ភ្នំពេញ៖ ក្រោយ​ពី​សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្ម ​ធ្វើ​មហា​សន្និបាត​វិសាមញ្ញ ​ជ្រើស​រើស​លោក​ សំហេង ​បុរស ​ជា​ប្រធាន​សហព័ន្ធ​ រួច​មក កាល​​ថ្មីៗ​​នេះ ​គណៈ​កម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​នេះ បាន​ប្រជុំ​សម្រច ​ជ្រើស​រើស​អគ្គ​លេខាធិការ​ថ្មី ​ខណៈ​ដែល​អគ្គលេខាធិការចាស់ លោក ​ហ៊ុន ​បុរី សុំ​លាឈប់នោះ ​ហើយ​តំណែង​ដ៏សំខាន់​​នេះ ​ត្រូវ​បាន​ប្រ​គល់​ជូន​ស្ត្រី​ឆ្នើម​ម្នាក់ ​ដែល​ឆ្លង​កាត់​សិក្សា​ និង​អនុវត្ត​ជំនាញ​កីឡា​ជាន់​ខ្ពស់ ​គឺ​កញ្ញា ​កែវ ​មនោរម្យ​។​

តាម​ឯក​សារ ​ដែល​​ទទួលបាន​ពី​​ប្រធាន​សហព័ន្ធ ​លោក សំហេង​ បុរស ក្នុង​​កិច្ច​ប្រជុំ​​គណៈ​កម្មាធិការ​ប្រតិបត្តិ​ តាំង​ពី​ថ្ងៃ ​១៨ ​ខែ​ កក្កដា ​ឆ្នាំ​ ២០២១​ ​បាន​ឱ្យ​ដឹង​ថា សហព័ន្ធនេះ បាន​​សម្រេច​ប្រគល់​ភារកិច្ច​ជូន​កញ្ញា​ កែវ ​មនោរម្យ​ ឱ្យ​ធ្វើ​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរកីឡា​​អត្តពលកម្ម ​តាំង​ពី​ថ្ងៃ​ទី ​៥ ​ខែ ​សីហា​ ឆ្នាំ​ ២០២១​។

ជាមួយការ​ជ្រើស​រើស និង​ផ្តល់​ទំនុក​ចិត្ត​ឱ្យ​​កញ្ញា កែវ មនោរម្យ ឡើង​ធ្វើ​ជា​អគ្គលេខាធិការថ្មីនេះ លោក​ សំហេង ​បុរស បាន​​ថ្លែង​​ថា​៖ «​សមត្ថភាព​កម្រិត​បច្ចេកទេស​ និង​ជំនាញ​កីឡា​ ព្រម​ទាំង​ការ​សិក្សា​ចំណេះ​ដឹង​ទូទៅ ​ជាភាសា​ផង​ របស់​កញ្ញា​ កែវ ​មនោរម្យ ​នេះ គឺ​​ជា​​ស្ត្រី​​សឹង​តែ​គ្មាន​គូ​ប្រៀប»​។​

តាម​រយៈ​ការ​សម្ភាស​ជា​មួយ​ ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ពេលថ្មីៗ​នេះ ​ កញ្ញា​ កែវ ​មនោរម្យ ​បាន​ប្រាប់​ថា​ កញ្ញា​ ជា​គ្រូ​កម្រិត​ឧត្តម​ មាន​ឋានៈ​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​រៀប​ចំ ​និង​គ្រប់​គ្រង​ព្រឹត្តិការណ៍​​កីឡា ​នៃ​ក្រ​សួង​អប់​រំ ​យុវជន ​និង​កីឡា​ ដោយ​មាន​ស្រុក​កំណើត​ នៅ​ភូមិ​ស្ថានីយ៍​ឃុំស្វាយ​អាត់ ​ស្រុក​សំពៅ​មាស ​ខេត្ត​ពោធិ៍សាត់​។

