ភ្នំពេញៈ អ្នក​ប្រដាល់​ចិត្តធំ​ជំនាញ​ឱប​ឡើង​ជង្គង់ មិន សិលា ដែល​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​ ២​ គុន​ខ្មែរ វគ្គ​ ២ និង​ធ្លាប់​សាង​ភាព​ល្បី​ល្បាញ ក្នុងអំឡុង​ឆ្នាំ​ ២០១៤ និង​ឆ្នាំ​ ២០១៥ នោះ បាន​វិល​មកកាន់​សង្វៀន​ប្រដាល់​វិញ​ហើយ ដោយនៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ជើង​ថ្មី​លំដាប់​ជម្រើសជាតិ សោម ពិសិដ្ឋ ក្នុង​ប្រភេទ​ទម្ងន់ ៦៥​ គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។​

​សម្រាប់​ការបាត់​មុខ​ពីលើ​សង្វៀន​ប្រដាល់​ជាង​៥​ឆ្នាំ​មកនេះ មិន សិលា បាន​បង្ហើប​ឱ្យដឹងថា រូបគេ​ទៅ​ប្រកបមុខរបរ​ជាជាង​ចម្លាក់​វាយ​ថ្ម នៅ​ភូមិ​សំណាក ស្រុក​ភ្នំ​សន្ទុក ខេត្តកំពង់ធំ ហើយ​ការវិល​មកកាន់​សង្វៀន​ប្រដាល់​វិញ​នេះ ដោយសារតែ​ជីវភាព​ក្នុង​អាជីព​វាយ​ថ្ម​ឆ្លាក់​ព្រះ មិនសូវមាន​ដំណើរកា​រ​ល្អ ខ្វះខាត​ស្បៀងអាហារ ស្របពេល​សុខភាព​ផ្ទាល់ខ្លួន ក៏​នៅ​ល្អ មាន​មិត្តភក្តិ​បបួល​ចូល​ហាត់​ផង ទើប​ងាក​មក​ឡើង​ប្រដាល់​ឡើងវិញ​។​

​បើ​រំឭក​ពី​ប្រវត្តិ​ប្រកួត​របស់ មិន សិលា គេ​នៅ​ចាំបាន​ថា កីឡាករ​រូបនេះ បានចាប់ផ្តើម​អាជីព​របស់ខ្លួន ជាមួយ​ការ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ ២ ក្នុងការ​ប្រកួត​គុន​ខ្មែរ វគ្គ ២ នៅ​សង្វៀន CNC ក្រោយ​ចាញ់​កីឡាករ ម៉ន គឹម​ឡុង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ការ​សាង​ភាព​​ល្បីល្បាញ​ខ្លាំង​បន្ថែមទៀត​របស់ មិន សិលា គឺ​ពេល​រូបគេ បានឈ្នះ​អតីត​ជើង​ល្បី ពេជ្រ សុផាន់ ដែល​បច្ចុប្បន្ន បាន​ធ្វើជា​គ្រូបង្វឹក និង​ឈ្នះ​កីឡាករ ឯម ខ្លឹម​ខ្មៅ​។​

​មិន សិលា បាន​និយាយ​​ថា​៖ «​បច្ចុប្បន្ន ខ្ញុំ​មាន​ប្រពន្ធ និង​កូន​ចំនួន ៣ នាក់ ក្នុងបន្ទុក ហើយ​ក្នុងសម័យ​កូ​វីដ ១៩ នេះ មុខរបរ​វាយ​ថ្ម​ឆ្លាក់​ធ្វើ​ព្រះ មិនសូវ​បាន​ផល​ទេ​គឺ​ពីមុន ​១ ​ថ្ងៃ​ បាន ​៤​ ម៉ឺន​រៀល តែ​ឥឡូវ​អត់​បានទេ ហេតុនេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ងាកមក​ប្រដាល់​យក​កម្រៃ​បន្ថែម​វិញ​»​។​

«​ជាមួយគ្នានេះ ខ្ញុំ​មាន​ពួក​ម៉ាក​ហៅ​ទៅ​ហ្វឹកហាត់​ប្រដាល់​វិញ គឺ​កីឡាករ គង់ ហូ​វ ហើយ​ប្រធានភូមិ គាត់ក៏បានផ្តល់​បាវ​សាក់ និង​សម្ភារ​ខ្លះ ទើប​ខ្ញុំ​ហាត់​ដោយ​ខ្លួនឯង និង​ជាមួយ គង់ ហូ​វ បានល្អ​ខ្លះ ដើម្បី​សុំ​ឈ្មោះ​មក​ប្រកួត​នៅ​សង្វៀន​ភ្នំពេញ ដោយ​ខ្ញុំ​ដាក់ឈ្មោះ​ចូល​ក្លិប​គុហា​របស់​លោកគ្រូ ជា រិ​ទ្ធ​»​។​

​លោក ធន់ សុភា ជំនួយការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​បាយ័ន បាន​និយាយថា​៖ «​កីឡាករ មិន​សិលា បាន​ឡើងមក​ប្រកួត​នៅ​សង្វៀន​បាយ័ន​ថ្មីៗ​នេះ ចំនួន ២ លើក​មកហើយ គឺ​ឈ្នះ​កីឡាករ តក់ សោ​ភ័​ណ្ឌ និង​ឈ្នះ លឿង រ៉ា ហើយ​សប្តាហ៍​នេះ គេ​ត្រូវ​ប៉ះ​កីឡាករ​ជំនាន់​ក្រោយ សោម ពិសិដ្ឋ ពិតជា​ការប្រកួត​ស្រួចស្រាល់​ណាស់​»​។​

គ្រូបង្វឹក លោក ធន់ សុភា បាន​បន្ថែមថា​៖ «​បើ​និយាយ​ពី មិន សិលា ជំនាញ​ជង្គង់​ល្អ និង​មាន​បទពិសោធ​ខ្ពស់ ព្រោះ​ធ្លាប់​ប្រកួត​ជាមួយ​កីឡាករ​អន្តរជាតិ នៅក្នុង​ប្រទេស​ថៃ​ ផងដែរ​។​ ចំណែក សោម ពិសិដ្ឋ មានប្រៀប​ផ្នែក​កម្លាំង ប៉ុន្តែ​បច្ចេកទេស​នៅ​ខ្ចី​ជាង​»៕