​ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង​និយម​វាយ​សម្រុក ប៊ុន សុធា បាន​ជួប​នូវ​សំណាង​មួយ គឺ​រូបគេត្រូវបាន​កំណត់ឱ្យ​ឡើងទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ការប្រកួត​ដណ្តើមខ្សែក្រវាត់នៅលើ​សង្វៀន PNN ដោយ​ស្វ័យប្រវត្តិ ខណៈ​គូប្រកួត​របស់គេ គឺ ឡុង រ៉ា​មី របស់​ក្លិប​ប្រដាល់​ខ្លារខិន​មាន​រិ​ទ្ធ មាន​បញ្ហា​សុខភាព​មិនល្អ មិនអាច​ឡើង​ប្រកួតទៅតាម​កាលកំណត់ នា​ថ្ងៃអាទិត្យ​នេះ បាន​នោះ​។​

​ទោះជា​យ៉ាងនេះ​ក្តី ប៊ុន សុធា ត្រូវបាន​ដាក់ឱ្យ​ប្រកួត​ជាមួយ​អតីត​មិត្ត​រួម​ក្លិប​កីឡាករ គង់ ហូ​វ មកពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប ជា​លក្ខណៈ​មិត្ត​ភាពជំនួស​វិញ ក្នុងនាម​ជា​គូ​ឯកប្រចាំ​សប្តាហ៍ ដែល​ត្រូវ​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​ផងដែរ ហើយ​តាម​ប្រវត្តិ ប៊ុន សុធា និង គង់ ហូ​វ ធ្លាប់ជា​សិស្ស​រួម​គ្រូ ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​ក្លិប​បែក​គ្នា​យូរហើយ ខណៈ​កន្លងមក ពួកគេក៏​ធ្លាប់​ប្រកួត​គ្នា​ចំនួន​ ៣​ លើក ក្នុងនោះ ប៊ុន សុធា ឈ្នះ ​២​ លើក និង គង់ ហូ​វ ឈ្នះ ​១ ​លើក​។​

​ក្នុងជំនួប​ជា​គូ​មិត្តភាព រវាង​អតីត​សិស្ស​រួម​គ្រូ លើក​នេះ អ្នក​តាមដាន​កម្មវិធី​ប្រដាល់កំពុង​រង់ចាំ​មើលថា ពួកគេ​វាយ​គ្នា​អស់ពី​សមត្ថភាព ឬក៏​ឡើង​គ្រាន់តែ​បង្គ្រប់កិច្ច ព្រោះ​តាម​ប្រភព​ច្បាស់ការ​ពី​គណៈកម្មការ​ផ្គូផ្គង​បានឱ្យ​តម្លៃ​ខ្លួន អ្នក​ប្រដាល់​ឆ្នើម ប៊ុន សុធា និង គង់ ហូ​វ ក្នុង​ម្នាក់ៗ​ទទួលបាន ​៤០០​ ដុល្លារ​ឯណោះ ​ក្នុងឋានៈ​ជា​គូ​ឯក​ប្រចាំ​សប្តាហ៍​។​

​ជុំវិញ​ភាព​មន្ទិល​នេះ គង់ ហូ​វ បាន​ប្រាប់ថា​៖ «​ខ្ញុំ​ធានា​វ៉ៃ​អស់ពី​សមត្ថភាព មិន​យោគយល់​រឿង​បញ្ហា​ស្គាល់គ្នា​នោះទេ ព្រោះ​បើ​ធ្វើ​អ្វី​មិន​ប្រក្រតី គេ​ដេញ​ចុះ មិនឱ្យ​តម្លៃ​ខ្លួន​នោះឡើយ​។ ខ្ញុំ​មិន​ហ៊ាន​អះអាង​ពី​ការ​ឈ្នះ​ទេ ព្រោះ សុធា ខ្លាំង​ផ្នែក​ជង្គង់ និង​កម្លាំង​ល្អ​ជាង ដោយ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម ​៥០​ ភាគរយ​ប៉ុណ្ណោះ តែ​រឿង​ប្រកួត គឺ​ខ្ញុំ​មិនឱ្យ​អ្នក​ទស្សនា​ខកចិត្ត​នោះឡើយ​»​។​

​ចំណែក ប៊ុន សុធា បាន​និយាយថា​៖«​ទោះបី​ខ្ញុំ​បានឈ្នះ​កក់​កៅអី​រួចហើយ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​វ៉ៃ​ឱ្យ​អស់ពី​សមត្ថភាព ដោយ​គ្មាន​យោគយល់​ជា​មិត្ត​ធ្លាប់​នៅ​ក្លិប​ជាមួយគ្នា​នោះឡើយ​។ ការ​ប្រកួត​នេះ បើសិនជា ឡុង រ៉ា​មី មិន​បោះបង់​ទេ គឺ​ខ្ញុំ​មានឱកាស​ស៊ី​ផុយ ប៉ុន្តែ​ការ​មក​ប៉ះ​ជាមួយ គង់ ហូ​វ នេះ​គឺ​លំបាក​ជាង តឹង​តែង​ជាង ព្រោះ គង់ ហូ​វ បច្ចេក​ទេស​វាយ​ជង្គង់​ក៏​ល្អ​ដែរ តែ​ទោះជា​យ៉ាងណា ខ្ញុំ​ត្រៀម​បានល្អ សង្ឃឹម​ឈ្នះ​ ៧០ ​ភាគរយ​»​។​

​លោក តាំង លី​ហួរ មន្ត្រី​សម្របសម្រួល​ផ្នែក​កីឡា នៅ​សង្វៀន PNN បាន​ប្រាប់ថា បេក្ខភាព​កីឡាករ ប៊ុន សុធា ត្រូវបាន​គេ​មើលឃើញថា មាន​សក្តា​នុព​ល​ល្អ​ជាងគេ និង​សំណាង​ផងដែរ​ខណៈដែល​ការប្រកួត​ជម្រុះ​យក​ ៤​ នាក់​ចុង​ក្រោយនេះ ប៊ុន សុធា ទទួលបាន​ឱកាសល្អ​ជាងគេ គឺ​បើកឆាក​បាន​កក់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មុនគេ​ស្រេច​ទៅហើយ ទោះ​បី​ជា​ប្រកួត​បង្គ្រប់កិច្ច​មិត្តភាព​នេះ ចាញ់ ឬ​ឈ្នះ កីឡាករ គង់ ហូ​វ ក៏ដោយ​៕