ក្រុងឡុងដ៍: ខ្សែប្រយុទ្ធ Sadio Mane បានស៊ុតបញ្ចូលទីគ្រាប់បាល់អាជីពទី១០០ ឱ្យក្រុម Liverpool ក្នុងជ័យជម្នះ ៣-០ លើក្រុម Crystal Palace អំឡុងការប្រកួត កាលពីថ្ងៃសៅរ៍ ដែលជាលទ្ធផលជួយរុញឱ្យក្រុមហង្សក្រហម ឡើងទៅឈរទីកំពូលនៃតារាងពិន្ទុរបស់ក្របខ័ណ្ឌ Premier League អង់គ្លេសជាបណ្តោះអាសន្ន។
កីឡាករអន្តរជាតិសេណេហ្គាល់ Mane នៅតែបន្តជំនាញបញ្ចប់ទីរបស់ខ្លួនជាមួយក្រុម Crystal ទៀត ដោយការអាចទម្លុះសំណាញ់ទីបាន ៩ លើកជាប់ៗគ្នា ពេលចូលលេងការប្រកួត ក្នុងលីគ ទល់នឹងក្រុមឥន្ទ្រី។
ការតែតយ៉ាងពេញកម្លាំងរបស់ខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានរារាំងដោយអ្នកចាំទី Vicente Guaita របស់ក្រុម Crystal តែកីឡាករ Mane រត់ទៅថែមបានសម្រេច ដែលជាគ្រាប់បាល់បើកឆាករបស់ក្រុមម្ចាស់ផ្ទះ ក៏ដូចជាគ្រាប់ទី១០០ របស់គេ សម្រាប់ក្រុម Liverpool គិតក្នុងការប្រកួត នៅគ្រប់កម្មវិធីទាំងអស់។
កីឡាករអន្តរជាតិអេហ្ស៊ីប Salah បន្ថែមការនាំមុខឱ្យក្រុមហង្សក្រហម នៅនាទីទី៧៨ មុនពេលកីឡាករបម្រុង Naby Keita ជួយធានាជ័យជម្នះ ១០០ ភាគរយ ជាមួយការស៊ុតបាល់ក្នុងលម្ហយ៉ាងស្អាត នៅនាទីទី៨៩។ លទ្ធផលនេះ ធ្វើឱ្យក្រុម Liverpool របស់លោក Jurgen Klopp ដែលពេលនេះ ឈរនៅលេខ ១ ជាមួយនឹង ១៣ ពិន្ទុ មាននូវការចាប់ផ្ដើមរដូវកាលថ្មី គួរឱ្យកត់សម្គាល់ ដោយពួកគេអាចបំប៉ោងសំណាញ់ទីក្រុមគូប្រជែងបាន ១២ គ្រាប់ ក្នុងជំនួប ៥ លើកដំបូងនេះ ហើយរបូតវិញតែ ១ គ្រាប់ប៉ុណ្ណោះ។
គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp បានថ្លែងថា៖ «ខ្ញុំបានប្រាប់ក្មេងៗ (កូនក្រុម) ថា នេះគឺជាជ័យជម្នះ ១ ក្នុងចំណោមជ័យជម្នះ ៣-០ ដ៏ពិបាកបំផុត ដែលខ្ញុំធ្លាប់បានឃើញ។
យើងលះបង់គ្រប់យ៉ាង។ គ្រាប់បាល់ទី១០០ របស់ Mane សម្រាប់ក្រុម Liverpool គឺជាការសម្រេចបានយ៉ាងពិសេសអស្ចារ្យណាស់។ នេះជាហ្គេមដ៏ល្អមួយ សម្រាប់ Mane។ គេពិតជាបានប្រឹងប្រែងយ៉ាងខ្លាំងជាថ្មីម្ដងទៀត»។
ក្រុមកាំភ្លើងធំ Arsenal អាចឡើងផុតពីតំបន់គ្រោះថ្នាក់រាងឆ្ងាយបន្តិចហើយ ក្រោយដណ្ដើមបានជ័យជម្នះ ២សប្ដាហ៍ជាប់ៗគ្នា ក្នុងលទ្ធផល ១-០ ដោយឈ្នះក្រុម Norwich City កាលពីហ្គេមទី៤ នៅទឹកដីខ្លួនឯង និងក្រុមម្ចាស់ផ្ទះ Burnley ក្នុងហ្គេមទី៥ នេះ ខណៈដែលក្រុម Wolverhampton ភា្លត់ចាញ់ក្រុមឡើងមកថ្មី Brentford ២-០ ក្នុងផ្ទះខ្លួនឯង ទាំងដែលក្រុមភ្ញៀវ នៅសល់គ្នាតែ ១០ នាក់។
ចំណែកក្រុមជើងឯកចាស់ Manchester City បានធ្វើឱ្យរបូតអស់ ២ ពិន្ទុ ក្រោយមិនអាចធ្វើអ្វីក្រុម Southampton បាន ដោយបញ្ចប់ ក្នុងលទ្ធផលត្រឹម ០-០ ប៉ុណ្ណោះ ពីការប្រកួតក្នុងកីឡដ្ឋាន Etihad របស់ខ្លួន ជាកន្លែង ដែលពួកគេ តែងបំបាក់ក្រុមភ្ញៀវ ៥-០ ប៉ុន្មានហ្គេមបន្តបន្ទាប់គ្នា នៅមុននេះ៕ AFP/VN