ភ្នំពេញៈ គណៈកម្មាធិការ​អូឡាំពិក​​អន្តរជាតិ (IOC) ដែលជា​ស្ថាប័ន​កីឡា មាន​សមាជិក​ចំនួន​ ១០៥ ​ប្រទេស​នោះ បានទទួល​​ស្គាល់​កីឡាករ​អត្ត​ព​លិ​ក​កម្ពុជា ប៉ែន សុ​គង់ ជា​កីឡាករ​អូឡាំពិក​ជា​ផ្លូវការ បើទោះបីជា សុ​គង់ ធ្វើ​មិន​បានល្អលើ​ការប្រកួត​រត់​ល្បឿន​ ១០០​ ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ឆ្នាំ​ ២០២០ នៅ​ប្រទេស​ជប៉ុន កាលពីពេល​ថ្មីៗ​នេះ​ក៏ដោយ​។​

​ជាមួយគ្នានេះ មន្ត្រី​បច្ចេកទេស​នៃ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម បាន​សម្តែង​ភាព​រំភើប​សប្បាយរីករាយ និង​លើកទឹកចិត្ត​ចំពោះ​អត្ត​ព​លិ​ក​កម្ពុជា ប៉ែន សុ​គង់ ដែល​ទទួល​បាន​លិខិត​ពី​ព្រឹត្តិការណ៍​អន្តរជាតិ ៤​ ឆ្នាំមាន​ម្តងនេះ​។ ចំណែក​កីឡាករ ប៉ែន សុ​គង់ បានបង្ហាញ​ការ​ត្រេកអរ និង​ប្តេជ្ញាចិត្ត​ខ្ពស់​ថា នឹង​បន្ត​ការប្រឹងប្រែង ដើម្បី​ខ្លួនឯង និង​ប្រទេសជាតិ​។​

​កញ្ញា កែវ មនោ​រម្យ ជា​អគ្គលេខាធិការ​ថ្មី របស់​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​និយាយថា​៖ «​បើ​និយាយ​ពី​ការប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ​នេះ ជា​ព្រឹត្តិការណ៍​ពិភពលោក​មាន​លក្ខណៈ​ធំ និង​មាន​លក្ខខណ្ឌ​តឹងតែង​ច្បាស់លាស់​ណាស់ ពោលគឺ​មិនអាច​មាន​អត្ត​ព​លិ​កណា​បាន​ចូល​ងាយៗ​នោះទេ គឺជា​ការសម្រិតសម្រាំង​ខ្ពស់បំផុត មាន​តាំងពី​ថ្នាក់​ជម្រើស​របស់​សហព័ន្ធ​ជាតិ ជម្រើស​សហព័ន្ធ​ទ្វីប និង​ពិភពលោក ដោយមាន​ប្រវត្តិ​ឆ្លងកាត់​ការចូលរួម​ប្រកួត​ច្រើន​ព្រឹត្តិ​ការណ៍ ដែល​កំណត់ត្រា​កម្រិត​ប​ច្ចេកទេស​របស់​សហព័ន្ធ​អត្តពលកម្ម​អន្តរជាតិ​ច្បាស់​​លាស់​»​។

មនោ​រម្យ បាន​បន្ថែមថា​៖ «​ទោះបី​លទ្ធផល​ប្រកួត នៅ​កម្រិត​អូឡាំពិក ប៉ែន សុ​គង់ បាន​លទ្ធផល​មិនទាន់​ល្អ ប៉ុន្តែ​កម្រិត​ឆ្លងកាត់ និង​បទពិសោធ​របស់គាត់ បានធ្វើឱ្យ​គណៈកម្មការ​រៀបចំ ទទួលស្គាល់ ដែល​នេះ ជា​មោទនភាព​មួយ​ធំធេង​ណាស់​ទៅហើយ​»​។​

