ក្រុង​លីវើរភូល​៖ ការ​ស៊ុត​សម្រេច ១ គ្រាប់​ដ៏​គួរ​ឱ្យ​ស្ងើច​​របស់​កីឡាករ​ប្រធាន​ក្រុម Jordan Henderson បាន​ជួយ​ដណ្ដើម​ជ័យ​ជម្នះ​ឱ្យក្រុម​ហង្ស​ក្រហម Liverpool ពី​ក្រុម AC Milan ដោយលទ្ធផល ៣-២ ក្នុង​ការ​ប្រកួត នៅ​ទឹក​ដី Anfield កាល​ពី​យប់​ថ្ងៃ​ពុធ ដែល​​លទ្ធផលនេះ ធ្វើ​ឱ្យ​ពួក​គេ​ចាប់​ផ្ដើម​យុទ្ធនាការ​នៅ​ក្រប​ខ័ណ្ឌ UEFA Champions League(UCL) ជាមួយ​នឹង​ជោគ​ជ័យ​។​

ក្រុម​ហង្សក្រហម ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្ទរខ្ទារ​ខ្លាំង កាល​ពី​​ពេល​ដែល​​ពួក​គេ​អាច​​តាម​ស្មើ​ក្រុម​យក្ស​អ៊ីតាលី​ Milan ពី​ការ​នាំ​មុខ ៣-០ មុន​នឹង​​យកឈ្នះ ក្នុងវគ្គ​ប៉េណាល់​ទី​កាត់​ក្ដី ដើម្បី​លើក​ពាន UCL ក្នុង​ឆ្នាំ ​២០០៥ នាក្រុង​អ៊ីស្ដង់​ប៊ូល (Istanbul) តែ​គួរ​តែ​មាន​ការ​ងារ​ស្រួល​ជាង​មុន​ឆ្ងាយ ក្នុង​ការ​ផ្ដួល​កូន​ក្រុម​របស់​លោក Stefano Pioli ដែល​ទើប​ត្រឡប់​មក​កាន់​វេទិកាប្រកួត​ប្រជែង​របស់​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុបវិញ​។

ក្រុម​ជើង​ឯក​អឺរ៉ុប​ ៧ សម័យ Milan បាន និង​កំពុង​ធ្វើ​ការ​ប្រកួត​នៅ UCL លើក​ទី១ របស់​ខ្លួន ក្នុង​រយៈ​ពេល ៧​ឆ្នាំ​ ហើយ​​​ត្រូវ​បាន​ផ្ដល់​នូវ​ការ​ដាស់​តឿន​​ដ៏​ឃោរឃៅ​មួយ​ ក្នុង​ការ​ឈាន​ជើង​ត្រឡប់​មក​កាន់ការ​ប្រកួត​កម្រិត​កំពូល​នេះ ដោយ​គ្រាប់​បាល់​នាំមុខ​របស់​ក្រុម​ម្ចាស់​ផ្ទះ ដែល​កើត​ឡើង ​ដោយ​ការភ្លាត់​ធ្វើ​ឱ្យ​បាល់​​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការ​ពារ Fikayo Tomori​។

តែ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា ២-៣ នាទី មុន​ចប់​វគ្គ​ទី ១ ពួក​គេ​បាន​គម្រាម​យក​ជ័យ​ជម្នះ​ពី​ក្រុម Liverpool ជាមួយ​នឹង​គ្រាប់​បាល់​ ២គ្រាប់​បន្ត​បន្ទាប់​គ្នា ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ ​​Ante Rebic និងខ្សែ​បម្រើ​ Brahim Diaz ដោយ​​គ្រាប់​បាល់​នេះ កើត​ឡើង​បន្ទាប់​ពីស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្ រ​របស់​ខ្សែ​ប្រយុទ្ធ Mohamed Salah ត្រូវ​បាន​រារាំង ​ដោយ​អ្នក​ចាំ​ទី Mike Maignan​។

យ៉ាង​ណា​ក្ដី ក្រុម​ Liverpool ​ ដែល​ត្រូ​បាន​ចាត់​ទុក​ថា ជាក្រុម ១ ដ៏​គួរ​ឱ្យ​ខ្លាច​រអា នៅ​អឺរ៉ុប​នេះ ក៏​មាន​គ្រាប់​បាល់​តាម​ស្មើ​វិញ នៅ​នាទីទី​៤៩ នៅ​ពេល​ដែល​កីឡាករ Salah មាន​ឱកាស​ស៊ុត​​សម្រេច ១ គ្រាប់ ដើម្បី​លុប​លាង​ការ​ទាត់​ប៉េណាល់​ទី​មិន​ចូល​ កាល​ពី​វគ្គ​ទី១ មុន​នឹងមាន​ការ​បញ្ចប់​ទី​យ៉ាង​អស្ចារ្យ​ពីកីឡាករ Henderson នៅ​នាទីទី៦៩ ដែល​ជាគ្រាប់​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ មាន ៣ពិន្ទុ​។​

អ្នក​ចាត់​ការ​របស់​ក្រុម Liverpool លោក Jurgen Klopp បាន​ថ្លែង​ថា​៖​ «​វា​ជា​ហ្គេម​ដ៏​ល្អ​អស្ចារ្យ​ណាស់​។ រំភើប​ណាស់ ល្អ​មើល​ណាស់​ ប្រមាណ​ជា ១០-១៥ នាទី​ ដែល​ពួកយើង​បាត់​បង់​ម្ចាស់​ការ​»​។​​

ជាមួយគ្នា​នេះ លទ្ធផល​ស្មើ​ ០-០ រវាង​គូក្រុម Atletico Madrid និង​ Porto មាន​ន័យ​ថា ក្រុម Liverpool បញ្ចប់​រាត្រី​មួយ ដោយ​ការ​ឈរ​លេខ ១ ក្នុង​ពូល B ហើយ​លោក Klopp បាន​លើក​​បង្ហាញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ភាព​សំខាន់ ​នៃ​ការ​ចាប់​ផ្ដើម ​ដោយ​ជ័យ​ជម្នះ ក្នុងដំណាក់​កាល​ដ៏​លំបាក​បែបនេះ​។​​​

«​ក្រុម Milan ត្រូវ​បាន​ចាប់​ឆ្នោត​ចូល​មក​ពូល​នេះ ក្នុង​នាម​ជាក្រុម​​ នៅ​ផត (Pot) ទី៤​ នោះ ​គឺ​ជា​គុណ​ភាព​ ក្នុង​ពូល​នេះ ហើយ​យើង​ត្រូវយក​ពិន្ទុ​រាល់​ការ​ប្រកួត​ឱ្យ​បាន ដើម្បី​ឆ្លង​ផុត​ពី​ពូល​នេះ​»​។ នេះ​ជា​ការ​បន្ថែម​របស់អ្នក​ចាត់​ការ​សញ្ជាត់​អាល្លឺម៉ង់ លោក Klopp​៕ AFP/VN