ភ្នំពេញៈ សហព័ន្ធ​បណ្ឌិត​សភា​តេ​ក្វាន់​ដូ​កម្ពុជា បាន​សហ​ការ​ជាមួយ​ខេ​មរ​សហព័ន្ធ តេ​ក្វាន់​ដូ (WT) ដើម្បី​រៀបចំ​បាន​វគ្គបណ្តុះបណ្តាល​គ្រូបង្វឹកតាម​អន​ឡាញ​ឆ្នាំ ​២០២១ ដែលមាន​ឈ្មោះ​ «Online Instructor Program 2021» ហើយ​វគ្គ​បណ្តុះបណ្តាល ដែល​បាន​ចាប់​​ផ្ដើម​តាំងពី​ថ្ងៃទី ​១៧ ខែកញ្ញា និងគ្រោង​បញ្ចប់ នៅ​ថ្ងៃទី​ ២៤ ខែតុលា មួយ​នេះ មាន​សិក្ខាកាម​ជា​គ្រូបង្វឹក​ចំនួន ១៨​ នាក់ មកពី​ខេត្ត​-​រាជធានី​ភ្នំពេញ សរុប​ចំនួន ៦ ដែល​តំណាង​ទូទាំងប្រទេស​កម្ពុជា បាន​ចូលរួម​។​

​លោក ឆ​យ យ៉ុង​សុក សញ្ជាតិ​កូរ៉េខាងត្បូង ដែល​បានមក​ធ្វើ​គ្រូបង្វឹក​ជម្រើសជាតិ​តេ​ក្វាន់​ដូ​កម្ពុជាជិត ​២០ ​ឆ្នាំ និង​ជា​គ្រូ​​ឧទ្ទេស​ក្នុង​វគ្គ​នេះ បាន​ប្រាប់ថា​៖ «​តាមពិត​វគ្គ​នេះ បានចាប់ផ្តើម​តាំង​ខែមិថុនា នឹង​គ្រោង​ធ្វើ​រហូតដល់​ថ្ងៃទី​ ២៤ ខែតុលា ដែលមាន​រយៈពេល ១៩​ សប្តាហ៍ ប៉ុន្តែ​យើង​សិក្សា​តែ​រាល់ថ្ងៃ​សៅរ៍​ទេ ហើយ​វា​ជា​ផ្នែក​មួយ ដើម្បី​អភិ​ឌ្ឍ និង​ជំរុញ​សកម្មភាព​កីឡា​តេ​ក្វាន់​ដូ នៅតាម​បណ្តា​ខេត្ត និង​ក្លិប​មួយចំនួន ឱ្យមាន​សកម្ម​ភាពរស់រវើក​បន្ត គឺ​យ៉ាងហោចណាស់​ក៏​យើង​រក្សាបាន​នូវ​កម្រិត​បច្ចេកទេស កម្លាំងកាយ និង​កម្លាំង​បច្ចេក​ទេស មិនឱ្យ​ធ្លាក់ចុះ​ដែរ ទោះ​បី​ស្ថិតនៅក្រោម​ការវាយលុក​មេរោគ​កូ​វីដ​ ១៩»​។​

​គ្រូ​ជំនាញ​ជនជាតិ​កូរ៉េខាងត្បូង​រូបនេះ បានឱ្យដឹង​ទៀតថា វគ្គ​បណ្តុះបណ្តាល​នេះ មាន​ការជួយ​គាំទ្រ​ភាគី​កូរ៉េ ដើម្បី​អភិវឌ្ឍ​កីឡា​តេ​ក្វាន់​ដូ WT ដែលជា​ប្រភេទ​កីឡា​អូឡាំពិក​មួយ​ដ៏​ល្បីល្បាញ មកពី​ប្រទេស​កូរ៉េខាងត្បូង ហើយ​បានធ្វើឱ្យ​កម្ពុជា ដណ្តើមបាន​ភាពជោគជ័យ ក្នុង​ទ្វីបអាស៊ី និង​លើ​ពិភពលោក​ដែរ​។​

​លោក យ៉ុង​សុក បាន​ប្រាប់​បន្ថែមថា​៖ «​ទោះបី​បច្ចុប្បន្ន យើងទាំងអស់គ្នា ជាពិសេស​សកម្មភាព​កីឡា​ស្ថិត ក្រោម​ស្ថាន​ភាពលំបាក ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​ ១៩ ក៏ដោយ ក៏​យើង​ត្រូវតែ​ជំរុញឱ្យមាន​សកម្ម​ភាព នៅតាម​រាជធានី​-​ខេត្ត ដែលមាន​ក្លិប​កីឡា​តេ​ក្វាន់​ដូ និង​ផ្តល់​ចំណេះដឹង​បច្ចេកទេស​កីឡា​នេះ ជូន​គ្រូបង្វឹក​តាមរយៈ​ការសិក្សា តាម​អន​ឡាញ​នេះដែរ ដើម្បី​ឱ្យបាន​ផុលផុស គឺ​នេះ​ជាម​ធ្យោ​​បាយ​ល្អ​មួយ ដែល​ជួយ​ឱ្យ​យើងទទួលបាន​ផល​ល្អផងដែរ​»​។​

​លោក ជាតិ ខេមរា អគ្គ​ហេ​រញ្ញឹក ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​ប្រាប់​ដែរ​ថា លោកគ្រូ ឆ​យ យ៉ុង​សុក បានបង្ហាញ​សកម្មភាព​បង្វឹក ក៏ដូចជា​ទ្រឹស្តី​ពី​វិទ្យាស្ថាន​កីឡា តាមរយៈ​ប្រព័ន្ធអន​ឡាញ (Zoom) ដើម្បី​ពង្រឹងសមត្ថភាព​ដល់​សិក្ខាកាម ហើយ​នេះ​ជា​គំនិត​ឆ្នៃប្រឌិត​ថ្មី ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​ ១៩ វាយលុក​៕