​ចំណែក​កីឡាករ ប៉ែន សុ​គង់ ដែល​កំពុង​បន្ត​ការហ្វឹកហាត់ នៅ​ជប៉ុន​នោះ បាន​ប្រាប់​តាម​អន​ឡាញ​ថា​៖ «​ក្រោយពេល​ទទួលបាន​វិញ្ញាបនបត្រ ពី​គណៈកម្មាធិការ​អូឡាំពិក​​អន្តរជាតិ ខ្ញុំបាទ​មាន​អារម្មណ៍​ត្រេកអរ​រំភើប​រីករាយ​យ៉ាងខ្លាំង​។ ខ្ញុំ​មិន​នឹកស្មាន​ដល់​ថា ខ្លួន​ខ្ញុំ​ផ្ទាល់​អាចមាន​ថ្ងៃនេះ​ទេ គឺ​សប្បាយចិត្ត​ណាស់ ព្រោះ​ខ្ញុំ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​នេះ ទើបតែ​ជា​លើក​ទី​១ និង​សង្ឃឹមថា អាច​នឹង​បាន​ចូលរួម​អូឡាំពិក​អន្តរជាតិ ឆ្នាំ​ ២០២៤ នៅ​ប្រទេស​បារាំង​ទៀត​មិន​ខាន​»​។​

«​ខ្ញុំ សូម​គោរព​ថ្លែងអំណរគុណ​លោក​គ្រូបង្វឹក មិត្ត​រួម​ក្រុម និង​លោក អ៊ុក សិទ្ធិ​ជាតិ អតីត​ប្រធាន​សហព័ន្ធ លោក សំហេង បុរស បច្ចុប្បន្ន​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​អត្ត​ពល​កម្ម​ស្ម័គ្រចិត្ត ព្រមទាំង​គណៈកម្មការ​ជាតិ​អូឡាំពិកកម្ពុជា ជាពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌល កីឡា​កង​យោធពលខេមរភូមិន្ទ ដែល​បានជ្រើសរើស ហើយ​ផ្ដល់នូវ​ឱកាស​មួយ​នេះ​សម្រាប់​ខ្ញុំ​»​។​

​គួរ​បញ្ជាក់ថា ប៉ែន សុ​គង់ ធ្វើ​មិន​បានល្អ​នោះទេ នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក ទី​ក្រុង​តូ​ក្យូ កាលពីពេល​ថ្មីៗ​នេះ ដោយ​រូបគេ​ធ្វើ​ក្នុង​ថិរវេលា ១១.០២ ​វិនាទី ក្នុង​ការរត់​ចម្ងាយ ​១០០​ ម៉ែត្រ គឺមាន​ការធ្លាក់ចុះ ជាង ឯកទគ្គកម្ម​ចាស់​រប​ស់​ខ្លួន ដែល​ធ្លាប់​ធ្វើបាន​ត្រឹម ១០.៨៧ ​វិនាទី​។ ទោះយ៉ាងណា សុ​គង់ បាន​បន្ត​ការហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន ចំនួន ​៨ ​ខែ ដើម្បី​ពង្រឹង​បន្ថែម​នូវ​កម្លាំង និង​បច្ចេកទេស ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម ដែល​បាន​លើក​ទៅធ្វើ​នៅ​ឆ្នាំ​ ២០២២ និង​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ នៅ​កម្ពុជា​។​

​ប៉ែន សុ​គង់ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ទើបតែ​ធ្វើការ​ហ្វឹកហាត់​បាន​រយៈ​ពេល​ជិត​ ៥០​ ថ្ងៃ​តែប៉ុណ្ណោះ ហើយ​យើង​កំពុង​ស្ថិតនៅ​ដំណាក់​កាល​ដំបូង ដែល​ត្រូវ​បន្សាំ​ខ្លួន ជាមួយ​ការ​ហ្វឹកហាត់ អាកាសធាតុ និង​ម្ហូបអាហារ​ស្រុក​គេ ប៉ុន្តែ​ខំប្រឹង ដើម្បី​ខ្លួនឯង និង​ប្រទេសជាតិ​យើង សម្រាប់​ការប្រកួត​អន្តរជាតិ​នានា នៅ​លើក​ក្រោយៗ​ទៀត​»៕