ក្រុង​ប៉ារីស​៖ ក្រុម Lens បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​ចាស់ Lille ១-០ ពីការ​​ប្រកួត​ ក្នុង​ក្រប​ខ័ណ្ឌ Ligue 1 កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​​ជំនួប រវាង​ក្រុម នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង​ទាំង​ ២ នេះ ត្រូវ​បាន​បិទ​បាំង​ ដោយ​ការ​រត់​ចូល​ទីលាន​របស់​អ្នក​គាំ​ទ្រ រហូត​មាន​ការ​ផ្អាក​ដល់​ទៅ ៣០ ​នាទី មុន​ចាប់​ផ្ដើម​វគ្គ​ទី ២។​​

អ្នក​គាំទ្រ​រាប់​សិប​នាក់​របស់​ក្រុម​ម្ចាស់​ផ្ទះ Lens បាន​នាំ​គ្នា​សម្រុក​ចូល​ទីលាន​នៃ​កីឡដ្ឋាន Bollaert-Delelis នៅ​វគ្គ​ទី ១ ដើម្បី​ប្រឈម​មុខ​គ្នា ​ជាមួយ​នឹង​អ្នក​គាំទ្រ​ក្រុម​ភ្ញៀវ Lille ដែល​នៅ​ជ្រុងម្ខាងទៀត ​នៃ​ទីលាន បន្ទាប់​ពី​​ភាព​​តាន​តឹង ចាប់​ផ្ដើម​ឆេះ​ឡើង ​​​ជាមួយ​នឹង​អ្នក​ទស្សនា​ផ្សេង​ទៀត​។

ក្រុម​ប៉ូលិស​បង្ក្រាប​កុប​កម្ម បាន​ចូល​មក​អន្តរាគមន៍ ​ដើម្បី​បំបែក​ក្រុម​អ្នក​គាំទ្រ ដែល​មាន​ជម្លោះ​គ្នា ខណៈ​ដែលអ្នក​គាំទ្រ​​ទាំង​សង​ខាង បាន​ចោល​កៅអី ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ឆ្លង​តាម​ជញ្ជាំង​ខណ្ឌ​ផ្ដាច់​កន្លែង​អង្គុយ​របស់​កីឡដ្ឋាន​។

នាយក​គ្រប់​គ្រង​ក្លិប Lens លោក Arnaud Pouille បាន​ឱ្យ​ដឹង​ថា​៖ «យើង​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ ក្នុង​ការ​រក​ឱ្យ​ឃើញរូបភាព​​ច្បាស់​លាស់​។ វា​បាន​ធ្វើ​ឱ្យ​មាន​ការ​ស្មុគស្មាញ​ខ្លះ​ៗ​ប្រាកដ​ឡើង​។ ពិត​មែន​ហើយ សកម្ម​ភាព​នៃ​អំពើហិង្សាណា​មួយ ត្រូវ​បានថ្កោល​ទោស​ដោយ​ក្រុម Lens​។ ជា​រឿង​គួរ​ឱ្យ​សោក​ស្ដាយ ដែល​មុខមាត់​របស់​តំបន់​ ត្រូវ​បាន​ប៉ះ​ពាល់​ដោយ​អ្វី ដែល​បាន​កើត​ឡើង​»​។​​​​

បើ​យោង​តាម​អាជ្ញាធរ នៅ​ក្រុង​ឡង់ស៍ បាន​ឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នេះ មនុស្ស ៦ នាក់ បាន​រង​របួស​ស្រាល ហើយ​ប៉ូលិស បាន​​ឃាត់​ខ្លួន​មនុស្ស​ ២ នាក់​។

យ៉ាង​ណា​ក្ដី ជាមួយនឹង​គ្រាប់​បាល់​របស់​ខ្សែបម្រើ​អន្តរជាតិ​ប៉ូឡូញ Przemyslaw Frankowski នៅ​នាទីទី​ ៧៤ បាន​ជួយ​ឱ្យ​ក្រុម Lens បញ្ចប់​ការ​មិន​ឈ្នះ​សោះ​ចំនួន ១២ ​ហ្គេម ក្នុង​ការ​ប៉ះ​គ្នា​ជាមួយ​ក្រុម Lille ដែល​រដូវកាល​មុន យក​ឈ្នះ​ពួក​គេ​ទាំង​ក្នុង​ និង​ក្រៅ​ទឹក​ដី ជាមួយ​នឹង​លទ្ធផល ៤-០ និង ៣-០​។

លើស​ពី​នេះ​ទៀត ជ័យ​ជម្នះ​នេះ នាំ​ឱ្យ​ក្រុម Lens ឡើង​ទៅឈរ​នៅ​លំដាប់​ទី ២ ក្នុងតារាង​ពិន្ទុ នៃ​ក្រប​ខ័ណ្ឌ Ligue 1 ដោយ​ ៦ ហ្គេម​កន្លង​ទៅ ឈ្នះ ៣ និង​ស្មើ ៣ ខណៈ​ដែល​ក្រុម​ការ​ពារ​ជើង​ឯក​ Lille ស្ថិត​នៅ​លំដាប់​ទី ៣ ដោយ​ឈ្នះ​តែម្ដង​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ ៦លើក ក្នុង​នោះ​ចាញ់​ដល់​ទៅ ៣លើក​៕ AFP/VN