ក្រុង​ប៊ឺមិងហេម​៖ ក្រុម Aston Villa (Villa) បាន​បញ្ចប់​ការ​ចាប់​ផ្ដើម​របស់​ក្រុម Everton ដែល​មិន​ចាញ់​សោះ ៤​លើក​ដំបូង នៅ​ក្រប​ខ័ណ្ឌ Premier League រដូវកាល​ថ្មី​ ជាមួយ​នឹង​គ្រាប់​បាល់ ៣គ្រាប់​ផ្ទួន​ៗ ​រយៈពេលប្រមាណ​ជា ៩នាទី ក្នុង​វគ្គ​ទី ២ នៃការ​​ប្រកួត នៅ​ឯ​កីឡដ្ឋាន Villa Park កាល​ពី​ថ្ងៃ​សៅរ៍​។

ហ្គេម​សប្ដាហ៍​ទី ៥ រវាង​ក្រុម​ទាំង ២ នេះ បន្ត​គ្មាន​គ្រាប់​បាល់​រហូត​ដល់​នាទី​ទី​៦៦ ទើប​ខ្សែ​បម្រើស្លាប Matty Cash មាន​ឱកាស​ស៊ុត​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ Villa ​នាំ​មុខ មុន​នឹងមាន​ការ​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការ​ពារ Lucas Digne នៅ ៣នាទី​បន្ទាប់ ដែល​នាំ​ឱ្យ​ក្រុម​ភ្ញៀវ​ Everton តាម​ពី​ក្រោយ ២-០។​

ខណៈពេល​ដែល​ក្រុម Everton បាន​ធ្វើការ​​វាយ​សម្រុក​ ដើម្បី​រក​គ្រាប់​បាល់​វិញ ហើយ​ភ្លាត់ នោះ កីឡាករ​បម្រុង Leon Bailey ពេល​ទទួល​បាល់​បាន​ពី ​Danny Ings ក៏​​​បណ្ដើរ​​ជាមួយ​នឹង​ល្បឿនយ៉ាង​ពេញ​កម្លាំង រហូត​ចូល​ដល់​ប្រអប់​គ្រោះ​ថ្នាក់ រួច​​​ស៊ុត​​បន្ថែម​ការ​នាំ​មុខ ៣-០​ នៅ​នាទីទី៧៥​។

ក្រុម Everton មាន​ ១០ ​ពិន្ទុ ពី​ការ​ប្រកួត ៥ដង​របស់​ខ្លួន នៅ​លេខ ៥ ក្នុងតារាង​ពិន្ទុ ហើយ​ក្រុម Villa ឡើង​ទៅ​ទៅ​ឈរពាក់​កណ្ដាល​តារាង ដោយ​មាន ៧​ ពិន្ទុ ក្រោយមាន​ជ័យ​ជម្នះ​នេះ​។​​

ក្រុម​ភ្ញៀវ Everton ត្រូវ​ធ្វើ​ការ​ប្រកួត​ដោយ​អវត្តមាន​កីឡាករ​ឆ្នើម​ៗប៉ុន្មាន​រូប ដូច​ជា​ខ្សែ​ប្រយុទ្ធ​ទាំង ២ Dominic Calvert-Lewin និង Richarlison និង​អ្នក​ចាំ​ទី Jordan Pickford ព្រម​ទាំង​ខ្សែ​ការពារ​ស្លាប​ស្ដាំ Seamus Coleman​។

គ្រូបង្វឹក​របស់​ក្រុម Villa លោក​ Dean Smith បាន​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា យើង​ជា​ក្រុម​លេង​បាន​​ល្អ​ជាង នៅ​វគ្គ​ទី ១​ តែ​យើង​មិន​អាច​បង្កើត​ឱកាស​ឱ្យ​បាន​ច្បាស់​លាស់ តាម​ដែល​យើង​ចង់​។ ខ្ញុំ​គិត​ថា ៥​នាទី​ នៅ​មុន​ការ​មាន​គ្រាប់​បាល់ ពួក​គេ​ឡើង​ដល់​កម្រិត​កំពូល​»​។

ជាមួយ​គ្នានេះ លោក Smith ក៏​បាន​ពោល​សរសើរ​ចំពោះ​កីឡាករ Bailey ជា​ពិសេស​ផង​ដែរ ដោយ​លោក បាន​ប្រាប់​ថា​៖ «​Bailey ទាត់​បាល់​ជ្រុង នាំ​ឱ្យ​មាន​គ្រាប់​បាល់​ទី ២ ហើយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទី ៣។ គ្រាប់​បាល់​ដំបូង​ គឺ​ជា​ការ​លេង​ពី​ក្រោម​ឡើង​ទៅ​លើ​ យ៉ាង​អស្ចារ្យ ហើយ Cash ស៊ុត​ចូល​ជ្រុង ៩០​ដឺក្រេ​ល្អណាស់​»​។

«តែ​ខ្ញុំ​យល់​ថា Bailey នឹង​ជួយ​ធ្វើឱ្យ​ពួក​យើង ​ប្រសើរឡើង​បន្តិច​។ គេ​ពិត​ជា​ពិសេស​ណាស់​។ គេ​ពិត​ជា​កីឡាករ​ល្អ​។ នោះ​ហើយ​ជា​មូល​ហេតុ ដែល​យើង​នាំ​គេ ​មក​រួម​ក្រុម​»​។ នេះ​ជា​ការ​​បន្ថែម​​របស់​លោក​ Smith​៕ AFP/VN