ភ្នំពេញៈ អតីត​គ្រូបង្វឹក​ក្រុម​វិសាខា លោក ហុក សុ​ជីវ័ន បាន​សរសើរ ទៅដល់​ក្រុម​បឹងកេត ដែល​អាច​កែប្រែ​ទម្រង់​លេង​ដ៏​អាក្រក់ក្នុងពេល ​១ ​សប្តាហ៍ ដើម្បី​អាច​យកឈ្នះ​ក្រុម​វិសាខា វិញ ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត ចំណែក ភ្នំពេញ​ក្រោ​ន ក៏​ជួប​ការបរាជ័យ​ជា​លើកដំបូង ក្នុង​ថ្ងៃ​ជាមួយគ្នានេះ​ដូចគ្នា ប៉ុន្តែ​ក្រុម​ណាហ្គា​វើ​លដ៍ បាន​បន្ត​ឈ្នះ​៣​ពិន្ទុ ដើម្បី​ធ្វើឱ្យ​ក្រុម​កំពូល​តារាង​ទាំង ​៤ នៅពេលនេះ មាន​ ២៨​ ពិន្ទុ​ស្មើគ្នា​។​

​តាមរយៈ​ការធ្វើដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់ផ្ទះ​វិសាខា កាលពី​ថ្ងៃ​សៅរ៍ កន្លងមកនេះ មាន​អ្នក​​ទស្សនា​មិន​ច្រើន​ទេ ដែល​គិតថា បឹងកេត អាច​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ ខណៈ​ពួកគេ ទើបបាន​ចាញ់ វិសាខា ៥-១ កាលពី​ជើង​ទី​១ ស្របពេល​កីឡាករ​សំខាន់ៗ​មួយចំនួន មាន​របួស មិនអាច​លេង​បាន ចំពេល កីឡាករ​ចំណូល​ថ្មី​របស់ វិសាខា គឺ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Cristian Alex និង​កីឡាករ​កូរ៉េខាងត្បូង Lee Jae Gun ត្រូវ​បង្ហាញខ្លួន​ទៀត​នោះ​។​

​ប៉ុន្តែ​តាមរយៈ​ការប្រកួត​ជាក់​ស្តែង ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម ចាន់ វឌ្ឍនាកា បាន​ស៊ុត​ ២ ​គ្រាប់​ជាប់ៗ​គ្នា នៅ​នាទី​ទី​២៥ និង​ទី​៣០ ដើម្បី​ជួយ​ឱ្យ បឹងកេត នាំមុខ​ក្រុម​ម្ចាស់ផ្ទះ វិសាខា ២-០ នៅ​មុនពេល​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Cristian Alex រកបាន ​១​ គ្រាប់​វិញឱ្យ វិសាខា នៅ​នាទី​ទី​៥៨​។ ការ​យកឈ្នះ ២-១ របស់ បឹងកេត លើក​នេះ ពិតជា​ធ្វើឱ្យ​គ្រប់គ្នា មានការ​ភ្ញាក់ផ្អើល​ខ្លាំង គឺ​សូម្បីតែ​អតីត​គ្រូបង្វឹក​ក្រុម​វិសាខា លោក ហុក សុ​ជីវ័ន ក៏បាន​សរសើរ​ដល់​ក្រុម​បឹងកេត ផងដែរ​។​

​លោក ហុក សុ​ជីវ័ន បាន​សរសេរ​បង្ហោះ នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បន្ទាប់ពី បឹងកេត បាន​យកឈ្នះ​ក្រុម វិសាខា ២-១ ថា​៖ «(​ខ្ញុំ​) សុំ​សរសើរ រយៈពេល​១​ឣា​ទិ​ត្យ គាត់​ឣា​ច​កែប្រែ​ទម្រង់​ដ៏​ឣា​ក្រ​ក់មួយ ឱ្យ​ប្រែក្លាយជា​ល្អ វិញ​បាន ដោយ​យល់ច្បាស់​ពី​គូប្រកួត បូករួម​ឆន្ទៈ​ដ៏​ខ្លាំងក្លា​ចង់​ឈ្នះ​របស់​ក្រុមកីឡា​ករទាំង​ឣ​ស់​។ ឣ​រ​គុណ​ដល់​បងស្រី ពុធ ធីតា (​ប្រធាន​ក្លិប​បឹងកេត​) ដែល​តែងតែ​ជឿជាក់ និង​ផ្តល់​ទំនុកចិត្ត​ដល់​គ្រូខ្មែរ​! សុំ​សរសើរ និង​ចូលរួម​ឣ​ប​ឣ​រ បង គីម ភក្តី (​គ្រូ​បង្គោល​) គូ​នេះ ពិតជា​ជក់ចិត្ត​ខ្លាំង​»​។​