ដោយមានអាយុ ​៣៩ ​ឆ្នាំ កញ្ញា​ កែវ ​មនោរម្យ ​ក្រៅ​ពី​ជំនាញ​កីឡា​ ​ក៏ជា​និស្សិត​បាន​​សញ្ញាបត្រ​ជាន់​ខ្ពស់​បន្ថែម​ទៀត​ផងដែរ ​គឺ​ឯក​ទេស​រដ្ឋបាល​សាធារណៈ​ និង​ឯក​ទេស​វិទ្យាសាស្ត្រ​អប់​រំ​ភាសា​អង់​គ្លេស​។​ ​មនោរម្យ ​បាន​ឆ្លង​កាត់​ការ​សិក្សា​ផ្នែក​កីឡា​ឯក​ទេស​គ្រូ​អប់​រំកាយ​ និង​កីឡា ពី​​ឆ្នាំ ​២០០០ ​ដល់ឆ្នាំ ​​២០០២​ ហើយ​​ទទួល​បាន​បរិញ្ញា​បត្រ​ឯក​ទេស​ ផ្នែក​អប់​រំកាយ ​នៅ​ប្រទេស​គុយបា​ ពី​ឆ្នាំ​ ២០០២​ ដល់​ ឆ្នាំ​ ២០០៨​។ ជាមួយគ្នានេះ កញ្ញា បាន​​សិក្សា​ឯក​ទេស​កម្រិត​​ឧត្តម​ភាសា​អង់​គ្លេស​ ពី​ឆ្នាំ ​២០០៨​ ដល់​ឆ្នាំ ​២០១០​។ ​ក្រៅ​ពី​នេះ ​នាង​បាន​ឆ្លង​វគ្គ​សិក្សា​ផ្នែក​​កីឡា​​ខ្លីៗ ​ច្រើន​រាប់​មិន​អស់​។​

ចំពោះ​ប្រ​វត្តិ​ការងារវិញ ​កញ្ញា ​កែវ ​មនោរម្យ​ ​បាន​និយាយ​​ថា​៖ «ខ្ញុំ​​បាន​ចូល​បម្រើ​ការងារ​ជា​គ្រូ​បង្រៀន ​នៃ​ក្រសួង​អប់​រំ ​យុវជន ​និង​កីឡា​ ពី​ឆ្នាំ ​២០១០ ​ដល់​ឆ្នាំ ២០១៧​។​ បន្ទាប់​មក​ចូល​បម្រើ​​ជា​មន្ត្រី​ការិយាល័យ ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ ពី​ឆ្នាំ​ ២០១៧​ និង​​បាន​ឡើង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន ​នៅ​អគ្គ​នាយក​ដ្ឋាន​កីឡា ​ពី ​ឆ្នាំ ​២០១៧ ​ដល់ ​ឆ្នាំ​ ២០២០​ ហើយ​​តាំង​ពី​ឆ្នាំ​ ២០២០ ​ដល់​បច្ចុប្បន្ន ខ្ញុំ​​ជា​អនុ​ប្រធាន ​នាយក​ដ្ឋាន​រៀប​ចំ ​និង​គ្រប់​គ្រង​ព្រឹត្តិការណ៍​កីឡា ​នៃ​ក្រ​សួង​អប់​រំ ​យុវជន ​និង​កីឡា​»។​

ទាក់​ទង​ទៅ​នឹង​កីឡា​អត្តពលកម្ម​ កញ្ញា​ កែវ​ មនោរម្យ ​បាន​ប្រាប់​បន្ថែម​​ថា ​មាន​ច្រើន​វិញ្ញាសា​ណាស់​ គឺ​ជាង ​៤០ ​ឯណោះ​ ប៉ុន្តែ​សម្រាប់​សហព័ន្ធ​ខ្មែរកីឡា​អត្តពលកម្ម​យើង​សព្វ​ថ្ងៃ​នេះ​ កំពុងសំឡឹង​​បាន​តែ​ ១៥ ​វិញ្ញា​សា ​ដោយ​កំពុងសម្រិត​សម្រាំង​បំប៉ន​ឱ្យ​​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន ​ក្នុង​ពេល​ឆាប់ៗ​នេះ​៕