយ​ស៊ឹម ពិសិដ្ឋ ក្នុង​ប្រភេទ​ទម្ងន់ ៦០ ​គីឡូក្រាម ហើយ​កីឡាករ សេក សារិទ្ធ ត្រូវ​ប៉ះ​ ម៉ាង ព្រហ្ម​ម៉ាញ ក្នុង​ប្រភេទ​ទម្ងន់ ៦៤ ​គីឡូគ្រាម​៕​