​តាមរយៈ​ការសង​សឹក វិសាខា បានសម្រេច ដើម្បី​ទទួលបាន​ ៣ ​ពិន្ទុ​នេះ វា​បាន​បន្ថែម​នូវ​ឱកាស​មួយ សម្រាប់បឹងកេត ក្នុងការ​ឈានទៅរក​ការការពារ​តំណែង​ជើងឯក​របស់​ពួកគេ បើទោះបីជា​ពេលនេះ ពួកគេបន្ត​ឈរ​នៅ​លេខ ​៥ មាន​ ២៧​ ពិន្ទុ ក៏ដោយ ព្រោះ​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ ព្រះខ័ន​រាជ​ស្វាយរៀង ១-០ លើ​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​រកបាន​ ១​ គ្រាប់​ របស់​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Emmanuel នៅ​នាទី​ទី​៨៥ កាលពី​ថ្ងៃ​សៅរ៍​នោះដែរ រួមទាំង​ជ័យជម្នះ​របស់​ក្រុម​ណាហ្គា​វើ​លដ៍ ៤-២ លើ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ វា​កំពុង​ធ្វើឱ្យ ក្រុម​វិសាខា ភ្នំពេញ​ក្រោ​ន ស្វាយរៀង និង​ណាហ្គា​វើ​ល​ដ៏ មាន ​២៨​ ពិន្ទុ​ស្មើគ្នា គឺ​លើស បឹងកេត ត្រឹម​ ១​ ពិន្ទុ​ទេ​។​

​ជុំវិញ​ការ​ចាញ់​ជា​លើកដំបូង​នេះ លោក Oleg គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​និយាយថា​៖ «​យើង​មិន​រៀបចំ ដើម្បី​ចាញ់​នោះទេ​! ក្នុងនាម​ជា​ក្លិប និង​ជា​ក្រុម​ទាំងមូល យើង​ធ្វើ​អ្វី​គ្រប់យ៉ាង គឺ​ដើម្បី​ជ័យជម្នះ​។ យើង​ចាញ់​ការប្រកួត​នេះ​ដោយសារតែ​លទ្ធ​ផល ប៉ុន្តែ​ការលេង គឺ​មិន​ចាញ់​នោះទេ យើង​មានឱកាស​ជាច្រើន​ក្នុងការ​ប្រកួត​នីមួយៗ​។

អ្វីដែល​ត្រូវការ​បន្តទៀត​នោះ គឺ​យើង​ត្រូវ​​តែ​ធ្វើការ​ឱ្យមាន​គុណភាព គ្រប់​សកម្មភាព​របស់​យើង​ទាំងអស់ មិន​ថា ទាំង​ការគ្រប់គ្រង​បាល់ និង​ការការពារ​។ យើង​ត្រូវតែ​ក្រោកឈរឡើង​បន្ទាប់ពី​ការ​ចាញ់​នេះ ហើយ​បន្ត​ប្រយុទ្ធ​ទៀត ដើម្បី​ពានរង្វាន់ យើង​ទទួលយក​នៅ​សម្ពាធ ហើយ​យក​វា​មក​ធ្វើជា​កម្លាំងចិត្ត ដើម្បី​ការ​ឈ្នះ​នៅពេល​អនាគត​»​។​

​ចំណែក​លោក​ឧកញ៉ា ឬ​ទ្ធី សំណាង ជា​ប្រធាន​ក្លិប បាន​ផ្ញើ​សារ​លើកទឹកចិត្ត ដល់​ក្រុម​ភ្នំពេញ​ក្រោ​ន របស់លោកបែបនេះ​ថា​៖ «​ប្រសិនបើ​អ្នក​ព្យាយាម​ហើយ​នៅតែ​បរាជ័យ សូម​អបអរសាទរ ដោយសារតែ​មនុស្ស​ភាគ​ច្រើន សូម្បីតែ​សាកល្បង ក៏​មិនបាន​សាកល្បង​ផង​»៕